ជាតិ
សង្គមជាតិ
អភិបាលខេត្តព្រះសីហនុ បញ្ឈប់ការងារបុរសម្នាក់ ដែលបំផ្លាញពងទារបស់ពលរដ្ឋ
22, Mar 2021 , 12:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ បុរសម្នាក់ជាភ្នាក់ងារភាស៊ី និងសន្តិសុខនៃមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ ត្រូវបានប្រធានផ្សារដកដំណែង ក្រោយពីបានទារភាស៊ីលើសសៀវភៅបន្ទុក និងបានបំផ្លាញពងទារបស់អាជីវករម្នាក់ ដែលបណ្តាលឲ្យបែកធ្លាក់ទៅលើដី កាលពីថ្ងៃទី២០ ខែមីនា។
 
លោក ឃាង ភារម្យ អ្នកនាំពាក្យអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា អភិបាលខេត្តបានរកឃើញកំហុស២យ៉ាងរបស់បុរសជាភ្នាក់ងារភាស៊ី និងសន្តិសុខនោះ ដោយកំហុសទី១ បុរសនោះបានអនុវត្តការទារភាស៊ីលើសសៀវភៅបន្ទុក និងកំហុសទី២ បង្កការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អាជីវករ ដែលលក់ដូរពងទានៅមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ។
 
បើតាមលោក ឃាង ភារម្យ ក្រោយពីមានហេតុការណ៍កើតឡើង បុរសជនបង្កនោះបានទទួលកំហុសភ្លាមៗ និងបានផ្តល់សំណងទៅជនរងគ្រោះ ដើម្បីបញ្ចប់កើតហេតុនេះ។ ទោះបីកំហុសទី២របស់បុរសនោះ មិនត្រូវបានដេញដោលទៀត ប៉ុន្តែកំហុសទី១របស់គាត់នឹងមិនត្រូវបានលើកលែងឡើយ។ 
 
អ្នកនាំពាក្យអភិបាលខេត្តព្រះសីហនុ បានរៀបរាប់ដូច្នេះថា៖«តាមការសម្របសម្រួលរបស់គាត់ ដោយគាត់បានចេញថ្លៃខូចខាតទៅដល់អាជីវករអ្នកលក់ពងទាហ្នឹង។ ប៉ុន្តែដើម្បីព្រមានទៅដល់សន្តិសុខរូបនោះដែលប្រព្រឹត្តនូវអំពើអសីលធម៌ដែលយើងមិនអាចទទួលយកបាន និងអ្នកផ្សេងទៀតដែលមានបំណងប្រព្រឹត្តហ្នឹងឲ្យមានការរាងចាល ហើយយើងមិនអាចទុកបុគ្គលនោះមកធ្វើការផ្នែកភ្នាក់ងារភាស៊ីតទៀតបានទេ»។
 
បើតាមលោក ភារម្យ បុរសសន្តិសុខនោះ ត្រូវបានបញ្ឈប់ពីការងារហើយ។«បើយើងនិយាយទៅ វាចូលទោសព្រហ្មទណ្ឌ។ ប៉ុន្តែដោយយើងឃើញថាបុគ្គលនោះព្រមទទួលកំហុសភ្លាមៗនិងធ្វើកិច្ចចរចាភ្លាមៗ។ ទើបយើងអត់ស្នើសុំទៅស្ថាប័នមានសមត្ថកិច្ចដើម្បីចាត់ការតាមផ្លូវច្បាប់ យើងពិន័យតែរដ្ឋបាល គ្រាន់តែឲ្យលាលែង និងបញ្ឈប់ការងារ»។ នេះជាការលើកឡើងរបស់លោក ឃាង ភារម្យ។ 
 
ដើម្បីសម្រួលបន្ទុករបស់អាជីវករ នាថ្ងៃទី២២ ខែមីនា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានចេញលិខិតជម្រាបជូនអភិបាលនៃគណៈអភិបាលក្រុង ស្រុក ណែនាំទៅប្រធានផ្សារ អ្នកគ្រប់គ្រងផ្សារនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបញ្ឈប់ការយកភាស៊ីនិងសេវាផ្សេងៗលើអាជីវកររ ដែលលក់ដូរកំប៉ិកកំប៉ុកតាមកញ្ចែ្រង កញ្ជើ ល្អី តទៅទៀត។ ចំពោះអាជីវករដែលមានតូប រាន ស្តង់ និងកន្លែងលក់ដូរផ្សេងៗ ត្រូវកំណត់ថ្លៃភាស៊ីតាមការកំណត់ក្នុងសៀវភៅបន្ទុក៕ 
 
 

Tag:
 អាជីវកម្ម
 ពងទា
© រក្សាសិទ្ធិដោយ thmeythmey.com