រថយន្ត
អន្តរជាតិ
បុរសប៉ូឡូញម្នាក់ធ្លាក់ក្នុងការប្រឡងយកបណ្ណបើកបរដល់ទៅ១៩២ដង
22, Mar 2021 , 8:29 pm        
រូបភាព
ដោយ: ធីតា
ក្នុងរយៈពេល១៧ឆ្នាំ បុរសប៉ូឡូញម្នាក់ដែលបច្ចុប្បន្នអាយុ៥០ឆ្នាំ បានបរាជ័យក្នុងការប្រឡងយកបណ្ណបើកបរ ដោយធ្លាក់ផ្នែកទ្រឹស្តីរហូតដល់ទៅ១៩២លើក។ លោកបានចំណាយប្រាក់សរុបដល់ទៅជាង១៣០០អឺរ៉ូ ដែលជាចំនួនច្រើនជាកំណត់ត្រានៅក្នុងប្រទេស។
 
រស់នៅក្រុង Piotrków Trybunalski ប្រទេសប៉ូឡូញ បុរសវ័យ៥០ឆ្នាំ ឈានដល់ការបរាជ័យលើកទី១៩២លើការប្រឡងយកបណ្ណបើកបរ ដោយមិនធ្លាប់ឆ្លងផុតវគ្គទ្រឹស្តី ដើម្បីឈានទៅដល់ការប្រឡងដៃចង្កូតនោះឡើយ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុក Notes from Poland ដោយមិនបង្ហាញពីអត្តសញ្ញាណបេក្ខជន។
 
នៅប៉ូឡូញ ការប្រឡងយកបណ្ណបើកបរមានលក្ខខណ្ឌតឹងរ៉ឹងបំផុត ដោយសារប្រទេសស្អាតស្អំមួយនេះ មានវិធានការច្បាស់លាស់ក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។ បេក្ខជនត្រូវប្រឡងផ្នែកទ្រឹស្តីជាមុនសិន មុននឹងឈានដល់ដៃចង្កូត ប៉ុន្តែបុរសវ័យ៥០ឆ្នាំ នៅតែអាចឆ្លងកាត់ដំណាក់កាលទីមួយ។
 
ទូរទស្សន៍ប៉ូឡូញ TVP ប៉ាន់ប្រមាណថា បុរសនៅបានចំនួនលុយសរុបដល់ទៅជាង១៣០០អឺរ៉ូ លើការទិញពាក្យសុំប្រឡង ហើយតម្លៃឡើងពីមួយដំណាក់កាលទៅមួយដំណាក់កាល។ ការចំណាយដ៏ច្រើននេះ ត្រូវបានចាត់ទុកជាកំណត់ត្រាក្នុងប្រទេសក្នុងចំណោមអ្នកដែលប្រឡងយកបណ្ណបើកបរ។
 
តាមពិតទៅ ការប្រឡងយកបណ្ណបើកបរ ហើយធ្លាក់ច្រើនលើកច្រើនសារមិនមែនជារឿងថ្មីឡើយនៅប៉ូឡូញ ជាពិសេសនៅក្រុង Piotrków Trybunalski ដែលមានចរាចរណ៍ដ៏មមាញឹក។ កន្លងមក តំបន់នេះក៏មានបេក្ខជនម្នាក់ប្រឡងធ្លាក់ដល់៤០ដង រីឯបេក្ខជនម្នាក់នៅក្រុង Opole ភាគខាងត្បូងប្រទេស ធ្លាប់ប្រឡងធ្លាក់ចំនួន១១៣ដង។
 
តួលេខអ្នកប្រឡងយកបានបើកបរជាប់នៅប៉ូឡូញ មានតែក្នុងរង្វង់៥០ ទៅ៦០ភាគរយប៉ុណ្ណោះ រីឯការប្រឡងទ្រឹស្តីមានអ្នកជាប់ក្រោម៤០ភាគរយ។ អ្នកជំនាញម្នាក់បានលើកឡើងថា មនុស្សដែលមិនចេះច្បាស់ មិនអាចបើកបររថយន្តបានឡើយ ហើយលោកចង់ឃើញច្បាប់នៅប៉ូឡូញ បិទសិទ្ធិចំពោះអ្នកដែលប្រឡងធ្លាក់រហូតដល់ជាង២០ទៅ៣០លើក ពីព្រោះវានឹងប្រឈមគ្រោះថ្នាក់ ដោយសារតែការមិនច្បាស់លាស់នឹងទ្រឹស្តីបើកបរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com