COVID-19
អន្តរជាតិ
វ៉ាក់សាំងកូវីដ-១៩៖ អាមេរិកចាក់បានច្រើនជាងគេ តែភាគរយអ្នកចាក់តិចជាងអ៊ីស្រាអែល
24, Mar 2021 , 7:29 pm        
រូបភាព
ស្រ្តីអ៊ីស្រាអែលទទួលវ៉ាក់សាំង។ រូបថត Xinhua
ស្រ្តីអ៊ីស្រាអែលទទួលវ៉ាក់សាំង។ រូបថត Xinhua
ដោយ:
ជាងមួយឆ្នាំក្រោយជំងឺកូវីដ-១៩ បានផ្ទុះឡើង ប្រទេសមួយចំនួន ជាពិសេសប្រទេសអភិវឌ្ឍចាប់ផ្តើមពន្លឿនការចាក់វ៉ាក់សាំងដល់ពលរដ្ឋខ្លួន។ អាមេរិក ចិន ឥណ្ឌា អង់គ្លេស និងប្រេស៊ីលជាប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេដល់ប្រជាជនរបស់ខ្លួនដោយគិតជាចំនួនដូស ខណៈអ៊ីស្រាអែលជាប្រទេសដែលបានចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួនក្នុងកម្រិតមួយដ៏ខ្ពស់បំផុតធៀបទៅនឹងចំនួនប្រជាជនសរុប។ នេះបើយោងតាមទិន្នន័យពីគេហទំព័រ Our World in Data ។

អាមេរិកចាប់ផ្តើមចាក់វ៉ាក់សាំងនាចុងខែធ្នូ ឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី២២ ខែមីនា អាមេរិកបានចាក់វ៉ាក់សាំងចំនួន១២៦,៥១លានដូស។ វ៉ាក់សាំងចំនួន៨២,៧៧លានដូសបានផ្តល់ឱ្យអ្នកទទួលវ៉ាក់សាំងដូសទី១ និងចំនួន៤៤,៩លានដូសសម្រាប់អ្នកចាក់លើកទី២។ បើធៀបទៅនឹងចំនួនប្រជាជនសរុបចំនួនជាង៣០០លាននាក់ ប្រជាជនអាមេរិក១៣,៤ភាគរយហើយបានទទួលវ៉ាក់សាំងចំនួន២ដូស។ អាមេរិករំពឹងពីការមានភាពស៊ាំក្នុងសហគមន៍ក្នុងចន្លោះខែកក្កដា ដល់ខែតុលា ដោយមានប្រជាជន៧០ភាគរយ ទៅ៨៥ភាគរយទទួលបានវ៉ាក់សាំងសព្វគ្រប់។ អាមេរិកប្រើវ៉ាក់សាំងក្រុមហ៊ុន Johnson & Johnson, Moderna និង Pfizer ។
 
គិតត្រឹមថ្ងៃ២២ ខែមីនា ចិនផ្តល់វ៉ាក់សាំងចំនួន៧៤,៩៦លានដូសដល់ពលរដ្ឋរបស់ខ្លួនដែរ។ អាជ្ញាធរសុខាភិបាលចិនបានដាក់ផែនការផ្តល់វ៉ាក់សាំងដល់ប្រជាជនឱ្យបាន៩០០ ទៅ១០០០លាននាក់ត្រឹមខែកក្កដា ឬសីហា ឆ្នាំឆ្នាំ២០២២។ ចិនប្រើប្រាស់វ៉ាក់សាំងចំនួន៤ គឺវ៉ាក់សាំងចំនួន២ប្រភេទដែលផលិតដោយក្រុមហ៊ុន Sionpharm វ៉ាក់សាំងមួយរបស់ក្រុមហ៊ុនSinovac និងវ៉ាក់សាំងមួយទៀតរបស់ក្រុមហ៊ុន CanSinoBIO ។
 
ចំណែកឥណ្ឌាវិញចាប់ផ្តើមផ្តល់វ៉ាក់សាំងនៅថ្ងៃទី១ ខែមីនា។ គិតត្រឹមថ្ងៃទី២២ ខែមីនា ប្រទេសនេះបានចាក់វ៉ាក់សាំងចំនួន៤៨,៤៩លានដូស ដែល៤០,៦៣លានដូសសម្រាប់អ្នកចាក់លើកទី១ និង៧,៨៦លានដូសសម្រាប់អ្នកចាក់លើកទី២។ ជារួមពលរដ្ឋឥណ្ឌាត្រឹមតែ០,៦ភាគរយប៉ុណ្ណោះដែលទទួលបានវ៉ាក់សាំងទាំងពីរដូស។ ឥណ្ឌាប្រើប្រាស់វ៉ាក់សាំង Covaxin ដែលផលិតដោយក្រុមហ៊ុនក្នុងស្រុក Bharat Biotech និងវ៉ាក់សាំងរបស់ AstraZeneca ដែលផលិតដោយវិទ្យស្ថានSerumឥណ្ឌាដែលមានឈ្មោះថា Covishield ។ ឥណ្ឌាគ្រោងចាក់វ៉ាក់សាំងដល់ពលរដ្ឋខ្លួនឱ្យបាន៣០០លាននាក់ ត្រឹមខែសីហា។
 
ឯអង់គ្លេសបានផ្តល់វ៉ាក់សាំងចំនួន៣០,២៨លានដូស ដែលក្នុងនោះ២៨លានដូសសម្រាប់អ្នកចាក់លើកទី១ និង២,២៨លានដូសសម្រាប់អ្នកចាក់លើកទី២។ ប្រជាជនអង់គ្លេសត្រឹមតែ៣,៤ភាគរយប៉ុណ្ណោះដែលទទួលបានវ៉ាក់សាំងទាំងពីរដូស។ ប្រទេសនេះសង្ឃឹមពីការមានភាពស៊ាំក្នុងសហគមន៍នាចុងឆ្នាំ២០២១។ អង់គ្លេសប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca និង Pfizer។
 
ប្រេស៊ីលដែលរងគ្រោះខ្លាំងដោយសារជំងឺកូវីដ-១៩ ប្រើវ៉ាក់សាំង AstraZeneca និង Sinovac ដើម្បីចាក់ដល់ពលរដ្ឋខ្លួន។ គិតត្រឹមថ្ងៃទី២២ ខែមីនា ប្រទេសនេះបានចាក់វ៉ាក់សាំងចំនួន១៤,១២លានដូស ដែល១០,៦១លានដូសសម្រាប់ការចាក់លើកទី១ និង៣,៥លានដូសសម្រាប់ការចាក់លើកទី២។ ប្រជាជនប្រេស៊ីលចំនួន១,៦ភាគរយទទួលបានវ៉ាក់សាំងសព្វគ្រប់។
 
អ៊ីស្រាអែល ដែលជាប្រទេសតូចមានប្រជាជនចំនួនជាង៩លាននាក់ បានចាក់វ៉ាក់សាំងចំនួន៩,៧៨លានដូស ដោយក្នុងនោះវ៉ាក់សាំងចំនួន៥,១៩លានដូសត្រូវចាក់នៅដូសទី១ ចំណែក៤,៥៩លានដូសសម្រាប់អ្នកចាក់វ៉ាក់សាំងលើកទី២។ ប្រជាជនអ៊ីស្រាអែលចំនួន៥៣ភាគរយទទួលបានវ៉ាក់សាំងចប់សព្វគ្រប់។ ប្រទេសនេះរំពឹងថា នឹងមានភាពស៊ាំក្នុងសហគមន៍ នៅពេលប្រជាជនលើសពី៧៥ភាគរយទទួលបានវ៉ាក់សាំង និងនៅពេលមនុស្សអាយុក្រោម១៨ឆ្នាំដែលតំណាងឱ្យ៣០ភាគរយនៃប្រជាជនសរុបទទួលបានវ៉ាក់សាំង។ អ៊ីស្រាអែលប្រើវ៉ាក់សាំង Moderna និង Pfizer ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com