COVID-19
ជាតិ
ស្រ្តីខ្មែរម្នាក់ទៀត បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩
27, Mar 2021 , 11:10 am        
រូបភាព
រូបពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
រូបពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
ស្រ្តីខ្មែរម្នាក់អាយុ៤៣ឆ្នាំ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ។ ព័ត៌មាននៃការស្លាប់របស់ស្រ្តីខ្មែររូបនោះ ត្រូវបានផ្សាយលើទំព័រហ្វេសប៊ុកទូរទស្សន៍ជាតិកម្ពុជា (ទទក) ដោយមានការស្រង់សម្តីពីអ្នកស្រី យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល។


ទំព័រហ្វេសប៊ុកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ក៏បានបង្ហោះព័ត៌មាននៃការស្លាប់របស់ស្រ្តីខ្មែររូបនោះដែរ ដោយអមជាមួយនឹងសារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អះអាងលើទំព័រហ្វេសប៊ុកថា ស្រ្តីខ្មែររូបនោះ មានជំងឺឈាមក្នុងក្រពះធ្ងន់ធ្ងរ និងធ្លាក់ឈាមជាច្រើន ហើយចុងក្រោយ ផ្ទុកជំងឺកូវីដ-១៩។

សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកស្រី យក់ សម្បត្តិ ឡើយ ដោយសារតែហៅទូរស័ព្ទមិនចូល ខណៈលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង អ្នកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ មិនផ្តល់ព័ត៌មាន ដោយរុញឲ្យទៅសួរលោក ឃាង ភិរម្យ ជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ។ តែ លោក ឃាង ភិរម្យ ប្រាប់ឲ្យរង់ចាំសេចក្តីប្រកាសព័ត៌មានផ្លូវការពីក្រសួងសុខាភិបាល។

មកដល់ពេលនេះ កម្ពុជា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៩នាក់ ដោយក្នុងនោះ មានពលរដ្ឋខ្មែរ៨នាក់ (ស្រ្តី៣នាក់) និង បុរសចិនម្នាក់៕

Tag:
 COVID-19
  ករណីស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com