COVID-19
ជាតិ
លោកយាយអាយុ៧៥ឆ្នាំ ជាពីជំងឺកូវីដ-១៩ ក្រោយព្យាបាល១៦ថ្ងៃ
27, Mar 2021 , 4:59 pm        
រូបភាព
រូបភាពពីគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩
រូបភាពពីគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩
ភ្នំពេញ៖ លោកយាយវ័យ៧៥ឆ្នាំម្នាក់ នៅខេត្តកំពង់ធំ បានជាសះស្បើយពីជំងឺកូវីដ-១៩ ក្រោយចូលសម្រាកព្យាបាលរយៈពេល១៦ថ្ងៃ។ លោកយាយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ។ ពេលចេញពីមន្ទីរពេទ្យ លោកយាយ ទទួលបានបាច់ផ្កាពីក្រុមគ្រូពេទ្យ ដែលចូលរួមអបអរសាទរ។


លោកវេជ្ជបណ្ឌិត ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ ប្រាប់សារព័ត៌មានថ្មីៗថា លោកយាយរូបនោះ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែមីនា។ លោក បន្តថា ក្នុងអំឡុងព្យាបាល លោកយាយ មិនមានបញ្ហាសុខភាពធ្ងន់ធ្ងរអ្វីឡើយ។ លោក បញ្ជាក់ថា៖«គាត់មានអាយុច្រើនមែន តែសុខភាពគាត់ធម្មតា»។ 

បើតាមប្រធានមន្ទីរសុខាភិបាល លោកយាយរូបនោះ បានឆ្លងជំងឺកូវីដ-១៩ ពីចៅស្រីអាយុ១៦ឆ្នាំ។ លោកប្រធានមន្ទីរ អះអាងថា ស្រ្តីជាម្តាយ ក៏បានឆ្លងជំងឺកូវីដ-១៩ ពីយុវតីអាយុ១៦ឆ្នាំ ជាកូនដែរ។ លោក ផ្តល់ព័ត៌មានថា យុវតីនិងស្រ្តីជាម្តាយ បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ និងបានចេញពីមន្ទីរពេទ្យមុនលោកយាយទៅទៀត។ 

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បង្ហោះលើទំព័រហ្វេសប៊ុកថា លោកយាយវ័យ៧៥ឆ្នាំនោះ រស់នៅក្នុងភូមិគិរីអណ្ដែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ ក្រោយតេស្តឃើញជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែមីនា លោកយាយ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។ 
 
លោកយាយ រួមទាំងកូនស្រី និងចៅស្រី ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយមានការតាមដានមើលពីអាជ្ញាធរមូលដ្ឋាន។ នេះបើតាមប្រសាសន៍របស់ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ។ 
 
គិតត្រឹមថ្ងៃទី២៧ ខែមីនា កម្ពុជា បានព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន១១៣២នាក់ហើយ ឲ្យជាសះស្បើយវិញ។ កម្ពុជា នៅមានអ្នកជំងឺកូវីដ-១៩ ចំនួន១០០៥នាក់ កំពុងបន្តសម្រាកព្យាបាល ខណៈមានមនុស្ស៨នាក់ (ខ្មែរ៧នាក់និងចិនម្នាក់) បានស្លាប់ដោយសារជំងឺនេះ៕
 

Tag:
 COVID-19
  ករណីជាសះស្បើយ
© រក្សាសិទ្ធិដោយ thmeythmey.com