អន្តរជាតិ
UNICEF ថា COVAX រំពឹងទទួលបានការផ្គត់ផ្គង់វ៉ាក់សាំងពេញលេញឡើងវិញក្នុងខែឧសភា
29, Mar 2021 , 1:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
អង្គការ UNICEF អះអាងថាយន្តការ COVAX ដែលឧបត្ថម្ភដោយអង្គការសុខភាពពិភពលោក(WHO) រំពឹង ទទួលបានវ៉ាក់សាំងពេញលេញពីវិទ្យាស្ថាន Serum របស់ឥណ្ឌាឡើងវិញនៅខែឧសភា ដើម្បីចែកចាយឱ្យប្រទេស ក្រីក្រ។ ឥណ្ឌា បានពន្យារពេលផ្គត់ផ្គង់វ៉ាក់សាំង Covishield របស់ក្រុមហ៊ុន AstraZeneca សម្រាប់ខែមីនា និងខែ មេសា។

យន្តការ COVAX ដែលបង្កើតឡើងដើម្បីចែកចាយវ៉ាក់សាំងប្រកបដោយសមធម៌ទំនងជាអាចទទួលបានវ៉ាក់សាំង ដើម្បីចែកចាយទូទាំងពិភពលោកជាថ្មីក្នុងខែឧសភា។ កាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅ ឥណ្ឌាដែលជាប្រទេស ផលិតវ៉ាក់សាំងឱ្យយន្តការនេះ អះអាងថា ខ្លួននឹងពន្យារពេលផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ខែមីនា និងមេសាដើម្បីផ្តល់ អាទិភាពដល់ការចាក់វ៉ាក់សាំងក្នុងស្រុក។
 
«ការដឹកជញ្ជូនវ៉ាក់សាំង ត្រូវបានរំពឹងថាចាប់ផ្តើមទាំងស្រុងឡើងវិញក្នុងខែឧសភា»។ នេះជាការបញ្ជាក់របស់អ្នក នាំពាក្យ UNICEF ក្នុងសារអេឡិចត្រូនិកឆ្លើយតបទៅសារព័ត៌មានReuters នៅថ្ងៃទី២៨ ខែមីនា។ UNICEF ក៏ អះអាងដែរថា ខ្លួននឹងពន្លឿនការផ្គត់ផ្គង់វ៉ាក់សាំងនេះដើម្បីបំពេញសេចក្តីត្រូវការក្នុងខែមីនា និងមេសាផងដែរ។
 
អ្នកនាំពាក្យ UNICEF បន្តថាយន្តការ COVAX កំពុងតែចរចាជាមួយរដ្ឋាភិបាលឥណ្ឌាដើម្បីទទួលបានវ៉ាក់សាំង មួយចំនួនក្នុងខែមេសា។ សម្រាប់ខែមីនា និងមេសា យន្តការនេះសង្ឃឹមថា នឹងអាចទទួលបានវ៉ាក់សាំងចំនួន៩០ លានដូស ប៉ុន្តែមកដល់ពេលនេះទើបតែទទួលបាន២៨លានដូសប៉ុណ្ណោះ។ 
 
ទាក់ទងរឿងនេះ ឥណ្ឌាលើកឡើងនៅថ្ងៃទី២៦ ខែមីនាថា ខ្លួនផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ប្រទេសខ្លួន ខណៈករណីឆ្លងកំពុងកើនឡើង។ ឥណ្ឌា ក៏បានពន្យល់អន្តរជាតិពីការសម្រេចចិត្តរបស់ខ្លួនផងដែរ។ 
 
ចំពោះការផ្អាកផ្គត់ផ្គង់វ៉ាក់សាំងនេះ លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO អះអាងថា ការសម្រេចចិត្តរបស់ឥណ្ឌា ជារឿងដែលអាចយោគយល់បាន និងថា ស្ថាប័ននេះនៅតែបន្តការពិភាក្សាដើម្បីអាច ផ្តល់វ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍឯទៀត។
 
គិតត្រឹមចុងខែមីនានេះ យន្តការ COVAX បានផ្គត់ផ្គងវ៉ាក់សាំងចំនួន៣២លានដូស ដល់ប្រទេសចំនួន៦១ ខណៈប្រទេសចំនួន៣៦ផ្សេងទៀតដែលស្ថិតក្នុងយន្តការនេះពុំទាន់បានទទួលវ៉ាក់សាំងនៅឡើយទេ។ 
 
បញ្ហាក្នុងការបែងចែកវ៉ាក់សាំង ក៏ត្រូវបានអគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស លើកឡើងផងដែរ។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន CBC នាថ្ងៃទី២៨ ខែមីនា លោក ហ្គូតេរ៉េស បារម្ភពីការ បែងចែកវ៉ាក់សាំងដែលមានលក្ខណៈអយុត្តិធម៌នៅជុំវិញពិភពលោក។ លោក សង្កត់ធ្ងន់ថា UN បានអំពាវនាវទៅ ប្រទេសអ្នកមានឱ្យជួយចែករំលែកវ៉ាក់សាំងដែលខ្លួនមាន ដ្បិតអីប្រទេសខ្លះមានវ៉ាក់សាំងច្រើនជាងចំនួនត្រូវការ ទៅទៀត។
 
ការលើកឡើងរបស់លោកហ្គូតែរ៉េសធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុប(EU) ដែលមានសមាជិកចំនួន២៧ បានរឹត បន្តឹងការនាំចេញវ៉ាក់សាំង។ ប្រមុខ UN រំឭកថា វាជាផលប្រយោជន៍របស់ប្រទេសទាំងអស់ក្នុងការធានាថា មនុស្ស នៅគ្រប់ទីកន្លែងទាំងអស់បានទទួលវ៉ាក់សាំង ហើយវ៉ាក់សាំងគឺជាសម្បត្តិសាធារណៈសាកល៕
 

Tag:
 WHO
 UNICEF
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com