កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
F1៖ Hamilton ឈ្នះការប្រណាំងបើកឆាកនៅ Bahrain Grand Prix
29, Mar 2021 , 7:19 pm        
រូបភាព
Lewis Hamilton ម្ចាស់ការពារតំណែងជើងឯកប្រណាំងរថយន្ត Formula One នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួន បន្ទាប់ពីយកឈ្នះការប្រណាំងបើកឆាកសម្រាប់រដូវកាលឆ្នាំ២០២១ នៅទីលាន Bahrain Grand Prix ប្រទេសបារ៉ែន។

 
នាការប្រណាំង F1 នៅទីលានដំបូងរដូវកាលថ្មី នាថ្ងៃទី២៨ ខែមីនា ជាមួយអ្នកទស្សនាផ្ទាល់មួយចំនួន ដែលរដូវកាលមុនត្រូវប្រកួតដោយបិទកីឡដ្ឋានដោយសារ COVID-19 អ្នកប្រណាំងសញ្ជាតិអង់គ្លេស Hamilton ដែលបើកបរឱ្យក្រុម Mercedes បានប្រជែងឈ្នះ Max Verstappen ដើម្បីសម្រេចទីមុនគេ ដោយប្រើថេរវេលា១ម៉ោង ៣២នាទី និង៣វិនាទី។
 
ម្ចាស់ជើងឯកប្រណាំងរថន្តលំដាប់ពិភពលោក ឬកាំជ្រួចលើផ្ទៃរាប ៧ សម័យកាលរូបនេះបានបង្ហាញភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់រថយន្ត Mercedes របស់ខ្លួនមិនខុសពីរដូវកាលមុនៗឡើយ ដើម្បីរារាំងគូប្រជែង Verstappen សញ្ជាតិហូឡង់ ដែលបើកឱ្យ Red Bull។ Valtteri Bottas មិត្តរួមក្រុម Mercedes បញ្ចប់ទៅក្នុងចំណាត់ថ្នាក់ទី៣។
 
នេះជាជ័យជម្នះនៅជំនួបបើកឆាករដូវកាលថ្មីដែល Hamilton ធ្វើបានជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៥ មក ខណៈនេះជាការឈ្នះលើកទី៩៦ក្នុងអាជីពរបស់គេផងដែរ។ 

 
 
«ខ្ញុំពិតជារីករាយដែលខ្ញុំបានឃើញអ្នកគាំទ្រក្នុងទីលានសារជាថ្មី ចាប់តាំងពីមានការហាមឃាត់នៅរដូវកាលមុន។ មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំបានធ្វើរឿងពិសេសក្នុងការប្រណាំងរដូវកាលនេះ ដោយអាចប្រជែងឈ្នះ Verstappen វិញ»។ នេះជាការលើកឡើងរបស់ Hamilton ក្រោយចប់ការប្រកួត។
 
Hamilton ទទួលបានពិន្ទុពេញចំនួន២៥ពិន្ទុ ឈរកំពូលតារាង F1 បណ្តោះអាសន្ន តាមពីក្រោយដោយ Verstappen និង Bottas។ F1 ផ្តល់ពិន្ទុសម្រាប់កីឡាករដែលបញ្ចប់ទីពីលេខ១ដល់លេខ១០ប៉ុណ្ណោះ។ លេខ១ទទួលបាន២៥ពិន្ទុ លេខពីរបាន១៨ពិន្ទុ លេខបី១៦ពិន្ទុ លេខបួន១២ពិន្ទុ លេខប្រាំ១០ពិន្ទុ លេខប្រាំមួយ៨ពិន្ទុ លេខប្រាំពីរ៦ពិន្ទុ លេខប្រាំបី៤ពិន្ទុ លេខប្រាំបួន២ពិន្ទុ និងលេខដប់ ១ពិន្ទុ៕
 

Tag:
 Lewis Hamilton
  Formula One
© រក្សាសិទ្ធិដោយ thmeythmey.com