រថយន្ត
Startup ជប៉ុននាំយកម៉ូដែលរថយន្ត EV ផលិតនៅថៃ ទៅកាន់ទីផ្សារក្នុងប្រទេសជប៉ុន
29, Mar 2021 , 8:39 pm        
រូបភាព
ដោយ: ធីតា
ក្រុមហ៊ុនរថយន្តអគ្គិសនីជប៉ុន Fomm នឹងប្រតិបត្តិការទីផ្សារសម្រាប់រថយន្តប្រភេទ EV ដែលផលិតនៅថៃ (Made-in-Thailand) តែរចនាថ្មីបន្ថែមសម្រាប់អតិថិជននៅក្នុងប្រទេសជប៉ុន។ នេះបើតាមការផ្សាយរបស់ Nikkei Asia។
 
មានទីស្នាក់ការកណ្តាលនៅក្រុង Kawasaki ក្បែររាជធានីតូក្យូ Fomm ដែលជាប្រភេទក្រុមហ៊ុន Startup បានចាប់ផ្តើមដំណើរការរោងចក្រ និងលក់រថយន្តអគ្គិសនីនៅថៃ នាឆ្នាំ២០១៩ ហើយបច្ចុប្បន្នកំពុងរចនាម៉ូដែលសម្រាប់អតិថិជនជប៉ុន ដែលគ្រោងបង្ហាញវត្តមាននៅលើទីផ្សារចាប់ពីខែឧសភា។
 
រថយន្តរបស់ក្រុមហ៊ុន Fomm មានកៅអីអង្គុយចំនួន៤ ទំហំប្រវែង២,៦ម៉ែត្រ និងទទឹង១,៣ម៉ែត្រ។ វាស្ថិតក្នុងប្រភេទរថយន្តទម្ងន់ស្រាលនៅក្នុងប្រទេសជប៉ុន ដែលអាចរត់បានចម្ងាយ១៦៦គីឡូម៉ែត្រ និងអាចបើកក្នុងល្បឿង៨០គីឡូម៉ែត្រក្នុង១ម៉ោង។
 
តម្លៃរថយន្តនេះ គឺក្នុងខ្ទង់២៥០០០ដុល្លារអាមេរិក ហើយម៉ូដែលដែលយកតាមលំនាំថៃមួយនេះ អនុលោមតាមស្តង់ដារសុវត្ថិភាពនៅក្នុងប្រទេសជប៉ុន។ ក្រុមហ៊ុនគ្រោងលក់ចេញឲ្យបាន៣៥០គ្រឿងនៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២១នេះផងដែរ។
 
រថយន្តម៉ូដែល Fomm One ក៏អាចបើកបរបាននាពេលមានទឹកជំនន់ផងដែរ ដោយមានប្រតិបត្តិការជាលក្ខណៈស្វ័យប្រវត្តិផ្សេងៗទៀត។ លោក Hideo Tsurumaki អគ្គនាយកក្រុមហ៊ុន Fomm បានផ្តួចផ្តើមផលិតរថយន្ត EV នេះ កាលពីឆ្នាំ២០១៣ ពោលគឺ២ឆ្នាំបន្ទាប់ពីគ្រោះស៊ូណាមី និងរញ្ជួយដីដ៏ធ្ងន់ធ្ងរនៅជប៉ុន។
 
បើគិតចាប់តាំងពីខែមេសា ឆ្នាំ២០១៩មក Fomm បានលក់បានរថយន្ត៤០០គ្រឿងនៅប្រទេសថៃ ហើយមានគោលដៅបង្ហើតច្រវ៉ាក់ផលិតកម្មប្រចាំឆ្នាំឲ្យបាន៥០០០គ្រឿង និងនាំចេញទៅជប៉ុន១០០០គ្រឿង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com