COVID-19
ជាតិ
កូវីដ-១៩៖ វិជ្ជមាន១០៥នាក់ ដោយភ្នំពេញ ព្រះសីហនុ និងស្វាយរៀងច្រើនជាងគេ
30, Mar 2021 , 9:46 am        
រូបភាព
ទិដ្ឋភាពដឹកអ្នកជំងឺកូវីដ-១៩នៅមូលដ្ឋានខណ្ឌដូនពេញកន្លងមក។ រូបថតរដ្ឋបាលខណ្ឌ
ទិដ្ឋភាពដឹកអ្នកជំងឺកូវីដ-១៩នៅមូលដ្ឋានខណ្ឌដូនពេញកន្លងមក។ រូបថតរដ្ឋបាលខណ្ឌ
កម្ពុជារកឃើញអ្នកកើតកូវីដ-១៩ ចំនួន១០៥នាក់បន្ថែមទៀត និង៤នាក់ទៀតបានជាសះស្បើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃអង្គារ ទី៣០ ខែមីនា។ ករណីច្រើនជាងគេមាននៅភ្នំពេញ ព្រះសីហនុ និងស្វាយរៀង។


ក្នុងចំណោម​ករណីថ្មីទាំង​១០៥ មាន១ករណី ជាបុរសឥណ្ឌូណេស៊ីអាយុ៣៦​ឆ្នាំ អាសយដ្ឋាននៅក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ ដែលធ្វើ​ដំណើរមកពីប្រទេសខ្លួន ហើយមកដល់កម្ពុជា​នៅថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១។

រីឯករណី១០៤ទៀត សុទ្ធតែពាក់ព័ន្ធនឹងសហគមន៍​២០កុម្ភៈ។ ខេត្តព្រះសីហនុ មានអ្នក​ជំងឺ​៣៤នាក់ ដោយជនជាតិខ្មែរមាន​ដល់ទៅ៣៣នាក់ និង​វៀតណាម១នាក់ ក្នុងនោះក៏មានកុមារតូចៗផងដែរ។ តួលេខ​កើនឡើង​ដ៏គួរឲ្យកត់សម្គាល់គឺនៅ​ក្នុងខេត្តស្វាយរៀង ដោយមានអ្នកជំងឺថ្មី​ដល់២០នាក់ដែលត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាលនៅ​មន្ទីរពេទ្យស្វាយជ្រំ ដោយអ្នកជំងឺទាំងជនជាតិខ្មែរ និងចិន មានអាសយដ្ឋាននៅ​ក្រុងបាវិត ក្រុងស្វាយរៀង ស្រុកមេសាង ស្រុកកំពង់រោទិ៍ និងទីតាំងផ្សេងទៀត។

ភ្នំពេញ មាន​៤៦ករណី ដែលមានជនជាតិចិន និងខ្មែរ ដែលមានអាសយដ្ឋាននៅ​សង្កាត់បឹងទំពុន ខណ្ឌមានជ័យ សង្កាត់ចោមចៅ​៣ ខណ្ឌពោធិ៍សែនជ័យ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា  សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន និងបណ្តាសង្កាត់ ខណ្ឌផ្សេងទៀត។

ក្រៅពីនេះ ១ករណីនៅឃុំព្រែកខ្សាយ ក ស្រុកពាមរក៍ ខេត្តព្រៃវែង ២ករណីនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និង​១ករណីនៅ​ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ស្របពេលជាមួយគ្នា ក្រសួងបាន​កែតម្រូវព័ត៌មានទាក់ទងនឹង១ករណីនៅសៀមរាប ដែលបាន​ប្រកាសកាលពីម្សិលមិញ។ តាមពិតមិនមាន​ករណីនេះឡើយ ដោយសារតែមានការត្បួតពិនិត្យ​ស្ទួនអ្នកជំងឺ។

ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះ អ្នកជំងឺតែ៤នាក់ប៉ុណ្ណោះ​ដែល​បានជាសះស្បើយ ដោយ១នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលព្យាបាល​ស្រុកកោះធំ ខេត្តកណ្តាល ១នាក់ពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និង​២នាក់ពី​មជ្ឈមណ្ឌល​ជាតិកំចាត់​រោគរបេង និងហង់សិន។

គិតមកដល់ពេលនេះ អ្នកកើតកូវីដ-១៩សរុបនៅកម្ពុជាឡើងដល់២៣៧៧នាក់ដែលក្នុងនោះ១៨៥១នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ ដែលរាលដាលក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ សៀមរាប ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ កែប តាកែវ កំពត និងបាត់ដំបង។ អ្នកសះស្បើយសរុបមាន១១៧៦នាក់ អ្នកស្លាប់មាន១១នាក់ រីឯ៤នាក់ទៀតស្លាប់ដោយសារជំងឺផ្សេងៗ នាអំឡុងពេលព្យាបាលកូវីដ-១៩។


© រក្សាសិទ្ធិដោយ thmeythmey.com