ជាតិ
សង្គមជាតិ
មនុស្ស៣៣នាក់ នៅខេត្តស្វាយរៀង ប៉ះពាល់ជាមួយស្ត្រីវៀតណាម៣នាក់ ដែលមានកូវីដ-១៩
30, Mar 2021 , 12:29 pm        
រូបភាព
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង រូបពីរដ្ឋបាលខេត្តស្វាយរៀង
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង រូបពីរដ្ឋបាលខេត្តស្វាយរៀង
ដោយ:
ភ្នំពេញ៖ ស្រ្តីជនជាតិវៀតណាមចំនួន៣នាក់ ដែលមានមុខរបរបើកហាងសំអាងតីធី នៅមណ្ឌលកម្សាន្តអន្តរជាតិបាំងថុង នៅផ្សាររាត្រី ក្រុងបាវិត ខេត្តស្វាយរៀង មានវិជ្ជមានកូវីដ-១៩។ ស្រ្តីជនជាតិវៀតណាមទាំង៣នាក់នោះត្រូវបានតេស្តឃើញនៅប្រទេសវៀតណាម កាលពីថ្ងៃទី២៥ ខែមីនា។ អាជ្ញាធរស្វាយរៀង រកឃើញមនុស្ស៣៣នាក់ នៅខេត្តស្វាយរៀង ប៉ះពាល់ជាមួយស្ត្រីវៀតណាម៣នាក់ ដែលមានកូវីដ-១៩នេះ។
 
រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ ខែមីនា ថា ស្ត្រីជនជាតិវៀតណាមទាំង៣នាក់នេះ បានជួលបន្ទប់ស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។ ក្រោយពីអាជ្ញាធរវៀតណាម បានផ្តល់ដំណឹងថា ស្រ្តីជនជាតិវៀតណាមទាំង៣នាក់នោះ ឆ្លងជំងឺកូវីដ-១៩មកកម្ពុជា អាជ្ញាធរខេត្តស្វាយរៀង បានចុះស្រាវជ្រាវនៅផ្ទះជួលរបស់ស្ត្រីជនជាតិវៀតណាមទាំងនេះ ដោយរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលចំនួន៣៣នាក់ ក្នុងនោះស្ត្រី១៥នាក់ ។ បច្ចុប្បន្នពួកគេកំពុងធ្វើចត្តាឡីស័ក។ 
 
រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវដល់អ្នកប៉ះពាល់ទាំងនោះ ធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន១៤ថ្ងៃ ហើយបើមានចេញរោគសញ្ញាជំងឺកូវីដ-១៩ គឺត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ 
 
បច្ចុប្បន្នស្វាយរៀងមានអ្នកជំងឺកូវីដ-១៩ ចំនួន២៥នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្វាយជ្រុំ។ 
 
គិតមកដល់ពេលនេះនៅកម្ពុជាឡើងដល់២៣៧៧នាក់ ដែលក្នុងនោះ១៨៥១នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ ដែលរាលដាលក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ សៀមរាប ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ កែប តាកែវ កំពត និងបាត់ដំបង។ អ្នកសះស្បើយសរុបមាន១១៧៦នាក់ អ្នកស្លាប់មាន១១នាក់ រីឯ៤នាក់ទៀតស្លាប់ដោយសារជំងឺផ្សេងៗ នាអំឡុងពេលព្យាបាលកូវីដ-១៩៕ 
 

Tag:
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com