អន្តរជាតិ
មេដឹកនាំប្រទេស២៣ គាំទ្រឱ្យបង្កើតសន្ធិសញ្ញាជំងឺរាតត្បាតសាកល
30, Mar 2021 , 2:15 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
ថ្នាក់ដឹកនាំប្រទេសចំនួន២៣ រួមទាំងអង្គការសុខភាពពិភពលោក (WHO) និងសហភាពអឺរ៉ុប បានសម្រេចគាំទ្រ ការបង្កើតសន្ធិសញ្ញាអន្តរជាតិស្តីពីជំងឺរាតត្បាតក្នុងគោលបំណងត្រៀម និងឆ្លើយតបទៅនឹងជំងឺឆ្លងណាមួយឱ្យ បានទាន់ពេលវេលា។ ការផ្ទុះឡើងជំងឺកូវីដ-១៩ ជាមេរៀនដ៏សំខាន់សម្រាប់ពិភពលោកក្នុងការត្រៀមខ្លួនសម្រាប់ វិបត្តិសុខភាពដែលនឹងផ្ទុះឡើង។

 
គំនិតផ្ដួចផ្ដើមបង្កើតសន្ធិសញ្ញាអន្តរជាតិស្តីពីការគ្រប់គ្រងជំងឺរាតត្បាតសាកល ត្រូវបានលើកឡើងដោយលោក ឆាល មីឈែល ប្រធានក្រុមប្រឹក្សាអឺរ៉ុបក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីជំងឺកូវីដ-១៩ ក្នុងខែវិច្ឆិកា ក៏ដូចជា ក្នុងកិច្ចប្រជុំប្រទេសG-20 នាខែធ្នូឆ្នាំ២០២០។ គ្រានោះ លោក មីឈែល អះអាងថា សន្ធិសញ្ញាមានបំណងធ្វើឲ្យ ប្រសើរឡើងនូវការផ្តល់ថវិកា និងសម្របសម្រួលការស្រាវជ្រាវក្នុងការទប់ស្កាត់ជំងឺរាតត្បាត។
 
«នឹងមានជំងឺឆ្លងរាតត្បាត និងអាសន្នសុខាភិបាលផ្សេងទៀតនាពេលអនាគត។ ប្រទេសមួយ ឬស្ថាប័នពហុភាគីតែ មួយមិនអាចដោះស្រាយការគំរាមនេះតែឯងឡើយ»។ នេះជាការព្រមានជាថ្មីក្នុងបទវិចារណកថារួមរបស់ថ្នាក់ ដឹកនាំប្រទេស និងស្ថាប័នទាំង២៥ ដែលគាំទ្រឱ្យមានយន្តការអន្តរជាតិមួយសម្រាប់ដោះស្រាយបញ្ហាដែលកើត ឡើង។ 
 
គោលបំណងចម្បងនៃសន្ធិសញ្ញានេះ គឺការពង្រឹងវិធីសាស្ត្ររបស់រដ្ឋាភិបាល ក៏ដូចជាបង្កើនសមត្ថភាពថ្នាក់ជាតិ តំបន់ និងអន្តរជាតិក្នុងការប្រយុទ្ធទៅនឹងជំងឺរាតត្បាត និងភាពរឹងមាំទល់នឹងស្ថានការណ៍ទាំងនោះ។ បទវិចារណកថានេះ លើកឡើងថា ដើម្បីសម្រេចគោលបំណងនេះ ប្រទេសទាំងអស់ត្រូវបង្កើតប្រព័ន្ធប្រកាស អាសន្នរួម ចែករំលែកព័ត៌មាន ស្រាវជ្រាវ និងចុះផ្សាយ ការបែងចែកវ៉ាក់សាំង ថ្នាំ វិធីសាស្ត្រព្យាបាល និងសម្ភារ ការពារការឆ្លង។
 
ថ្នាក់ដឹកនាំប្រទេសចំនួន២៣ និងស្ថាប័នចំនួន២ខាងលើ រំពឹងថា សន្ធិសញ្ញាស្តីពីជំងឺឆ្លងនឹងលើកឡើងពីភាព ប្រទាក់ក្រឡាគ្នារវាងសុខភាពមនុស្ស សត្វ និងភពផែនដី ហើយប្រទេសទាំងអស់ត្រូវមានការខុសត្រូវរួម មាន តម្លាភាព និងលើកឡើងពីកិច្ចសហប្រតិបត្តិការជាសាកល។ បទវិចារណកថានេះបន្តទៀតថា ប្រទេសទាំងអស់ត្រូវ ធ្វើការរួមគ្នាក្នុងការបង្កើតសន្ធិសញ្ញាថ្មីមួយក្នុងការត្រៀម និងឆ្លើយតបទៅនឹងជំងឺរាតត្បាតសាកល។
 
ទាក់ទងការបង្កើតសន្ធិសញ្ញាអន្តរជាតិស្តីពីជំងឺឆ្លង លោក មីឈែល ធ្លាប់លើកឡើងថា សន្ធិសញ្ញាថ្មី អាចយកគំរូ តាមអនុសញ្ញាស្តីពីការគ្រប់គ្រងថ្នាំជក់ដែលចូលជាធរមានក្នុងឆ្នាំ២០០៥ និងគួរស្ថិតក្រោមក្របខណ្ឌអង្គការ សុខភាពពិភពលោក។ ចំណែកលោក បូរីស ចនសុន ដែលជាប្រធានឆ្លាសវេននៃប្រទេសជឿនលឿនទាំង៧ ក៏បានគាំទ្រគំនិតនេះកាល ពីពាក់កណ្តាលខែកុម្ភៈផងដែរ និហទទូចឱ្យសមាជិក៦ផ្សេងទៀតរួមគ្នាពិភាក្សា និងតាក់តែងសន្ធិសញ្ញានេះឡើង ៕
 
 
 
 

Tag:
 WHO
 EU
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com