COVID-19
ជាតិ
អភិបាលខេត្ត​កំពង់ចាម ចេញ​វិធានការ​ផាកពិន័យ​អ្នក​មិន​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​
31, Mar 2021 , 9:59 pm        
រូបភាព
លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម
លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម
លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ណែ​នាំទៅ​អាជ្ញាធរ ត្រូវ​សហការ​ជាមួយ​ក្រសួងសុខាភិបាល អនុវត្ត​ការផាកពិន័យ​ប្រាក់ ចំពោះ​បុគ្គល​ដែល​មិន​ពាក់​ម៉ាស និង​មិន​រក្សា​គម្លាត​សុវត្ថិភាព (១​ម៉ែត្រ​កន្លះ​) នៅតាម​ភូមិសាស្ត្រ ដែល​ក្រសួងសុខាភិបាល បានកំណត់​។

 
​បើតាម​លិខិត​របស់​រដ្ឋបាល​ខេត្តកំពង់ចាម នៅ​យប់​ថ្ងៃទី ៣១ ខែមីនា  អភិបាលខេត្ត​កំពង់ចាម​បានបញ្ជាក់​ដូច្នេះ​ថា «​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​-​ស្រុក ត្រូវ​រាយការណ៍​ជាបន្ទាន់ ដើម្បី​សុំ​យោបល់ និង​ការដឹកនាំ​ពី​ថ្នាក់ដឹកនាំ ប្រសិន​ជួប​ការ​ប្រឈម​ឬ​ការលំបាក ណាមួយ​ក្នុងការ​អនុវត្តន៍​ជាក់ស្តែង​»​។ 
 
​អភិបាលខេត្ត​កំពង់ចាម ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​រស់នៅ​កំពង់ចាម ឬ​ធ្វើដំណើរ​តាមផ្លូវ​សាធារណៈ ដែលមាន​មនុស្ស​ជួបជុំ អ៊ូអរ ត្រូវ​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល តាមរយៈ​ការពាក់​ម៉ាស និង​រក្សា​គម្លាត​ឱ្យបាន​ត្រឹមត្រូវ​។​
 
​ផ្អែក​តាម​អនុក្រឹត្យ​លេខ​៣៧ អនក្រ​.​កប បុគ្គល មិន​ពាក់​ម៉ាស់​និង​រក្សា​គម្លាត​សុវត្ថិភាព នៅក្នុង​ភូមិសាស្ត្រ ដែល​ក្រសួងសុខាភិបាល​កំណត់ នឹងត្រូវ​ព្រមាន ហើយ​ក្រោយពី​ព្រមាន​រួច បើ​នៅតែ​មិន​ពាក់​ម៉ាស់ ឬ​មិន​រក្សា​គម្លាត​សុវត្ថិភាព​ទៀត នឹងត្រូវ​ពិន័យ​ប្រាក់​ពី​២​សែន​រៀល​ដល់​១​លាន​រៀល​។ អនុក្រឹត្យ​លេខ​៣៧ អនក្រ​.​កប កំណត់ថា អ្នក​ដែលមាន​សមត្ថកិច្ច ព្រមាន​និង​ផាកពិន័យ គឺជា​មន្ត្រី​ក្រសួងសុខាភិបាល​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com