COVID-19
ជាតិ
កំពង់ស្ពឺអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្នរហូតដល់ថ្ងៃទី១៥ ខែមេសា
02, Apr 2021 , 3:59 pm        
រូបភាព
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ
បន្ទាប់ពីរាជធានីភ្នំពេញ អភិបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីណែនាំស្តីពីការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្នដើម្បីទប់ស្កាត់កូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្ត ដែលមានថិរវេលា២សប្តាហ៍ គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែមេសា។


សេចក្តីណែនាំដែលចុះហត្ថលេខាដោយលោកអភិបាលខេត្ត វ៉ី សំណាង នាថ្ងៃទី២ ខែមេសា នេះ ផ្តោតលើការអនុវត្តវិធានរដ្ឋបាល ដោយតម្រូវឲ្យសកម្មភាពអាជីវកម្មដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត ហាងលក់ភេសជ្ជៈ ផ្អាកទទួលភ្ញៀវបណ្តោះអាសន្ន ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ប៉ុន្តែអាចបម្រើសេវាបានជាលក្ខណៈវេចខ្ចប់។

រាល់សកម្មភាពកីឡាដែលមានលក្ខណៈជួបជុំ ឬការប្រមូលផ្តុំមនុស្សច្រើន ត្រូវផ្អាកបណ្តោះអាសន្ន លើកលែងតែការជួបជុំក្នុងករណីចាំបាច់ ការជួបជុំជាលក្ខណៈគ្រួសារ ឬអ្នកនៅទីសំណាក់ជាមួយគ្នា។

ការរៀបចំពិធីបុណ្យសព ត្រូវតម្រូវឲ្យគោរពតាមវិធានការសុខាភិបាល និងការកំណត់របស់អាជ្ញាធរ។ ចំពោះការជួបជុំរបស់មន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំពេញភារកិច្ច ជាករណីលើកលែង។

អភិបាលខេត្តកំពង់ស្ពឺ ព្រមានអនុវត្តវិធានការដ្ឋបាលតាមផ្លូវច្បាប់ ក្នុងករណីម្ចាស់អាជីវកម្ម ឬពលរដ្ឋដែលមិនគោរពតាមការណែនាំ៕

 


© រក្សាសិទ្ធិដោយ thmeythmey.com