ជាតិ
ម្ទេសអាចម៌សត្វរបស់អ្នកស្រុកសង្កែ ខេត្តបាត់ដំបង ធ្លាក់ថ្លៃ ហើយពិបាកនាំចេញ
02, Apr 2021 , 9:59 pm        
រូបភាព
ខែមីនា ជាពេលប្រមូលផលម្ទេសអាចម៍សត្វរបស់កសិករក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ អំឡុងពេលប្រមូលផលនេះ ម្ទេសអាចម៍សត្វរបស់ពួកគេលក់មិនបានតម្លៃថ្លៃឡើយ ត្រឹម១២០០រៀល ទៅ១០០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម។


ម្ទេសអាចម៍សត្វ ជាដំណាំចម្បងរបស់កសិករក្នុងភូមិអូរស្រឡៅ ឃុំវត្តតាមិន ស្រុកសង្កែ ខេត្តបាត់ដំបង។ រយៈពេល២ឆ្នាំហើយ ដែលម្ទេសអាចម៍សត្វរបស់កសិករនៅទីនេះ ធ្លាក់ថ្លៃខ្លាំង។ 
អ្នកស្រី គង់ សុផល ជាកសិករម្នាក់ ក្នុងចំណោមកសិករជាច្រើន ដែលដាំម្ទេសក្នុងភូមិអូរស្រឡៅ ខេត្តបាត់ដំបង។ កសិកររូបនេះ យល់ថាកាលដែលដំណាំម្ទេសរបស់ខ្លួនធ្លាក់ចុះតម្លៃសល់ត្រឹម១ពាន់រៀល ក្នុង១គីឡូក្រាមនេះ បណ្ដាលមកពីបញ្ហារាលដាលនៃជំងឺកូវីដ-១៩ ដោយពិបាកក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស។ កន្លងមក ម្ទេសអាចម៍សត្វ របស់អ្នកភូមិអូរស្រឡៅនេះ លក់បានតម្លៃថ្លៃដល់ទៅជាង២ម៉ឺនរៀលឯណោះក្នុងមួយគីឡូក្រាម  ហើយបើចុះថោកវិញ ក៏នៅត្រឹម៧ពាន់រៀលក្នុង១គីឡូក្រាមដែរ។ 


លោក សំ រឿត កសិករដាំម្ទេសនៅបាត់ដំបង 
កសិករស្រ្តីវ័យ៤១ឆ្នាំរូបនេះ នឹងមិនបេះម្ទេសខ្លួនលក់ឡើយ ដោយរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖«ម្ទេសលក់បាន១គីឡូ១ពាន់រៀល នៅពេលដែលឲ្យគេបេះ ឲ្យអ្នកបេះមួយគីឡូ៥០០រៀលគឺតិចណាស់ គឺមិនបាន១ម៉ឺនរៀលទេបេះមួយថ្ងៃនោះ។ អ៊ីចឹងគឺមានតែអត់បេះ ហើយទុកឲ្យវាទុំ ជួលឲ្យគេបេះម្ដង ឲ្យមួយគីឡូ១ពាន់អ៊ីចឹងទៅ ហើយយកមកហាលទុកលក់ម្ទេសក្រៀមនៅពេលអត់មានម្ទេសវិញ»។
 
មិនខុសពីអ្នកស្រី សុផល ឡើយ លោក សំ រឿត ជាកសិករដាំម្ទេសអាចម៍សត្វដូចគ្នានោះ ក៏លើកឡើងពីបញ្ហាជំងឺកូវីដ-១៩ ដែលធ្វើឲ្យផលដំណាំរបស់លោកធ្លាក់ចុះ។ ការរាតត្បាតនៃជំងឺកូវីដ-១៩ រយៈពេលជិត២ឆ្នាំមកនេះ បានធ្វើឲ្យលោក សំ រឿត ខាតអស់ជាង៥ពាន់ដុល្លារអាមេរិក លើដំណាំម្ទេសអាចម៍សត្វ ព្រោះលក់បានតម្លៃថោក។ 
 
«ខ្ញុំដាំតែម្ទេសមួយមុខ អត់មានអីផ្សេងទេ។ ហើយទោះជាថោក ក៏មិនដឹងធ្វើម៉េច តាមតែគេឲ្យហ្នឹងទៅ។ បើមានគេទិញទើបបេះ ម្ដងបាន១តោនអ៊ីចឹងទៅ។ បើគ្មានអ្នកទិញអត់បេះទេ អ៊ឹចឹងអត់បានលក់រាល់ថ្ងៃទេ»។ នេះជាការលើកឡើងរបស់កសិករវ័យ៦២ឆ្នាំ សំ រឿត ដោយបន្តថា  រាល់ពេលបេះម្ដងបាន១តោន ឬជាង១តោន សល់លុយត្រឹម ៥០-៦០ម៉ឺនរៀល និងមិនចំណេញនោះទេ។ 
 
កសិកររូបនេះ រៀបរាប់ពីតម្លៃម្ទេសថា តម្លៃ១ពាន់រៀល ឬជាង១ពាន់រៀលក្នុង១គីឡូនេះ គឺពិតជាថោកខ្លាំងណាស់ ប៉ុន្តែលោក ក៏គ្មានជម្រើសក្រៅពីលក់ ដើម្បីទទួលបានប្រាក់មកវិញខ្លះ។ លោក យល់ថា មែនទែនទៅម្ទេសអាចម៍សត្វនេះ មិនថោកដល់ថ្នាក់នេះឡើយ មុនពេលមានកូវីដ-១៩ ទោះម្ទេសសម្បូរយ៉ាងណា ក៏លោក អាចលក់បានក្នុងតម្លៃ៣-៤ពាន់រៀលដែរក្នុង១គីឡូក្រាម៕ 


អ្នកស្រី គង់ សុផល កសិករដាំម្ទេសនៅបាត់ដំបង
 

Tag:
 ម្ទេសអាចម៍សត្វ
 បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com