ជាតិ
សង្គមជាតិ
គ្រាប់យុទ្ធភណ្ឌជាង១តោន ដែលរកឃើញក្នុងទន្លេមេគង្គ ត្រូវកម្ទេចចោល
06, Apr 2021 , 9:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុកមជ្ឃមណ្ឌលជាតិរក្សាសន្តិភាព
រូបភាពពីហ្វេសប៊ុកមជ្ឃមណ្ឌលជាតិរក្សាសន្តិភាព
ដោយ:
ភ្នំពេញ៖ អាជ្ញាធរមីន កំពុងប្រតិបត្តិការកម្ទេចគ្រាប់យុទ្ធភណ្ឌជាង១តោន ដែលបានរកឃើញនៅក្នុងទន្លេមេគង្គ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ 
 
លោក ម៊ី សុភា មេបញ្ជាការកងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹក នៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ថា ក្នុងរយៈពេល៧ខែ អាជ្ញាធរបានរុករកឃើញគ្រាប់យុទ្ធភណ្ឌជាង១៦តោន នៅក្នុងទន្លេ ហើយភាគច្រើនជាប្រភេទគ្រាប់កាំភ្លើងស្វ័យប្រវត្តិ១២,៧មីលីម៉ែត្រ ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម។ លោក បន្តថា អាជ្ញាធរ ក៏បានរកឃើញគ្រោងឆ្អឹងមនុស្សចំនួន៦នាក់ដែរ។
 
បើតាមលោក ម៊ី សុភា ក្នុងចំណោមគ្រឿងយុទ្ធភណ្ឌទាំងអស់ គឺអាជ្ញាធរមីនបានប្រមូលយកគ្រឿងយុទ្ធភណ្ឌចំនួនជាង១តោនដែលពុកផុយ និងច្រែះ សម្រាប់កម្ទេចចោល ហើយគ្រឿងយុទ្ធភណ្ឌដែលសេសសល់គឺអាជ្ញាធរនឹងដោះបន្សាបដើម្បីរក្សាទុកក្នុងសារមន្ទីរ។ 


រូបភាពពីហ្វេសប៊ុកមជ្ឃមណ្ឌលជាតិរក្សាសន្តិភាព 

លោក មានប្រសាសន៍ថា៖«យុទ្ធភណ្ឌទាំងអស់នោះ វាត្រាំទឹកយូរ ខ្លះទៅវានៅរៀងល្អ យើងរក្សាទុកសម្រាប់ដោះបន្សាបឲ្យអស់ប្រសិទ្ធភាពទៅ យើងយកទៅរក្សាទុកនៅសារមន្ទីរ ហើយយុទ្ធភណ្ឌផ្សេងៗទៀត វាចាស់ខ្លាំងពេក បើយើងយកទៅដោះបន្សាបទៅ វាអាចមានបញ្ហា»។ 
 
លោក និយាយទៀតថា កិច្ចប្រតិបតិ្តការកម្ទេចគ្រាប់យុទ្ធភណ្ឌនេះនឹងបញ្ចប់នៅសប្តាហ៍នេះ។ លោក បន្ថែមថា គ្រឿងយុទ្ធភណ្ឌដែលកម្ទេចចោលនោះ គឺភាគច្រើន ជាគ្រាប់ផ្លោង និងអាវុធធន់តូច។ លោក ឡើកឡើងថា អាជ្ញាធរមីន បានប្រតិបត្តិការរុករក និងប្រមូលគ្រឿងយុទ្ធភណ្ឌក្នុងបាតទន្លេមេគង្គ តាំងពីចុងខែតុលា ឆ្នាំ២០២០មក៕ 
 


រូបភាពពីហ្វេសប៊ុកមជ្ឃមណ្ឌលជាតិរក្សាសន្តិភាព
 
 
 

Tag:
 យុទ្ធភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com