សិល្បៈអន្តរជាតិ
អន្តរជាតិ
អ្នកនិពន្ធរឿងភាគ «Oshin» ដ៏ល្បីល្បាញរបស់ជប៉ុន ស្លាប់ក្នុងអាយុ៩៥ឆ្នាំ
06, Apr 2021 , 8:37 am        
រូបភាព
ដោយ: ធីតា
អ្នកស្រី Sugako Hashida អ្នកនិពន្ធភាពយន្តជនជាតិជប៉ុនដែលមានឈ្មោះល្បីល្បាញជាលក្ខណៈអន្តរជាតិ ជាពិសេសរឿងភាគ «Oshin» កាលពីអំឡុងទសវត្សរ៍១៩៨០ បានទទួលមរណភាពកាលពីថ្ងៃទី៤ ខែមេសា ដោយសារជំងឺមហារីកកូនកណ្តុរ ក្នុងអាយុ៩៥ឆ្នាំ នៅផ្ទះរបស់ខ្លួននៅក្រុង Atami តំបន់ Shizuoka ប្រទេសជប៉ុន។


ភាពយន្តរឿង អូស្សីន (Oshin) ដែលមាន២៩៧ភាគ ត្រូវបានចាក់បញ្ចាំងលើកដំបូងនៅទូរទស្សន៍ជប៉ុន NHK នៅឆ្នាំ១៩៨៣។ រឿងនេះនិយាយពីការតស៊ូរបស់ស្ត្រីម្នាក់ដែលកូនក្នុងគ្រួសារអ្នកក្រ ហើយប្រឹងប្រែងតស៊ូក្នុងជីវិតរហូតដល់បានក្លាយជាស្ថានិកផ្សារទំនិញដ៏ជោគជ័យ។

ខ្សែភាពយន្តល្បីល្បាញពេញប្រទេសជប៉ុន ហើយត្រូវចាក់ផ្សាយនៅបណ្តាប្រទេសផ្សេងៗទៀត ដូចជា ចិន អ៊ីរ៉ង់ ថៃ សហរដ្ឋអាមេរិក រួមទាំងនៅទូរទស្សន៍ជាតិកម្ពុជា ផងដែរ។ អតីតប្រធានាធិបតីចិន Hu Jintao កាលពីឆ្នាំ២០០៨ ក៏បានអះអាងថា លោកក៏ជាអ្នកគាំទ្ររឿង Oshin នេះផងដែរ។

អ្នកស្រី Hashida ទទួលបាននូវការគោរពយ៉ាងច្រើនពីពលរដ្ឋជប៉ុន ជាពិសេសស្ត្រីមេផ្ទះ តាមរយៈការផលិតរឿងដែលលើកតម្លៃស្ត្រី។ ក្រៅពីរឿង Oshin គាត់មានស្នាដៃជាច្រើនទៀតដូចជារឿង "Wataru Seken wa Oni Bakari, Onna Taikoki ជាដើម។

តាមការផ្សាយរបស់ Kyodo News អ្នកស្រី Hashida មានឈ្មោះដើមថា Sugako Iwasaki ដែលកើតនៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ គាត់បានក្លាយជាអ្នកសរសេរអត្ថភាពភាពយន្ត បន្ទាប់ពីចូលរួមជាមួយក្រុមហ៊ុន Shochiku Co។
អ្នកស្រីទទួលបានពានរង្វាន់ជាច្រើន ដោយកាលពីឆ្នាំ២០២០ ទទួលបានឥស្សរិយយស Order of Culture ពីរដ្ឋាភិបាលជប៉ុន ចំពោះការរួមចំណែកលើកកម្ពស់វប្បធម៌ជប៉ុន៕


 

© រក្សាសិទ្ធិដោយ thmeythmey.com