ជាតិ
អ្នកស្រី សុខ គាង តួអង្គសំខាន់មួយរូបក្នុងការងារទទួលវ៉ាក់សាំងកូវីដ-១៩ ពីកម្មវិធីCovax មកកម្ពុជា
08, Apr 2021 , 11:49 am        
រូបភាព
អ្នកស្រី សុខ គាង គឺជាប្រធានផ្នែកលទ្ធកម្មនៃអង្គការយូនីសេហ្វ ប្រចាំប្រទេសកម្ពុជា។ រយៈពេលចុងក្រោយនេះ អ្នកស្រី សុខ គាង ជាតួអង្គសំខាន់ក្នុងការសម្របសម្រួល និងសហការជិតស្និទ្ធ ជាមួយក្រសួងសុខាភិបាល អង្គការសុខាភិភពលោកប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងការដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩ ក្រោមយន្តការ COVAX មកកម្ពុជា។ ក្រៅពីរៀបចំបញ្ជូនឯកសារពាក់ព័ន្ធ តាមដានពេលវេលាមកដល់របស់វ៉ាក់សាំង  ក្រុមការងារផ្នែកលទ្ធកម្ម នៃអង្គការយូនីសេហ្វប្រចាំកម្ពុជា មានការងារចម្បងផ្សេងទៀតដូចជាសហការរៀបចំឃ្លាំងស្តុក និងការដឹកជញ្ជូនវ៉ាក់សាំងទៅទុកក្នុងឃ្លាំងជាដើម។ ស្ត្រីវ័យ ៤១ឆ្នាំរូបនេះ អះអាងថា ខ្លួនពិតជាមានមោទកភាពយ៉ាងខ្លាំង ដែលបានចូលរួមចំណែក ក្នុងការងារនេះ វ៉ាក់សាំងបង្ការកូវីដ-១៩ គឺជាខែលដ៏ការពារអាយុជីវិតពលរដ្ឋកម្ពុជា។
 
អ្នកស្រី សុខ គាង គឺជាប្រធានផ្នែកលទ្ធកម្មនៃអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា។ អង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់មួយ ក្នុងការការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជា អង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដើម្បីសម្របសម្រួលការមកដល់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រោមយន្តការ Covax មកកាន់ប្រទេសកម្ពុជា។ 
 
តាមរយៈយន្តការនេះ វ៉ាក់សាំងជាង ៣២ម៉ឺនដូស ដំណាក់កាលដំបូង ត្រូវបានដឹកមកដល់កម្ពុជា កាលពីដើមខែមីនាកន្លងទៅ។ អ្នកស្រី សុខ គាង ប្រធានផ្នែកលទ្ធកម្មប្រចាំអង្គការយូនីសេហ្វ រៀបរាប់ពីដំណើរការងារយ៉ាងដូច្នេះថា៖ «នៅក្នុងការសហការនេះ គឺមានការសម្របសម្រួល និងសហការយ៉ាងស្អិតល្មួត ពីរាជរដ្ឋាភិបាល ពីខាងកម្មវិធី Covax ដើម្បីឱ្យមានឯកសារចាំបាច់ទាំង៣ ក្រោមយន្តការ Covax ដើម្បីបញ្ជូនឱ្យគាត់ទាន់ពេល។ អ៊ីចឹងតួនាទីខាងខ្ញុំនេះ គឺបញ្ចូនឯកសារ នៅពេលដែលឯកសារបានធ្វើរួចរាល់ ហើយច្បាស់ថាយើងបានទទួលវ៉ាក់សាំង តាមអ្វីដែលបានគ្រោងទុក»។
 
 រូបភាពផ្តល់ដោយ អង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា
 
ក្រៅពីការធ្វើការងារបញ្ជូនឯកសារហើយនោះ អ្នកស្រី សុខ គាង និងក្រុមការងារក៏ត្រូវតាមដានឱ្យដឹង ពីពេលវេលាដែលវ៉ាក់សាំង នឹងត្រូវដឹកមកដល់កម្ពុជាឱ្យជាក់លាក់ ដើម្បីឱ្យពិធីប្រគល់ និងទទួលវ៉ាក់សាំង អាចរៀបចំទៅបាន។ លើសពីនេះទៀត ក្រុមការងារផ្នែកលទ្ធកម្មរបស់យូនីសេហ្វ និងក្រសួងសុខាភិបាល ក៏ត្រូវត្រៀមឱ្យរួចរាល់ ទីតាំងស្តុកវ៉ាក់សាំង និងការដឹកជញ្ជូនទៅរក្សាទុក ឱ្យមានសុវត្ថិភាព តាមលក្ខៈបច្ចេកទេសផងដែរ។ 
 
កម្ពុជាត្រូវបានរំពឹងថា នឹងទទួលបានវ៉ាក់សាំងប្រមាណ២០ភាគរយ នៃចំនួនប្រជាជន ដែលស្មើនឹងប្រមាណ៧លានដូស ពីយន្តការ Covax។ ទោះយ៉ាងណា នៅក្នុងដំណាក់កាលដំបូង កម្ពុជាទើបទទួលបានវ៉ាក់សាំងជាង៣២ម៉ឺនដូសប៉ុណ្ណោះ។ ដូច្នេះវ៉ាក់សាំងនៅសល់ជាង ៦លានដូសទៀត ត្រូវបានរំពឹងថា នឹងដឹកជញ្ជូនមកកម្ពុជា ជាបន្តបន្ទាប់ នៅក្នុងឆ្នាំ២០២១នេះ។ អ្នកស្រី សុខ គាង បានអះអាងថា ក្រុមការងាររបស់ខ្លួន បានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការទទួលយកវ៉ាក់សាំងជាបន្តបន្ទាប់នេះ។  
 
ស្ត្រីវ័យ ៤១ឆ្នាំរូបនេះ អះអាងថា ខ្លួនពិតជាមានមោទកភាពយ៉ាងខ្លាំង ដែលបានចូលរួមចំណែកក្នុងការងារសម្របសម្រួលការមកដល់នៃវ៉ាក់សាំងបង្ការកូវីដ-១៩ ព្រោះវ៉ាក់សាំង នឹងជួយការពារអាយុជីវិតពលរដ្ឋកម្ពុជា។ «អ្វីដែលខ្ញុំសប្បាយចិត្ត គឺវ៉ាក់សាំងនេះ ជាអ្វីដែលជួយសម្រួលទៅដល់សេដ្ឋកិច្ចយើងឡើងវិញ ក៏ដូចជាអាចការពារជីវិតប្រជាជន ការកាត់បន្ថយការឆ្លងឱ្យបានច្រើន ហើយនឹងយើងអាចមានសេរីភាពក្នុងការដើរហើរ និងអាចមានលទ្ធភាពបើកសាលារៀន ដើម្បីក្មេងៗបានចូលរៀនឡើងវិញ»។  នេះជាការបញ្ជាក់របស់អ្នកស្រី សុខ គាង។ 
 
 
 
ក្រៅពីចំណេះ អ្នកស្រី សុខ គាង ចង់ឱ្យយុវជនស្តាប់មតិកែលម្អ ដើម្បីភាពរីកចម្រើន
 
អ្នកស្រី សុខ គាង មានស្រុកកំណើតនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ រយៈពេលប្រមាណ៧ឆ្នាំ ហើយដែលអ្នកស្រី បានបំពេញការងារនៅអង្គការយូណីសេហ្វ ហើយគាត់ ក៏មានបទពិសោធន៍ការងារនៅអង្គការផ្សេងប្រមាណ ១៣ឆ្នាំដែរ។ តាមពិតទៅ គ្រួសារសុខ គាង មានជីវភាពមិនធូរធារនោះទេ ប៉ុន្តែ អ្នកស្រី សុខ គាង ក៏មិនបណ្តោយឱ្យភាពក្រីក្រ មករារាំងការអប់រំរបស់ខ្លួននោះដែរ។ 
 
ក្រោយប្រឡប់ជាប់បាក់ឌុប នៅអំឡុងឆ្នាំ២០០០ អ្នកស្រី សុខ គាង បានចាកចេញពីស្រុកកំណើតមករស់នៅរាជធានីភ្នំពេញ ជាមួយបងប្រុស។ ដោយសារតែមិនទាន់មានលទ្ធភាពបង់ថ្លៃសិក្សា អ្នកស្រី សុខ គាង បានចំណាយប្រហែល១ឆ្នាំ ក្នុងការសិក្សាវគ្គខ្លីៗតាមអង្គការ ដែលគេបង្រៀនដោយឥតគិតថ្លៃ។ បន្ទាប់ពីនោះ អ្នកស្រីក៏បានចូលធ្វើការងារស្ម័គ្រចិត្តសន្សំបទពិសោធន៍ រហូតទទួលបានឱកាសការងារ ដែលមានប្រាក់កម្រៃប្រចាំខែ។ តាមអ្នកស្រី សុខ គាង គាត់បានសន្សំប្រាក់ខែ ដើម្បីបង់ថ្លៃសិក្សាដោយខ្លួនឯង ហើយក៏បន្តធ្វើការបណ្តើរ រៀនបណ្តើរ។ 
 
 
សម្រាប់អ្នកស្រី ការសិក្សា ជាគោលដៅធំបំផុតសម្រាប់ខ្លួន នៅពេលសម្រេចចិត្តមករស់នៅភ្នំពេញ។ អ្នកស្រី ជឿថា ការអប់រំ និងការខំប្រឹងប្រែង នឹងធ្វើឱ្យអ្នកស្រី ទទួលបានការងារល្អមួយ ហើយអាចជួយឱ្យគ្រួសារខ្លួន មានជីវភាពគ្រាន់បើឡើង។ អ្នកស្រី សុខ គាង បានបន្តសិក្សារហូតបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង នៅរាជធានីភ្នំពេញ ស្របពេលដែលការងារ អ្នកស្រី ក៏កាន់តែបានទទួលលទ្ធផលវិជ្ជមាន រហូតបានក្លាយជាប្រធានផ្នែកលទ្ធកម្ម នៅអង្គការយូណីសេហ្វ ដូចបច្ចុប្បន្នេះ។  «ខ្ញុំជឿជាក់ថា ខ្លួនខ្ញុំនឹងអាចឈានដល់គោលដៅ ដែលខ្ញុំបានដៅទុក ដោយសារតែខ្ញុំមានទម្លាប់មួយ គឺឧស្សាហ៍ ព្យាយាម មិនគេចវេះ។ អ្វីៗ គឺខ្ញុំធ្វើទាំងយកចិត្តទុកដាក់ ទាំងពេញចិត្ត។ អ៊ីចឹង នៅពេលដែលយើងធ្វើការងារទាំងពេញចិត្ត ទាំងយកចិត្តទុកដាក់ បូករួមនឹងការរៀនសូត្របន្ថែម អាចធ្វើឱ្យយើងដើរទៅមុខពីមួយជំហ៊ាន»។
 
សម្រាប់ស្ត្រី វ័យ ៤១ឆ្នាំ ដែលមានបទពិសោធន៍ក្នុងការងារប្រមាណ២០ឆ្នាំមកនេះ ដើម្បីក្លាយជាធនធានដ៏មានគុណភាពនៅក្នុងស្ថាប័ន គឺគ្មានអ្វីក្រៅពីចំណេះដឹង ជំនាញ និងភាពឧស្សាហ៍ព្យាយាម ក្នុងការងារនោះឡើយ។ លើសពីនេះ បុគ្គលនោះ ក៏ត្រូវតែជាមនុស្សស្មោះត្រង់ និងចេះបើកចិត្តទទួលយកមតិយោបល់កែលម្អ ពីអ្នកដទៃផងដែរ។ អ្នកស្រី សុខ គាង បញ្ជាក់ថា៖ «បុគ្គលដែលគាត់អាច ក្លាយជាបុគ្គល ដែលមានគុណភាពក្នុងការងារ គឺទី១ត្រូវមានចំណេះ មានជំនាញ គាត់ត្រូវតែជាមនុស្សដែលធ្វើការដោយឧស្សាហ៍ ព្យាយាម។ គាត់ត្រូវតែមានភាពម្ចាស់ការនៅក្នុងការងាររបស់គាត់ និងការទទួលខុសត្រូវខ្ពស់ ហើយនឹងការបើកចំហទទួលយកនូវ គេហៅថា ការរិះគន់ បែបស្ថាបនា។ ខ្ញុំគិតថានៅពេលគាត់អាចបើកចំហ ទទួលយកការរិះគន់ បែបស្ថាបនា គាត់តែងតែមានការអភិវឌ្ឍន៍ ទៅមុខរហូត។ កុំគិតវា ក្នុងផ្លូវអវិជ្ជមាន»។
 
 

 
ក្នុងនាមជាអ្នកម្តាយ ជាកូនស្រី ជាស្ត្រីអ្នកសម្រេចចិត្តមួយរូប នៅក្នុងស្ថាបនការងារ អ្នកស្រី សុខ គាង ក៏ចង់ឱ្យស្ត្រីវ័យក្មេងជំនាន់ក្រោយ ត្រូវតែឧស្សាហ៍ ព្យាយាម មានការជឿជាក់លើខ្លួនឯង និងមានគោលដៅជីវិតច្បាស់លាស់ផងដែរ។ ជាពិសេស គឺការអភិវឌ្ឍន៍ខ្លួន និងត្រៀមខ្លួនរួចជាស្រេច ក្នុងការចាប់យកឱកាសលូតលាស់កាន់តែប្រសើរ។ «ត្រូវតែមានទឹកចិត្តក្នុងជឿជាក់លើខ្លួនឯង ត្រូវតែផ្តល់ក្តីសង្ឃឹមឱ្យខ្លួនឯង ត្រូវតែមានគោលដៅច្បាស់ ត្រូវតែឧស្សាហ៍ព្យាយាម និងត្រៀមអភិវឌ្ឍន៍ខ្លួនគ្រប់នាទី កាលណាតែឱកាសមកដល់ គឺយើងអាចចាប់យកវាបាន។ នេះជាចំណុចសំខាន់»៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com