អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកនយោបាយម្នាក់នៅម៉ិកស៊ិកចេញពីមឈូសពេលផ្តើមឃោសនារកសំឡេងឆ្នោត
10, Apr 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
បេក្ខជនសភាម្នាក់នៅម៉ិកស៊ិក បានចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោត កាលពីថ្ងៃទី៦ ខែមេសា ដោយចេញ-ចូលក្នុងមឈូស ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនលើករណីស្លាប់មនុស្សរាប់ពាន់ម៉ឺននាក់ដោយសារកូវីដ-១៩ និងអំពើហិង្សាផ្សេងទាក់ទងនឹងការបង្ក្រាបក្រុមជូញដូរគ្រឿងញៀន។
 
យោងតាមការផ្សាយរបស់ AFP លោក Carlos Mayorga ជាបេក្ខជនសភាជាន់ទាបម្នាក់ពីគណបក្ស Encuentro Solidario (ជំនួបសាមគ្គី) ប្រចាំរដ្ឋ Chihuahua។ លោកបានចេញពីក្នុងមឈូសលាបពណ៌មាសមួយ ដោយលោកចង់ផ្ញើសារទៅកាន់បណ្តាអ្នកនយោបាយថា ការសម្រេចចិត្តខុសរបស់ពួកគេនាំឲ្យប្រជាជនស្លាប់។
 
យុទ្ធនាការឃោសនារបស់លោក Mayorga បានចាប់ផ្តើមនៅលើស្ពានមួយនាព្រំប្រទល់ក្រុង Ciudad Juarez រដ្ឋ Chihuahua ជាមួយនឹងក្រុង El Paso រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ លោកមានជំនួយការជាច្រើននាក់ដែលសែងមឈូស និងកាន់បាច់ផ្កា ដើម្បីឲ្យពលរដ្ឋម៉ិកស៊ិកទាំងអស់ផ្តោតអារម្មណ៍លើចំនួនមនុស្សដែលស្លាប់កាន់តែច្រើនឡើងនៅប្រទេសក្នុងតំបន់អាមេរិកខាងជើងមួយនេះ។
 
គិតត្រឹមថ្ងៃទី៩ ខែមេសា នេះ ម៉ិកស៊ិកមានអ្នកឆ្លងជិត២,៥លាននាក់ដោយស្ថិតនៅលំដាប់ទី១៤លើពិភពលោក ប៉ុន្តែជាប្រទេសទី៣ដែលមានអ្នកស្លាប់ច្រើនជាងគេ ពោលគឺរហូតដល់ទៅជាង២០ម៉ឺននាក់ បន្ទាប់សហរដ្ឋអាមេរិក ជាង៥៧ម៉ឺននាក់ និងប្រេស៊ីល ជាង៣៤,៥ម៉ឺននាក់។
 
ទាក់ទងនឹងករណីស្លាប់ដោយសារប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅម៉ិកស៊ិក ចំនួនមានដល់ទៅជាង៣០ម៉ឺននាក់ ពោលគឺចាប់តាំងពីរដ្ឋាភិបាលពង្រាយកម្លាំងទ័ពសម្រាប់សង្គ្រាមប្រឆាំងគ្រឿងញៀនចាប់តាំងពីឆ្នាំ២០០៦មក។
 
យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅម៉ិកស៊ិក នាពេលបច្ចុប្បន្ននេះ មានសភាពតានតឹងយ៉ាងខ្លាំង ដោយសារហិង្សានយោបាយ ហើយបេក្ខជន១៦ហើយដែលត្រូវបានសម្លាប់។ នេះបើយោងតាម AFP៕
 

© រក្សាសិទ្ធិដោយ thmeythmey.com