ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កូវីដ-១៩ បានធ្វើឲ្យពលរដ្ឋក្នុងតំបន់ភ្នំឱរ៉ាល់ បាត់បង់ចំណូលទាំងស្រុង
10, Apr 2021 , 8:59 am        
រូបភាព
ក្រោយផ្អាកដំណើរការភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់ចាប់តាំងពីថ្ងៃទី១១ មីនាមក ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ពលរដ្ឋដែលរស់នៅតំបន់ភ្នំឱរ៉ាល់ជាង៣០គ្រួសារ បានបាត់បង់ប្រភពចំណូលទាំងស្រុង។  លោក ឈឺន ឈីម មគ្គទេសក៍នាំភ្ញៀវឡើងភ្នំឱរ៉ាល់ បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ពលរដ្ឋក្នុងតំបន់ភ្នំឱរ៉ាល់ រស់នៅពឹងផ្អែកលើការផ្ដល់សេវាទេសចរណ៍ ដូចជានាំភ្ញៀវឡើងភ្នំ ធ្វើម្ហូបសហគមន៍ ផ្ដល់សេវាស្នាក់នៅ ដឹកអីវ៉ាន់ និងស្ពាយអីវ៉ាន់ឡើងភ្នំជាដើម។ បច្ចុប្បន្ន ពលរដ្ឋទាំងនោះ ងាកមកធ្វើស្រែ ចម្ការវិញ ដើម្បីចិញ្ចឹមជីវិត ក្នុងគ្រាដ៏លំបាក។

 
ភ្នំឱរ៉ាល់ ជាតំបន់សក្ដានុពលទេសចរណ៍ធម្មជាតិ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។ ក្នុងមួយឆ្នាំ តំបន់ទេសចរណ៍មួយនេះ មានភ្ញៀវទេសចរទៅកម្សាន្តរាប់ពាន់នាក់ ដែលអាចផ្ដល់ចំណូលដល់ពលរដ្ឋរស់នៅទីនោះ សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ បានយ៉ាងប្រសើរ។ លោក ឈឺន ឈីម មគ្គទេសក៍នាំភ្ញៀវឡើងភ្នំឱរ៉ាល់ បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ពលរដ្ឋក្នុងតំបន់ភ្នំឱរ៉ាល់ ចំនួន៣៥គ្រួសារ រស់នៅពឹងផ្អែកលើការផ្ដល់សេវាទេសចរណ៍ ដូចជានាំភ្ញៀវឡើងភ្នំ ធ្វើម្ហូបសហគមន៍ ផ្ដល់សេវាស្នាក់នៅ ដឹកអីវ៉ាន់ និងស្ពាយអីវ៉ាន់ឡើងភ្នំជាដើម។
 
ក្រោយការរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍ សហគមន៍២០កុម្ភៈ អាជ្ញាធរខេត្តកំពង់ស្ពឺ បានផ្អាកភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់ ដើម្បីទប់ស្កាត់ការចម្លងជំងឺចូលសហគមន៍។ ការផ្អាកនេះ បានធ្វើឲ្យពលរដ្ឋក្នុងតំបន់នោះ រងផលប៉ះពាល់ខ្លាំង ព្រោះត្រូវបាត់បង់ចំណូលពីភ្ញៀវទេសចរទាំងស្រុង។ នេះបើតាមរៀបរាប់របស់លោក ឈឺន ឈីម ដោយបន្តថា តំបន់ភ្នំឱរ៉ាល់ ត្រូវបិទទាំងស្រុងមួយរយៈចំពោះភ្ញៀវទេសចរ ហើយបើអ្នកមានធុរៈការងារនៅទីនេះ នៅតែអាចចូលបាន ប៉ុន្តែអត់មានទំនាក់ទំនងជាមួយសហគមន៍ឡើយ។ 
 
នៅពេលបាត់បង់ចំណូលពីវិស័យទេសចរណ៍ ពលរដ្ឋក្នុងតំបន់នេះ បាននាំគ្នាធ្វើស្រែចម្ការ ដាំដំណាំ សម្រាប់បរិភោគ និងធ្វើអាជីវកម្មតិចតួចប៉ុណ្ណោះ។ «យើងផ្លាស់ប្ដូរមកនាំប្រជាពលរដ្ឋប្រកបអាជីវកម្ម ជាកសិកម្ម ដាំពោត ដាំបន្លែ អីផ្សេងៗគ្រាន់បានចំណូលខ្លះ ដើម្បីចិញ្ចឹមគ្រួសាររៀងៗខ្លួន។ ក្រៅពីធ្វើកសិកម្ម ប្រជាពលរដ្ឋខ្លះគាត់អាចទៅរកអូស ដុតឈើងាប់ យកទៅលក់នៅខាងក្រោមអ៊ីចឹងក៏មាន»។ នេះបើតាមការបញ្ជាក់របស់លោក ឈឺន ឈីម ដោយបន្តថា ដំណាំទាំងអស់ហ្នឹង បើសិនជាអ្នកដែលដាំច្រើន ពួកគេអាចយកមកលក់ខ្លះបានដើម្បីបានចំណូល ប៉ុន្តែវាតិចជាងអ្វីដែលគាត់ធ្លាប់រកបានពីការជូនភ្ញៀវ វាគ្រាន់តែបានតិចតួចទៅតាមអ្វីដែលគាត់អាចធ្វើបាន។


លោក ឈឺន ឈីម មគ្គទេសក៍ទេសចរណ៍នាំភ្ញៀវឡើងភ្នំឱរ៉ា់ល់
 
សម្រាប់លោក ឈឺន ឈីម ដែលជាមគ្គទេសក៍នាំភ្ញៀវឡើងភ្នំ ក៏មិនខុសពីពលរដ្ឋដទៃដែរ ព្រោះត្រូវបាត់បង់ចំណូលទាំងស្រុង ក្នុងកាលៈទេសៈដ៏លំបាក។ មគ្គទេសក៍រូបនេះ រៀបរាប់ប្រាប់ថ្មីៗ២៥ ដូច្នេះថា៖«សម្រាប់ខ្ញុំផ្ទាល់ និយាយរួមទៅបញ្ហាលំបាកខ្លាំង ដោយសារតែពីមុនខ្ញុំផ្ដោតតែលើវិស័យទេសចរណ៍ ការនាំភ្ញៀវហ្នឹង។ ខ្ញុំគ្មានជម្រើសអ្វីផ្សេង ដោយសារតែខ្ញុំជាអ្នកគ្រប់គ្រងគឺ យើងគ្រប់គ្រងតែសេវានាំភ្ញៀវ ហើយនៅពេលដែលយើងបិទអ៊ីចឹង គឺមានបញ្ហាច្រើន។ យើងអត់មានការងារអីផ្សេង ក្រៅពីការទំនាក់ទំនងភ្ញៀវហ្នឹង នាំភ្ញៀវដើរកម្សាន្តហ្នឹង»។ លោក បន្តថា លោក ដាំដំណាំសម្រាប់ទុកបរិភោគ ក្នុងគ្រួសារប៉ុណ្ណោះ មិនធ្វើអាជីវកម្មដូចពលរដ្ឋដទៃឡើយ។
 
បើសិនជាជំងឺកូវីដ-១៩ នៅតែអូសបន្លាយពេលបែបនេះ ពលរដ្ឋទាំងអស់ នឹងលំបាកខ្លាំង ព្រោះពួកគេ មិនអាចធ្វើអ្វីក្រៅពីនេះបានឡើយ។ បច្ចុប្បន្ន អ្នករស់នៅទីនោះ បន្តរង់ចាំការបើកដំណើរការ ទទួលភ្ញៀវទេសចរឡើងភ្នំ ដើម្បីស្ដារជីវភាពពួកគេពីវិស័យទេសចរឡើងវិញ។ «សម្រាប់សហគមន៍ ក៏ដូចជារូបខ្ញុំ គ្មានជម្រើសអ្វីទេ ក្រៅពីរង់ចាំឲ្យកូវីដថយចុះ។ បើមិនអ៊ីចឹងគឺមានតែធ្វើស្រែចម្ការ កសិកម្មបន្តិចបន្ដួច គ្រាន់ដោះស្រាយជីវភាពក្នុងគ្រួសារ»។ នេះជាការលើកឡើងរបស់ លោក ឈឺន ឈីម អ្នកនាំភ្ញៀវឡើងភ្នំឱរ៉ាល់។
 
ទោះជាយ៉ាង សម្រាប់លោក ឈីម នៅតែរំពឹងថា ក្រោយបញ្ហាជំងឺកូវីដ-១៩ធូរស្បើយ តំបន់ទេសចរណ៍ធម្មជាតិភ្នំឱរ៉ាល់មួយនេះ នឹងមានភ្ញៀវទេសចរមកកម្សាន្តច្រើន។ អំឡុងពេលទំនេរពីការផ្អាកដំណើរការនេះ លោក ឈីម រួមទាំងពលរដ្ឋក្នុងសហគមន៍ បានត្រៀមផ្លូវដើរថ្មីៗ និងរុករកកន្លែងទស្សនាធម្មជាតិជាច្រើន សម្រាប់ទទួលភ្ញៀវទេសចរដែលធ្លាប់មក និងអ្នកដែលចង់សាកល្បងឡើងភ្នំ ដើម្បីទទួលបានបទសោធន៍ថ្មីៗ ក្រោយចប់កូវីដ-១៩៕
 

Tag:
 ភ្នំឱរ៉ាល់
© រក្សាសិទ្ធិដោយ thmeythmey.com