សង្គមជាតិ
ការសម្រុកទិញទំនិញ«ស្តុកទុកទាំងស្លន់ស្លោ» រឹតតែធ្វើឲ្យអ្នកខ្សត់ខ្សោយលំបាកទ្វេដង
10, Apr 2021 , 7:05 pm        
រូបភាព
ពលរដ្ឋប្រជ្រៀតគ្នា ទិញត្រី និង សាច់ នៅក្នុងផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ  នៅព្រឹកថ្ងៃទី ១០ មេសា។ រូបភាពពីហ្វេសប៊ុក Mak Nita
ពលរដ្ឋប្រជ្រៀតគ្នា ទិញត្រី និង សាច់ នៅក្នុងផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី ១០ មេសា។ រូបភាពពីហ្វេសប៊ុក Mak Nita
 
គ្រោះថ្នាក់ ឬកាលៈទេសៈអាសន្នអាចធ្វើឲ្យមនុស្សម្នាក់ៗបង្ហាញអត្តចរិតពិតប្រាកដ។ ខ្លះបង្ហាញចរិតល្អ ខ្លះទៀតបង្ហាញចរិតមិនសូវល្អ និងអាត្មានិយមបន្តិច។ ដូចបានឃើញស្រាប់ សកម្មភាពនានាដែលកើតឡើងអំឡុងពេលមេរោគរាតត្បាតកូវីដ-១៩ ក្នុងសង្គមខ្មែរ។ អ្វីដែលគួរឲ្យត្រេកអរ និងកោតសរសើរបងប្អូនជាច្រើនបន្តចេញមុខលះបង់ធនធានផ្ទាល់ខ្លួនឬប្រមែរប្រមូលវិភាគទានដើម្បីបរិច្ចាគដល់អ្នករងផលប៉ះពាល់ខ្លាំងជាពិសេសប្រជាពលរដ្ឋក្រីក្រនៅក្នុងរាជធានីភ្នំពេញដែលកំពុងប្រឈមនឹងវិបត្តិកូវីដធ្ងន់ធ្ងរ។ ស្របពេលជាមួយគ្នានោះ មនុស្សមួយចំនួនក៏បញ្ចេញ ឥរិយាបថមិនសមរម្យខ្លះតាមរយៈការសម្រុកទិញឥវ៉ាន់ទុកទាំងស្លន់ស្លោខ្វះការគិតពិចារណា ធ្វើឲ្យតម្លៃទំនិញឡើងថ្លៃ​​ប៉ះពាល់ជីវភាពបងប្អូនពលរដ្ឋខ្សត់ខ្សោយថែមទៀតផង។
សាលារាជធានីភ្នំពេញបានសម្រេចបិទសង្កាត់ និងភូមិនៅខណ្ឌចំនួនបីក្នុងរយៈពេល ១៤ថ្ងៃដើម្បីធានាថា ការបន្តឆ្លងមេរោគកូវីដ ១៩ នឹងត្រូវបានកាត់ផ្តាច់ ខណៈដែលករណីឆ្លងថ្មីកើនឡើងគួរឲ្យបារម្ភ។​ ​ទោះមានការបញ្ជាក់ពីការអនុគ្រោះមួយចំនួនទាក់ទិននឹងទិញស្បៀងអាហារ និងមានការធានាពីអាជ្ញាធរជុំវិញការផ្តល់សេវាសាធារណៈផ្សេងនានាក៏ដោយ បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលមិនប៉ះពាល់ដោយសារការបិទខ្ទប់នេះសោះ បែរជាចាប់ផ្តើមព្យាយាមប្រជ្រៀតគ្នាទិញ ទំនិញឬម្ហូបអាហារដើម្បីស្តុកព្រោះតែក្តីស្លន់ស្លោរទៅវិញ។
 
សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីបានបញ្ជាក់ច្បាស់ថា វិធានការនេះមិនប៉ះពាល់ដល់ការស្វែងរកស្បៀងអាហារបរិភោគរបស់ពលរដ្ឋដែលរស់នៅក្នុងតំបន់រាំងខ្ទប់ឡើយ កុំថាឡើយដល់ពលរដ្ឋក្នុងរាជធានីទាំងមូល។ យោងតាមសេចក្តីសម្រេចនោះ សមាជិកក្រុមគ្រួសារពីរនាក់អាចត្រូវបានអនុញ្ញាតដោយអាជ្ញាធរដើម្បីចេញក្រៅពីរដងក្នុងមួយសប្តាហ៍ ដើម្បីទិញទំនិញម្ហូបអាហារឬសម្ភារចាំបាច់នានាសម្រាប់បម្រើជីវភាពប្រចាំថ្ងៃ។ ចំណែកអាជ្ញាធរក៏បានត្រៀមលក្ខណៈដើម្បីជួយដល់ប្រជាពលរដ្ឋដែលខ្វះខាត និងត្រូវការការទ្រទ្រង់ក្នុងកាលៈទេសៈដ៏លំបាកនេះដូចគ្នា។ 
 
ក្រឡេកទៅមើល ស្ថានភាពប្រទេសកម្ពុជាដែលមានប្រជាជនសរុបប្រហែលជិត ១៦លាននាក់ និងរាជធានីភ្នំពេញមានប្រជាជនប្រហែលជាង ២ លាននាក់នោះវិញម្តង។ ស្ថានភាពបច្ចុប្បន្ន មិនមានសញ្ញាណាមួយដែលបង្ហាញថា កម្ពុជាប្រឈមនឹងការខ្វះខាតទំនិញឬស្បៀងសម្រាប់ប្រជាជនប្រើប្រាស់ឡើយ។ រដ្ឋាភិបាលក៏បានបញ្ជាក់ម្តងជាពីរដងថា ការត្រៀមស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ត្រូវបានគិតគូរត្រឹមត្រូវរួចរាល់ហើយក្នុងកាលៈទេសៈបន្ទាន់បង្ខំណាមួយ។ ម្យ៉ាងទៀត វាជារឿងចាំបាច់ដែលពលរដ្ឋត្រូវដឹងថា គ្មានលក្ខខណ្ឌនៃការបិទខ្ទប់ទីក្រុងណាមួយលើលោក ដែលមិនអនុញ្ញាតឲ្យពលរដ្ឋស្វែងរក ឬមានម្ហូបអាហារសម្រាប់​ហូប​ចុកប្រចាំថ្ងៃឡើយ។ 
 
ដូច្នេះហើយ បងប្អូនប្រជាជនដែលមានលទ្ធភាពច្រើន ឬមធ្យម ដែលប្រឹងស្តុកទំនិញទុកឥឡូវនេះ គួរពិចារណាឡើងវិញម្តងទៀត។ ឥរិយាបថមិនសមទំនង និងខ្វះការពិចារណា របស់យើងពេលនេះ ជះឥទ្ធិពលខ្លាំងណាស់លើសង្គមទាំងមូល ជាពិសេសជនងាយរងគ្រោះជាពិសេសអ្នកមានជីវភាពក្រីក្រខ្សត់ខ្សោយ​ដែលកំពុងរងគ្រោះរួចទៅហើយដោយសារវិបត្តិមេរោគរាតត្បាត។
 
វាជារឿងល្អ និងចាំបាច់ដែលយើងគួរត្រៀមស្បៀងអាហារ គ្រឿងបរិភោគ និង ថ្នាំសង្កូវខ្លះៗសម្រាប់ប្រើប្រាស់បន្ទាន់បង្ខំ។ ប៉ុន្តែវាមិនមែនមានន័យថា យើងត្រូវចេញប្រជ្រៀតគ្នាទិញទំនិញច្រើនហួសក្នុងពេលខ្លី ដើម្បីស្តុកទុក ឬទិញរបស់របរដែលច្រើនលើសតម្រូវការជាក់ស្តែងនោះឡើយ។ ពលរដ្ឋខ្លះដោយសារមានជីវភាពធូរធារ បានព្យាយាមសម្រុកទិញទុកគ្រប់យ៉ាង ទាំងរបស់របរមិនចាំបាច់ ឬលើសតម្រូវការប្រើប្រាស់សម្រាប់ក្រុមគ្រួសារខ្លួនទៅទៀត។
គេគួរយល់ថា រាល់ការសម្រុកទិញទំនិញនានារបស់បងប្អូនពលរដ្ឋនឹងធ្វើឲ្យទំនិញខ្វះខាតសម្រាប់ការផ្គត់ផ្គង់ក្នុងរយៈពេលខ្លី។ ក្នុងន័យនេះ វាអនុញ្ញាតឲ្យឈ្មួញអាចដំឡើងថ្លៃទំនិញបាន។ បញ្ហានេះកំពុងកើតមាន រួចទៅហើយក្នុងទីក្រុងភ្នំពេញ ដ្បិតថា មនុស្សច្រើនហូរហែ ចេញក្រៅទិញទំនិញទុកតាមគ្នីតាមគ្នានោះបានធ្វើឲ្យគ្រឿងឧបភោគបរិភោគមួយចំនួនឡើងថ្លៃ ពិសេសអាហារចាំបាច់ដូចជាសាច់ជ្រូក សាច់គោ សាច់មាន់ និងត្រីជាដើម។ 
តូបលក់បន្លែត្រីសាច់មួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។ រូបភាពដោយ៖  ញឹក ស្រីលក្ខ។

បើសិនជាក្រុមគ្រួសារដែលមានលទ្ធភាពនោះ វាទំនងមិនចោទជាបញ្ហាទេ។ ប៉ុន្តែសាកស្រមៃមើលបន្តិច រឿងនេះអាចនឹងលំបាកបែបណា សម្រាប់បងប្អូនក្រីក្រដែលកំពុងរងគ្រោះស្រាប់ដោយសារការរាតត្បាតនៃមេរោគ និងបាត់បង់ចំណូល។ 
 
ជាការពិតណាស់ថា ពួកគាត់នឹងប្រឈមការលំបាក ឬអាចខ្វះខាតលទ្ធភាពទិញម្ហូបអាហារ ឬទំនិញចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង។ ដូច្នេះ សូមកុំព្រោះតែការមិនបានគិតគូរដិតដល់ និងភាពអាត្មានិយមរបស់យើងមួយពេលធ្វើឲ្យមនុស្សដទៃមានទុក្ខទ្វេដង។  
 
ក្នុងស្ថានភាពលំបាកដូចបច្ចុប្បន្ន វាជារឿងចំាបាច់ដែលបងប្អូនពលរដ្ឋយើងស្វែងយល់ពីព័ត៌មានដែលផ្តល់ដោយអ្នកជំនាញ និងស្តាប់ការណែនាំដោយអាជ្ញាធរមានសមត្ថកិច្ច ជាជាងអនុញ្ញាតឲ្យភាពភ័យខ្លាចគ្របដណ្តប់លើការសម្រេចចិត្តឬធ្វើសកម្មភាពនានា។ក្រៅពីការចូលរួមអនុវត្តវិធានការអនាម័យទប់ស្កាត់ការឆ្លង វាចាំបាច់ដែលប្រជាជនយើងគ្រប់ស្រទាប់វណ្ណៈពិចារណាឲ្យបានដិតដល់ ចៀសវាងសកម្មភាពទាំងឡាយណាដែលខុសទំនង មិនសមហេតុផល និងបង្កផលប៉ះពាល់ដល់បងប្អូនពលរដ្ឋដទៃ។
 
ម្យ៉ាងទៀតការបន្តប្រជ្រៀតគ្នាចេញក្រៅទៅទិញទំនិញតាមផ្សារ បង្កហានិភ័យកាន់តែខ្ពស់ថែមទៀត ចំពោះការចម្លងមេរោគបន្តគ្នា ខណៈដែលការរាតត្បាតនេះឆ្លងដល់ផ្សារ និងរោងចក្ររួចទៅហើយ។ នេះក៏​ដោយ វាប្រាកដណាស់ថា គ្មានឡើយការអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាពបានត្រឹមត្រូវ។ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋពិចារណាឡើងវិញជាថ្មីចំពោះការបន្តចេញក្រៅដណ្តើមគ្នាទិញទំនិញស្តុកទុក ទាំងស្លោស្លន់។ 
 
ដើម្បីដោះស្រាយ បញ្ហានេះ វាពិតជាត្រូវការសហការទាំងពីខាងភាគីអ្នកផ្គត់ផ្គង់ទំនិញ និងការអន្តរាគមន៍ខ្ជាប់ខ្ជួន និងទាន់ពេលវេលារបស់អាជ្ញាធរមានសមត្ថកិច្ចផង។ ផ្សារទំនើប ឬទីតាំងលក់ទំនិញធំៗអាចមានលទ្ធភាពខ្ពស់ និង កម្រិតបរិមាណទំនិញដែលមនុស្សម្នាក់អាចទិញបាន ហើយតាមបទពិសោធន៍នៅប្រទេសមួយចំនួន គេអាចការអនុញ្ញាតឲ្យពលរដ្ឋទិញតែតាមរយៈប្រព័ន្ធអនឡាញប៉ុណ្ណោះ។  
 
អាជ្ញាធរក៏មានតួនាទីចេញពន្យល់ និងបកស្រាយធ្វើឲ្យពលរដ្ឋស្ងប់ចិត្ត និងថមថយភាពភ័យខ្លាច។ បញ្ហាកើតឡើងក៏ព្រោះ តែពួកគាត់មិនបានទទួលព័ត៌មាន ឬគិតស្មានដោយឯកឯង ឬភ័យតាមគ្នាដោយសារឃើញការផ្សព្វផ្សាយតាមបណ្តាញសង្គម  ឬផ្ញើសារតគ្នាដែលជំរុញឲ្យមនុស្សចេញទៅទិញឥវ៉ាន់ស្តុកទុកជាមុន។
 
ក្រៅពីអាជ្ញាធរ ពលរដ្ឋនានាដែលខ្វាយខ្វល់នឹងសង្គមក៏អាចមានចំណែកចូលរួមដោះស្រាយបញ្ហានេះបានដូចគ្នា។ គេអាចដឹងច្បាស់ថា អារម្មណ៍ភ័យខ្លាចរបស់មនុស្សកើតឡើងតាមរយៈការមើលឃើញរូបភាព  ព័ត៌មាន និងការស្តាប់ពាក្យចចាមអារ៉ាមជាដើមដែលក្នុងពេលបច្ចុប្បន្នកើតឡើងជាហូរហែឥតដាច់លើបណ្តាញសង្គម។  ការថតរូបបង្ហោះតាមបណ្តាញសង្គមដែលបង្ហាញពីមនុស្សណែនណាន់តាន់តាប់ឈររង់ចាំទិញទំនិញក្នុងផ្សារ ការបង្ហាញរូបភាពអស់ទំនិញលក់ពីផ្សារដោយសារមនុស្សច្រើននាំគ្នាសម្រុកទិញជាដើមនោះសុទ្ធតែជាហេតុផលមួយដែលជំរុញឲ្យមនុស្សរឹតតែភ័យខ្លាច និងបន្តធ្វើតាមគ្នាដែរ។ 
 
ដោយហេតុផលនេះហើយ សូមបងប្អូនពលរដ្ឋទាំងអស់ចូលរួមពន្យល់អ្នកនៅជុំវិញ កុំព្យាយាមបង្ហោះរូបភាពឬខ្លឹមសារណាដែលអាចបញ្ឆេះអារម្មណ៍ស្លន់ស្លោឬភ័យខ្លាចបន្ថែមដល់បងប្អូនយើងក្នុងស្ថានភាពនេះ។
 
ចុងក្រោយ សូមបងប្អូនព្យាយាមស្តាប់តាមការណែនាំពីអាជ្ញាធរជំនាញ និងគ្រប់គ្រងស្មារតីរបស់ខ្លួន កុំឲ្យភាពភ័យខ្លាចជ្រុល គ្របដណ្តប់លើការសម្រេចចិត្ត ឬសកម្មភាពណាមួយដែលបង្កើតជាហានិភ័យខ្ពស់ជាយថាហេតុដល់មនុស្សជុំវិញ និងសង្គម ក៏ដូចជាចូលរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីសង្គមជាតិយើង។  ការចូលរួមរបស់យើងម្នាក់ៗសុទ្ធតែមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងស្ថានភាពចាំបាច់ដែលប្រទេសយើងកំពុងប្រឈមបញ្ហានេះ៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com