COVID-19
ជាតិ
ភូមិចំនួន២ នៃសង្កាត់គោកចក ត្រូវបិទការចេញចូលបណ្តោះអាសន្ន ក្រោយមានស្ត្រីម្នាក់កើតកូវីដ-១៩
11, Apr 2021 , 4:29 pm        
រូបភាព
អាជ្ញាធរមានសមត្ថកិច្ច នៅក្នុងបេសកកម្មបិទការចេញចូលភូមិខ្វៀន និងភូមិគោកតាចាន់ ក្នុងសង្កាត់គោកចក។ ប្រភពរូបភាព៖អធិការដ្ឋាននគរបាល ក្រុងសៀមរាប
អាជ្ញាធរមានសមត្ថកិច្ច នៅក្នុងបេសកកម្មបិទការចេញចូលភូមិខ្វៀន និងភូមិគោកតាចាន់ ក្នុងសង្កាត់គោកចក។ ប្រភពរូបភាព៖អធិការដ្ឋាននគរបាល ក្រុងសៀមរាប
ដោយ:
រដ្ឋបាលខេត្តសៀមរាប សម្រេចបិទការធ្វើដំណើរចេញ-ចូល បណ្ដោះអាសន្ន ក្នុងភូមិគោកតាចាន់ និងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពីថ្ងៃទី១១មេសានេះ រហូតដល់មានការជូនដំណឹងជាថ្មី។ ការបិទចេញ-ចូលភូមិទាំង២នេះ គឺធ្វើឡើងបន្ទាប់ពីមានពលរដ្ឋម្នាក់ ដែលរស់នៅក្នុងភូមិគោកតាចាន់ មានវិជ្ជមានកូវីដ-១៩។
 
រដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធនឹងស្រ្តីដែលមានវិជ្ជមានកូវីដ-១៩ ចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន និងទាក់ទងទៅលេខទូរសព្ទ ០១២ ៩៥៥ ៤៧៤ និង ០៧៧ ៧៨៩ ០០៧ នៅក្នុងករណីមានការប្រែប្រួលសុខភាព ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩។
 
គួររំឭកថា មុនរកឃើញថាមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៩មេសា ស្ត្រីរូបនេះ បានធ្វើដំណើរពីខេត្តស្វាយរៀង ឆ្លងកាត់រាជធានីភ្នំពេញ និងបានធ្វើដំណើរទៅដល់ខេត្តសៀមរាបនៅថ្ងៃទី ៤មេសា តាមរយៈរថយន្តឈ្នួល។ ភ្លាមក្រោយដឹងលទ្ធផលតេស្តរបស់គាត់ អាជ្ញាធរ ក៏បានសម្រេចបិទផ្សារភូមិភាគបួន និងមន្ទីរសម្រាកព្យាបាល មួយកន្លែង ដែលពាក់ព័ន្ធនឹងអ្នកជំងឺរូបនេះដែរ។ 
 
សូមជម្រាបផងដែរថា រដ្ឋបាលខេត្តសៀមរាប ក៏បានប្រកាសឱ្យបិទការជួបជុំ និងការចរាចរណ៍ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ចាប់ពីម៉ោង ៨យប់ ដល់ ៥ភ្លឺ រយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១០ មេសា ដល់២៣មេសា។ 
គួរបញ្ជាក់ផងដែរ គិតមកដល់ពេលនេះកម្ពុជា មានករណីឆ្លងកូវីដ-១៩ សរុប៤២៣៨ករណី ក្នុងនោះ ៣៧០៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ២១៥២នាក់ បានជាសះស្បើយ រីឯអ្នកស្លាប់ឡើងដល់២៩នាក់។ ក្នុងចំណោមអ្នកជំងឺទាំង ២០៥២នាក់  មាន ១០៦៤ នាក់កំពុងរង់ចាំបញ្ជូនទៅកន្លែងសម្រាកព្យាបាល៕

© រក្សាសិទ្ធិដោយ thmeythmey.com