បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
យុវតីជនជាតិដើមភាគតិចព្រៅ ស្ពាយចំណេះដឹងពីន័រវេស និងអាមេរិក មកអភិវឌ្ឍសហគមន៍ខ្លួន
11, Apr 2021 , 3:53 pm        
រូបភាព
យុវតី​ជនជាតិដើមភាគតិចព្រៅ​ សយ ពិសី​ ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ​ពេលកំពុងសិក្សានៅបរទេស។​រូបភាពផ្តល់ឲ្យដោយពិសី។
យុវតី​ជនជាតិដើមភាគតិចព្រៅ​ សយ ពិសី​ ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ​ពេលកំពុងសិក្សានៅបរទេស។​រូបភាពផ្តល់ឲ្យដោយពិសី។
ភ្នំពេញ៖ នៅក្នុងប្រទេសកម្ពុជា ក្មេងស្រីៗដែលរស់នៅក្នុងសហគមន៍ជនជាតិដើមភាគតិចដាច់ស្រយាល នៅតែបន្តប្រឈមការបោះបង់ការសិក្សា រៀបការទាំងវ័យក្មេង និងមិនមានជម្រើសក្នុងការបង្កើតក្តីស្រមៃរបស់ខ្លួនក្នុងជីវិតព្រោះតែកត្តាជីវភាព និងកត្តាវប្បធម៌ប្រពៃណី។ ប៉ុន្តែយុវតីជនជាតិភាគតិចព្រៅ សយ ពិសី បានប្រឹងជម្នះរនាំងវប្បធម៌ និងប្រឹងជម្នះក្តីលំបាកផ្នែកជីវភាពដើម្បីការសិក្សា រហូតចាប់បានឱកាសទៅសិក្សានៅន័រវែស និងបានសញ្ញាបត្របរិញ្ញាបត្រពីសហរដ្ឋអាមេរិកថែមទៀត។ បច្ចុប្បន្នជាមន្ត្រីអង្គការផ្នែកអប់រំមួយ ពិសី កំពុងប្រើប្រាស់រឿងរ៉ាវជីវិតតស៊ូដើម្បីការសិក្សា និងចំណេះដឹងដែលខ្លួនមានពីបរទេសដើម្បីជួយកែប្រែជោគវាសនាក្មេងៗស្រីដទៃទៀតក្នុងសហគមន៍ដាច់ស្រយាល ដោយជំរុញឲ្យពួកគេបង្កើតក្តីស្រមៃដើម្បីក្លាយជាធនធានមានតម្លៃសម្រាប់សហគមន៍ពេលអនាគតផង។ 
មានស្រុកកំណើតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី ពិសី ជាកូនច្បង ក្នុងគ្រួសារមួយដែលកូនបីនាក់ មានឪពុកជាជនជាតិខ្មែរ និងម្តាយជាជនជាតិដើមភាគតិចព្រៅ។ 
 
មានសម្បុរស និងមាឌល្អិត ពិសី បានរៀបរាប់ថា ខ្លួនមានឱកាសចំណាយពេលវេលាប្រាំមួយឆ្នាំឯណោះដើម្បីក្រេបយកចំណេះដឹងនៅបរទេស ដោយក្នុងនោះមានរយៈពេលពីរឆ្នាំនៅក្នុងប្រទេសន័រវែស និងរយៈពេលបួនឆ្នាំទៀតនៅសហរដ្ឋអាមេរិក ។ 
 
ក្រោយបញ្ចប់ការសិក្សា និងត្រឡប់មកស្រុកកំណើតវិញកាលពីខែឧសភាឆ្នាំ ២០២០ ពិសី បច្ចុប្បន្នកំពុងបម្រើការងារផ្នែកទំនាក់ទំនងនៅអង្គការមិនរកប្រាក់ចំណេញផ្តោតលើវិស័យអប់រំ United World School ដែលមានទីតាំងក្នុងខេត្ត រតនគីរីផ្ទាល់។ តាមរយៈការងារអង្គការ យុវតីម្នាក់នេះកំពុងចូលរួមចំណែកមួយផ្នែកផ្តល់ត្រឡប់ទៅវិញដល់សហគមន៍ ដោយប្រើប្រាស់ចំណេះជំនាញរបស់ខ្លួនលើកទឹកចិត្តក្មេងៗស្រីៗនៅតាមភូមិឃុំដាច់ស្រយាលក្នុងខេត្ត និងចែករម្លែករឿងរ៉ាវជីវិតខ្លួនដើម្បីជាកម្លាំងចិត្តសម្រាប់ក្មេងស្រីឯទៀតផង។ 
 
ពិសី សង្ឃឹមថា សកម្មភាពដែលខ្លួនកំពុងធ្វើនឹងអាចចូលរួមប្រែផ្លាស់ផ្នត់គំនិតរបស់ប្រជាជនក្នុងសហគមន៍ ដែលតែងគិតថា «កូនស្រីទៅរៀនឆ្ងាយមានហានិភ័យ និងអាចដើរផ្លូវវៀច»។ មិនត្រឹមតែប៉ុណ្ណោះទេ យុវតីរូបនេះក៏ចង់ចែករម្លែកពិសោធន៍ជីវិតរបស់ខ្លួនដើម្បីបំបែកទម្លាប់ចាស់ដែលតែងកើតឡើងក្នុងចំណោមក្មេងស្រីៗក្នុងសហគមន៍របស់នាង។ នោះគឺ ការបន្តបោះបង់ការរៀនសូត្រដោយសារកត្តាជីវភាព  ដើម្បីត្រឡប់ទៅធ្វើស្រែចម្ការដែលជាវដ្តជីវិតរបស់ជនជាតិដើមភាគតិច និងការរៀបការទាំងវ័យក្មេង។  
 
ថ្លែងរៀបរាប់ដោយសម្តីម៉ាត់ៗច្បាស់ៗ យុវតីជនជាតិភាគតិចព្រៅ វ័យ ២៥ ឆ្នាំរូបនេះ បានលើកឡើងថា បទពិសោធន៍រស់នៅក្នុងគ្រួសារបែកបាក់គ្នា ប្រឈមក្តីលំបាកខ្វះមុខខ្វះក្រោយដោយខ្វះអ្នកទំនុកបម្រុង រួមជាមួយវីរភាពរបស់ម្តាយមេម៉ាយដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីចិញ្ចឹមកូនទោះគ្មានចំណេះដឹងសោះនេះហើយ ជាកម្លាំងចិត្តដ៏ធំធេងដែលត្រួសត្រាយផ្លូវឲ្យនាង រហូតដល់អាចមានឱកាសទៅសិក្សានៅបរទេស។
 
ម្តាយជាស្ត្រីមេម៉ាយនៅពីក្រោយភាពជោគជ័យរបស់ពិសី 
 
ពេលពិសី ស្ថិតក្នុងវ័យ១២ឆ្នាំ ឪពុកម្តាយខ្លួន បានសម្រេចចែកផ្លូវគ្នា ហើយពិសី និងប្អូនប្រុសពីរនាក់ទៀត បន្តរស់នៅជាមួយម្តាយ។ ព្រោះម្តាយជាជនជាតិដើមភាគតិចមិនមានចំណេះដឹងគ្រប់គ្រាន់សម្រាប់ប្រកបរបរការងារនិមិនធ្លាប់ធ្វើការងារពីមុនសោះ  ជីវភាពគ្រួសារដែលធ្លាប់សមរម្យដោយមានឪពុកជាជំហរ ក៏ចាប់ផ្តើមធ្លាក់ដុនដាបហៅលែងលឺ។  
 
ពិសីរៀបរាប់ដូច្នេះ៖ «ពេលម៉ាក់ប៉ាខ្ញុំបែកបាក់គ្នា គ្រួសារទាំងមូលធ្លាក់ខ្លួនលំបាកខ្លាំងដ្បិតអីម៉ាក់ខ្ញុំអត់មានលទ្ធភាពធ្វើការងារទេ។ ម៉ាក់ខ្ញុំ គាត់មិនបានរៀនសូត្រ ហើយជាជនជាតិដើមភាគតិច គាត់ត្រូវបង្ខំឲ្យរៀបការទាំងវ័យក្មេង។ គាត់ក៏អត់ចេះអក្សរ អត់មានធ្លាប់ធ្វើការទៀត រហូតដល់ពេលនោះគឺ លំបាកខ្លាំងមែនទែន»។ 
 
ព្រោះមានវ័យក្មេង ពិសី រៀបរាប់ថា ខ្លួនមិនបានយល់ទាល់តែសោះថា ការលែងលះគ្នារបស់ឪពុកម្តាយមានអត្ថន័យ និងមានឥទ្ធិពលខ្លាំងបែបម៉េចចំពោះខ្លួនជាកូន និងក្រុមគ្រួសារទាំងមូលទេ។ 
 
«ពេលខ្ញុំចូលរៀនថ្នាក់ទី ៧ ខ្ញុំទើបចាប់ផ្តើមដឹងថា ខ្ញុំគ្មានអ្នកជួយទំនុកបម្រុងទៀតទេ។ ខ្ញុំគ្មានលុយរៀនបន្ថែមដូចគេ។ ការពិតអ៊ីចឹងសោះ ម្តាយឪពុកបែកគ្នាមានន័យដូច្នេះថា គាត់លែងជួយទំនុកបម្រុងទៀត»។ ពិសី បន្ថែមដូច្នេះ។ 
លោកស្រី​ តាម ង៉ា ម្តាយរបស់ពិសី។ រូបភាពផ្តល់ឲ្យដោយ ពីសី។ 
 
ក្រោយការចែកផ្លូវគ្នាជាមួយស្វាមី ម្តាយរបស់ពិសីរងសម្ពាធផ្លូវចិត្តខ្លាំងរហូតដល់យកស្រាមកពិសាដើម្បីបំបាត់ទុក្ខ។ បញ្ហាធំបំផុតដែលម្តាយជាស្ត្រីមេម៉ាយជនជាតិដើមភាគតិចមិនមានចំណេះច្រើនរូបនេះត្រូវប្រឈមគឺ ស្ថានភាពមិនច្បាស់លាស់ក្នុងការស្វែងរកថវិកាដើម្បីចិញ្ចឹមកូន។
 
«ម៉ាក់ខ្ញុំ គាត់ឆ្អែតឆ្អន់។ អ៊ីចឹងចឹងគាត់ប្រឹងជម្នះ ដោយប្រឹងការងារណាដែលគាត់ធ្វើបាន។ គាត់សុខចិត្តចិញ្ចឹមកូនម្នាក់ឯង និងយកកម្លាំងគាត់ទៅប្តូរលុយមកចិញ្ចឹមជីវភាព និងចិញ្ចឹមគ្រួសារ។ គាត់ប្តេជ្ញាជំរុញ ឲ្យកូនបានរៀនកុំឲ្យលំបាកដូចគាត់ យ៉ាងតិចឲ្យកូនរៀនបានត្រឹមថ្នាក់ទី ១២ ដើម្បីមានការងារធ្វើរស់ស្រួល»។ ពិសី ថ្លែងបែបនេះ។ 
 
ដោយសារជីវភាពលំបាក ម្តាយពិសីម្នាក់ឯងមិនអាចជាជំហរតែមួយគត់ដែលអាចរកចំណូលគ្រប់គ្រាន់ល្មមសម្រាប់គ្រួសារសមាជិកបួននាក់ឡើយ។ ដូច្នេះហើយ ជាកូនច្បងមានវ័យ ១២ ឆ្នាំនៅពេលនោះ ពិសីត្រូវចេញមុខជួយសម្រាលបន្ទុកខ្លះតាមរយៈការស៊ីឈ្នួលបោកខោអាវឲ្យគេ។   
 
ត្រូវរៀនផង និងត្រូវឆ្លៀតពេលស៊ីឈ្នួលបោកខោអាវឲ្យគេផងនោះមិនមែនជារឿងងាយស្រួលទេសម្រាប់ក្មេងស្រីវ័យ ១២ ឆ្នាំ។ ប៉ុន្តែពិសីយល់ថា វាជារឿងដែលត្រូវសប្បាយចិត្ត ដែលមានលទ្ធភាពជួយសម្រួលបន្ទុកគ្រួសារ និងអាចរកលុយទំនុកបម្រុងការសិក្សាផ្ទាល់ខ្លួន។ 
 
«ខ្ញុំខ្មាស់គេដែរ ដោយសារតែប៉ាម៉ាក់ខ្ញុំគាត់លែងគ្នា ហើយទៅណាក៏គេសួររឿងប៉ាដែរ។ កាលមុនយើងទៅរៀន មានលុយចាយវាយ។ តែក្រោយមក យើងត្រូវទំនុកបម្រុងខ្លួនឯង ឆ្លៀតពេលស៊ីឈ្នួលគេទៀត មានអារម្មណ៍ថាខ្មាសគេខ្លះដែរ។ ប៉ុន្តែខ្ញុំក៏សប្បាយចិត្តដោយសារម៉ាក់គាត់អាចបន្ថយការចំណាយខ្លះ»។ 
 
ក្នុង ឆ្នាំ ២០០៩ ការងារដំបូងរបស់ម្តាយពិសី គឺធ្វើជាកម្មករសំណង់។ ប៉ុន្តែដោយសារសុខភាពខ្សោយពេក គាត់មិនអាចស៊ូរទ្រាំបន្តទៀតបាន ហើយបានសម្រេចចិត្តទៅធ្វើការងារនៅក្នុងរោងចក្រទឹកសុទ្ធវិញម្តង។  ពិសីបន្តរៀបរាប់ថា ការងារក្នុងរោងចក្រទឹកសុទ្ធលំបាកមិនចាញ់ការងារសំណង់ប៉ុន្មានទេ។ ទ្រាំធ្វើការងារនេះបានប្រហែលកន្លះឆ្នាំ គាត់សម្រេចចិត្តប្តូរទៅធ្វើការងារនៅសណ្ឋាគារមួយដោយមានតួនាទីជាអ្នកបោសសម្អាតវិញ។ 
 
«ម៉ាក់ខ្ញុំពេលធ្វើនៅសណ្ឋាគារ វាធូរជាងមិនសូវហត់។ គាត់ឆ្លៀតរត់ទៅបោកខោអាវឲ្យគេថែមទៀត ពេលរួចការងារ។ ពេលនោះ ខ្ញុំក៏បន្តបោកខោអាវឲ្យគេដែរ។ ខ្ញុំជួយជំនួសគាត់ បើសិនជាខ្ញុំទំនេរពីរៀន។ ម៉ាក់គាត់ក៏ឆ្លៀតធ្វើចម្ការបន្ថែមដើម្បីបានចំណូល»។  ពិសី រម្លឹករឿងរ៉ាវខ្លួនដូច្នេះ។
 
និយាយដល់ត្រឹមនេះ ពិសី ពិព៌ណនាបន្ថែមពីម្តាយរបស់ខ្លួនដែលបានបំពេញតួនាទីលើសពីភារៈត្រឹមជាម្តាយម្នាក់។ ពិសី ចង់ឲ្យមនុស្សគ្រប់គ្នាបានស្គាល់ស្ត្រីម្នាក់នេះហើយ ដែលជាអ្នកសង្វាតធ្វើសព្វគ្រប់យ៉ាងដើម្បីត្រួសត្រាយផ្លូវឲ្យខ្លួនដើររហូតដល់ទទួលបានជោគជ័យក្នុងការសិក្សា ក្លាយជាសិស្សល្អ និងធនធានមនុស្សប្រសើរសម្រាប់សហគមន៍ និងសង្គម។  
 
«ម៉ាក់គាត់បានលះបង់ច្រើនណាស់ចំពោះខ្ញុំ។ និយាយដោយស្មោះ ម៉ាក់ខ្ញុំគាត់មានជម្រើសអាចត្រឡប់ទៅស្រុកវិញ ធ្វើចម្ការតាមបែបអ្នកមិនចេះអក្សរបាន។ ប៉ុន្តែគាត់បានប្តូរការគិតរបស់ខ្លួន ដ្បិតថា គាត់ខ្លាចកូនគាត់ដើរវិលជុំដូចគាត់។ គាត់សុខចិត្តគិតខុសពីអ្នកផ្សេងទៀត ហើយគាត់មានភាពក្លាហានមែនទែនក្នុងការផ្លាស់ប្តូរទោះជាលំបាកយ៉ាងម៉េចក៏ដោយ។ និយាយទៅ ខ្ញុំដឹងគុណម៉ាក់ខ្ញុំខ្លាំងមែនទែន។ គាត់នេះហើយត្រួសត្រាយផ្លូវឲ្យខ្ញុំដើរ។ បើគ្មានវត្តមាននិងការប្រឹងប្រែងរបស់ម៉ាក់ខ្ញុំ ក៏ខ្ញុំគ្មានដល់ថ្ងៃនេះទេ»។
 
សម្រាប់លោកស្រី តាម ង៉ា ជាម្តាយបង្កើតរបស់ពិសី ភាពជោគជ័យរបស់កូនស្រី ជាក្តីស្រមៃធំមួយ ក្នុងនាមជាម្តាយដែលមិនមានចំណេះដឹងច្រើនអាចមានលទ្ធភាពទំនុកបម្រុងដល់កូនបានគ្រប់គ្រាន់។ អ្នកមីងបានរៀបរាប់ទាំងអារម្មណ៍រំភើបថា៖ «អារម្មណ៍ខ្ញុំគឺសប្បាយចិត្ត និងរំភើបខ្លាំងហ្នឹងហើយ ដែលកូនខ្ញុំបានជោគជ័យ»។ 
 
ពិតហើយ ការណ៍ដែលមានកូនដើរតាមគន្លង មិនវៀចវេ ខូចខិល ដែលបង្កផលប៉ះពាល់ដល់សង្គមជាតិជារឿងដែលប្រសើរបំផុតក្នុងជីវិតជាម្តាយឬឪពុកគ្រប់រូប។ អ្នកមីងរូបនេះព្យាយាមពន្យល់ដូច្នេះក្នុងសំនៀងជនជាតិដើមភាគតិច។ 
 
«អ្នកជិតខាងគេ សរសើរកូនខ្ញុំច្រើន តែខ្លះគេមិនគាំទ្រទេ។ គេខ្លាចពេលចេញទៅក្រៅប្រទេស។ តែបើខ្ញុំ កុំឲ្យ [កូន]តែដើរផ្លូវវៀច បើដើរផ្លូវត្រង់ក៏ល្អដែរ»។
 
គាត់សើចបន្តិច ហើយបន្តនិយាយបង្អូសមួយដាច់ៗថា ភាពមិនចេះអក្សររបស់គាត់នេះហើយដែលបានជំរុញទឹកចិត្តខ្លួនឲ្យប្រឹងបម្រះ និងជម្នះនឹងព្រហ្មលិខិតដើម្បីចិញ្ចឹម និងទំនុកបម្រុងការរៀនសូត្ររបស់កូនៗ។   
 
«ខ្ញុំអត់ចេះអក្សរ ចង់ឲ្យកូនចេះនឹងគេនឹងឯង។ កុំឲ្យដូចខ្ញុំ ខ្ញុំអត់ចេះអក្សរសោះ លំបាកណាស់ រកអីមិនកើត ធ្វើការអីក៏អត់កើត។ កុំឲ្យគេមើលងាយ ព្រោះខ្ញុំស្អីក៏អត់ចេះ។ ឲ្យតែពួកគាត់បានរៀន ខ្ញុំសុខចិត្តហត់នឿយយ៉ាងម៉េចក៏ខ្ញុំសុខចិត្តដែរ»។ អ្នកមីង ង៉ា លើកឡើងបែបនេះ។
 
ក្មេងស្រីតូចល្អិត តែហ៊ានបង្កើតក្តីស្រមៃធំធេង 
 
នៅសហគមន៍ជនជាតិដើមភាគតិចដែលដាច់ស្រយាល ជាធម្មតា ក្មេងស្រីមិនសូវមានឱកាសរៀនសូត្រថ្នាក់ខ្ពស់នៅឆ្ងាយពីផ្ទះសម្បែងណាស់ ដោយសារកត្តាវប្បធម៌ និងជីវភាពផង។ កុំថាឡើយ ដល់ការចាកចេញទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅបរទេស សូម្បីតែឈានជើងមកសិក្សានៅក្នុងទីក្រុងភ្នំពេញក៏កម្រនឹងមានដែរ។
 
ប៉ុន្តែពិសី បានសម្រេចគោលដៅដ៏ធំធេងនេះ ដោយបានក្លាយជាស្ត្រីជនជាតិដើមភាគតិចព្រៅដំបូងគេដែលទទួលបានសញ្ញាបត្របរិញ្ញាបត្រពីបរទេស។  
 
តាមពិតទៅ ពិសីរៀបរាប់ថា ផ្លូវដែលខ្លួនបានបង្កើតដើម្បីឈានទៅសុបិនដ៏ធំនេះ គឺចាប់ផ្តើមពីការខ្មីឃ្មាត រៀនភាសាអង់គ្លេស និងស្វែងយល់ឲ្យបានច្រើនពីពិភពខាងក្រៅ។ 
 
ពេលចូលដល់ថ្នាក់ទីប្រាំបី ពិសីត្រូវបានជ្រើសរើសឲ្យរៀនភាសាអង់គ្លេសរយៈពេលពីរឆ្នាំក្រោមអាហារូបករណ៍របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។ ពេលនោះហើយដែលយុវតីរូបនេះចាប់ផ្តើមស្វែងយល់កាន់តែច្បាស់ពីភាពធំល្វឹងល្វើយនៃពិភពលោក រហូតដល់បង្កើតក្តីស្រមៃធំធេងមួយថា នឹងឈោងចាប់ឱកាសទៅសិក្សានៅបរទេសឲ្យបាន។ 
 
«ពេលនោះខ្ញុំបានអានសៀវភៅពីសហរដ្ឋអាមេរិក និងបានចូលរួមកម្មវិធីសិក្សានោះបោះជំរំផ្សេងៗ ហើយខ្ញុំក៏ភ្លឺភ្នែកដឹងពីពិភពខាងក្រៅ។ ពេលនោះហើយ ខ្ញុំក៏ចាប់ផ្តើមគិតថា  ឱកាសមានច្រើន ជាពិសេសទៅរស់នៅ និយាយភាសាអង់គ្លេស និងរៀនពីវប្បធម៌គេ។ ម្យ៉ាងពេលត្រឡប់មកវិញ ខ្ញុំនឹងមានលទ្ធភាពជួយគ្រួសារខ្ញុំ សាង់សង់ផ្ទះ លើកស្ទួយជីវភាពឲ្យប្រសើរឡើងបានលឿន»។
 
តាមរយៈអាហារូបករណ៍ និងឱកាសសិក្សានេះ ក្មេងស្រីជនជាតិដើមភាគតិចព្រៅរូបនេះបន្តស្រវាស្រទេញពង្រីកចំណេះដឹងភាសាអង់គ្លេសបន្ថែម ដើម្បីសម្រេចបំណងប្រាថ្នានេះឲ្យបាន។  មកដល់ ពេលឡើងថ្នាក់ទី ១១ ពិសី បានទទួលដំណឹងពីអាហារូបករណ៍សម្រាប់សិស្សជនជាតិដើមភាគតិចទៅរៀនថ្នាក់វិទ្យាល័យនៅក្នុងប្រទេសនៅតំបន់អឺរ៉ុបគឺ ន័រវែស។ 
ពិសី​ ថតរូបជាមួយម្តាយរបស់ខ្លួនមុននឹងចេញទៅបន្តការសិក្សានៅបរទេស។ រូបថតផ្តល់ឲ្យដោយពិសី។ 
 
ផ្សងព្រេងម្នាក់ឯងទៅសិក្សានៅន័រវែស
ក្រោយឆ្លងកាត់ការដាក់ពាក្យស្នើសុំ ដោយមានការជួយជ្រោមជ្រែងពីអង្គការ United World School និងការវាយតម្លៃផ្សេងទៀតតាមរយៈបទសម្ភាសន៍ និងចុះសហគមន៍នានាផងនោះ  ពិសី បានទទួល អាហារូបករណ៍ទៅសិក្សានៅសាលា United World College ក្នុងប្រទេសន័រវ៉ែស តាមក្តីបំណងមែន។ 
 
ប៉ុន្តែបញ្ហាប្រឈមមួយទៀតកើតឡើង ដ្បិតអីលទ្ធភាពដែលមានមនុស្សក្នុងផ្ទះឬបងប្អូនជួយផ្តល់ប្រឹក្សាយោបល់បន្ថែមពីការឈានជើងឆ្ពោះទៅក្រៅប្រទេសដើម្បីរៀនសូត្រជារឿងលំបាកបំផុតសម្រាប់អ្នករស់នៅទីជនបទដាច់ស្រយាលដូចពិសី។ 
 
ក្រឡេកទៅមើលនៅក្នុងផ្ទះ ម្តាយក៏មិនសូវមានចំណេះល្មមអាចផ្តល់ប្រឹក្សាស៊ីជម្រៅបានទេ ខណៈដែលងាកទៅបងប្អូនអ្នកជិតខាងជុំវិញខ្លួនខ្លះក៏នៅរក្សាគំនិតអភិរក្សមិនសូវមានអំណរនឹងក្មេងស្រីដែលមានឱកាសធ្វើដំណើរទៅសិក្សាឆ្ងាយផ្ទះសម្បែងឡើយ។ 
 
នាងរៀបរាប់បែបនេះ៖ «ពេលហ្នឹងខ្ញុំអត់មានអ្នកប្រឹក្សាយោបល់ក្នុងផ្ទះទេ។ យើងដឹងត្រឹមថា បានអាហារូបករណ៍។ ខ្ញុំប្រាប់ម៉ាក់ខ្ញុំថា ខ្ញុំជាប់ហើយ ខ្ញុំសុំទៅរៀនហើយណា! ម៉ាក់ខ្ញុំឆ្លើយតបវិញថា ទៅៗកូនតែប៉ុណ្ណឹង។ គាត់មិនបានសួរនាំរឿងផ្សេងទៀតទេ គាត់អត់បានសួររឿងលុយកាក់អីម៉េចដែរ»។
 
«បើសិនក្រុមគ្រួសារគេជាអ្នកចេះដឹងគេច្បាស់ជាពិភាក្សាគ្នាច្រើន ទាំងរឿងធ្វើដំណើរ លុយចាយខាងក្រៅ សៀវភៅ សម្ភារៈនោះត្រូវរៀបចំបែបម៉េច ចុះសម្រាក  ចុះពេលរៀនចប់ត្រូវទៅណា ឬធ្វើអីជាដើម។ ណាមួយម៉ាក់ខ្ញុំ គាត់ឆាប់ភ័យ ឆាប់បារម្ភ ដោយសារលឺពាក្យគេប្រាប់ថា មិនខ្លាចគេបោកទេអី»។ 
 
ដូច្នេះហើយ ការចាកចេញទៅក្រៅប្រទេសក្នុងដំណើរផ្លូវឆ្ងាយជាលើកដំបូងរបស់ក្មេងស្រីជនជាតិដើមភាគតិចព្រៅរូបនេះប្រៀបបានដូចជាការផ្សេងព្រេងសុទ្ធសាធ។ ពិសី មានលុយជាប់ហោប៉ៅត្រឹម ២០ដុល្លារប៉ុណ្ណោះ សម្រាប់ចាយវាយតាមផ្លូវ ខណៈដែលត្រៀមសម្លៀកបំពាក់ និងសម្ភារៈសម្រាប់សិក្សាក៏ខ្សត់។  
 
«កាលនោះបងស្រីម្នាក់គាត់នៅអង្គការដែលជួយរៀបចំការធ្វើដំណើរខ្ញុំ គាត់លាន់មាត់ថា អាពិសី យកកាតាបអីតូចម្ល៉េះ។ ខ្ញុំយកកាតាបតូចមួយ មានអាវរងារពីរ ថែមខោអាវពីបីកំផ្លេរ អត់ដឹង គេ [នៅន័រវែស] ស្លៀកពាក់យ៉ាងម៉េច អីយ៉ាងម៉ាទេ។ ឯសម្ភារៈសិក្សា សៀភៅ កុំព្យូទ័រអីក៏អត់មានប្រើដែរ។  យើងអត់ដឹងដិតដល់ទេ ថាត្រូវធ្វើដូចម្តេច ដោយមិនមានអ្នកណាប្រឹក្សាយើងដែរនៅក្នុងផ្ទះ»។ 
 
ព្រោះតែ ឃើញការលំបាកបែបនេះ ប្រធានអង្គការបានសម្រេចផ្តល់ថវិកាផ្ទាល់ខ្លួនខ្លះដល់ពិសីសម្រាប់ទុកប្រើពេលចាំបាច់ក្នុងពេលធ្វើដំណើរ។ បន្ថែមពីនេះ អង្គការ United World School ជាអង្គការដែលទទួលបានជំនួយពីចក្រភពអង់គ្លេស នេះបានស្វះស្វែងជួយដល់ពិសី បន្ថែមទៀត ស្នើសុំពេញលេញទាំងការស្នាក់នៅ និងធ្វើដំណើរជាដើម។ 
 
ម្យ៉ាងវិញទៀត ពិសីក៏បានទទួលសម្ភារៈប្រើប្រាស់ខ្លះពេលទៅដល់សាលារៀននៅន័រវែស ដ្បិតថា សាលាធ្លាប់មានពិសោធន៍ដោយបានទទួលសិស្សមុនៗ ដែលមានជីវភាពខ្វះខាត និងមិនបានត្រៀមលក្ខណៈជាមុនដូចពិសីដែរ។ ការទំនុកបម្រុងដែលពិសីទទួលបានបន្ថែមនោះគឺ សម្ភារៈសិក្សា និងសម្លៀកបំពាក់មួយចំនួនដែលគេប្រើប្រាស់ហើយនិងត្រូវបរិច្ចាគក្នុងហិបរបស់សាលា។ 
 
ការសិក្សានៅសាលា United World College គឺ ពិសីត្រូវរៀនថ្នាក់ទី ១១ និងទី១២។ ជាធម្មតា ការប្រើប្រាស់ភាសាអង់គ្លេសជាគោល តែងប្រឈមនឹងការលំបាកខ្លាំងបន្តិច សម្រាប់សិស្សដែលមិនមានភាសាអង់គ្លេសពីកំណើតដូចពិសី។  ថ្វីបើជួបភាពលំបាកដូច្នេះក្តី យុវតីរូបនេះបានបន្តឈ្មុសឈ្មុលប្រឹងប្រែងរៀនបន្ថែមដោយខ្លួនឯង និង ព្យាយាមរៀនសូត្រ និងសម្របខ្លួនតាមសង្គមដែលខ្លួនរស់នៅដូចគ្នា។ 
 
«រឿងភាសានេះលំបាកជាងគេដំបូងឡើយ។ ប៉ុន្តែយើងផ្សាំខ្លួនឯងក្នុងស្ថានភាពលំបាកនោះ  ជាមួយគេជាមួយឯង ប្រដំប្រសងគ្នាទៅយើងក៏ទៅមុខរួចដែរ»។ ពិសីរៀបរាប់បែបនេះ។
 
រយៈពេលពីរឆ្នាំ ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ ក្រោមគម្រោងអាហារូបករណ៍នេះ សិស្សទាំងអស់មានឱកាសដាក់ស្នើសុំអាហារូបករណ៍ដើម្បីបន្តថ្នាក់បរិញ្ញាបត្រនៅបរទេសបាន ហើយតាមរយៈមូលនិធិដែលមាននោះ សិស្សភាគច្រើនជ្រើសរើសយកការបន្តសិក្សាបរិញ្ញាបត្រនៅសហរដ្ឋអាមេរិក។ 
 
«ពេលនោះខ្ញុំដឹងថា ក្តីស្រមៃខ្ញុំបានមកដល់ហើយ។ ខ្ញុំសម្រេចជ្រើសរើសការបន្តសិក្សានៅសាកលវិទ្យា Methodist ដែលស្ថិតនៅក្នុងរដ្ឋ North Carolina ដោយជ្រើសរើសយកជំនាញរដ្ឋបាលធុរកិច្ច (Business Administration)។

ពិសី ថតរូបក្នុងថ្ងៃបញ្ចប់ការសិក្សារបស់ខ្លួនក្នុងជំនាញរដ្ឋបាលធុរកិច្ចពីសាកលវិទ្យាល័យ Methodist សហរដ្ឋអាមេរិក។

ទាក់ទិននឹងការជ្រើសរើសមុខជំនាញសិក្សានេះ ពិសីរៀបរាប់ថា ដើមឡើយខ្លួនចង់ជ្រើសយកជំនាញអក្សរសាស្ត្រអង់គ្លេស ប៉ុន្តែដោយចំណាយពេលពិចារណារៀន ខ្លួននៅក្នុងប្រទេសនិយាយភាសាអង់គ្លេសស្រាប់ វាមិនចាំបាច់ទាល់តែសោះដែលត្រូវរៀនជំនាញនេះ។ មួយវិញទៀត យុវតីរូបនេះគិតថា ជំនាញដែលខ្លួនរៀនអាចប្រើប្រាស់ដើម្បីបំពេញការងារបាននៅច្រើនវិស័យទាំងក្នុងស្ថាប័នរកប្រាក់ចំណេញ, ស្ថាប័ន មិនរកប្រាក់ចំណេញ ក៏ដូចជាបើកជំនួញផ្ទាល់ខ្លួនបានដូចគ្នា។
 
ត្រឡប់មកជួយអង្គការដែលមានចំណែកកែប្រែជីវិតខ្លួន 
 
ក្រោយបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិកនាខែឧសភា ពិសីបានជ្រើសរើសការបំពេញការងារជា មន្ត្រីទំនាក់ទំនងនៅក្នុងអង្គការ United World School ដែលមានចំណែកធំដែរក្នុងជួយជ្រោមជ្រែងឲ្យពិសីឆ្ពោះទៅរកភាពជោគជ័យដែរ។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ អង្គការនេះមានគោលដៅសំខាន់ជួយលើស្ទួយកុមារជនជាតិដើមភាគតិចជាពិសេសកុមារស្រីតាមរយៈការអប់រំ។
 
បើតាម លោក ណាន ស៊ីថា នាយកអង្គការប្រចាំកម្ពុជា United World School មកដល់បច្ចុប្បន្ន អង្គការរបស់លោកមានសាលាចំនួន ១១៥ ដែលធ្វើការក្នុងសហគមន៍ដាច់ស្រយាលនៅខេត្តប្រាំមាន រតនគីរី កោះកុង មណ្ឌលគីរី ស្ទឹងត្រែង និងក្រចេះ។ ចំណែកសិស្សមានសរុបជាង ១៣០០០ នាក់ ដោយការបណ្តុះបណ្តាលគឺផ្តោតលើថ្នាក់មតេយ្យ និងកម្រិតបឋមសិក្សា។ 
 
ពិសីបានរៀបរាប់ថា ការប្រើប្រាស់ចំណេះ និងជំនាញដែលខ្លួនទទួលបានមកបម្រើការឲ្យអង្គការ United World School គឺជាគោលដៅចម្បងមួយរបស់នាង ក្នុងការតបស្នងសងគុណដល់អង្គការ និងដើម្បីជួយរួមចំណែកខ្លះលើកស្ទួយការពង្រីកចំណេះដឹងដល់ក្មេងៗដែលគ្មានលទ្ធភាពរៀនសូត្របានងាយស្រួល និងពេញលេញ។ 
 
«នៅពេលរៀននៅក្រៅ ខ្ញុំតែប្រាប់ខ្លួនឯង និងប្តេជ្ញាចិត្តថា ខ្ញុំមិនអាចឈ្លក់វង្វេងចង់រស់នៅក្រៅប្រទេសទេ។ ខ្ញុំត្រូវយកចំណេះនិងពិសោធន៍ដែលមានទៅជួយប្រជាជនខ្ញុំនៅក្នុងខេត្តរតនគីរី ព្រោះខ្ញុំមើលឃើញថា ក្មេងៗយើង បើប្រៀបធៀបគេទីក្រុង គឺខុសគ្នាឆ្ងាយ។ 
 
ប៉ុន្តែខ្ញុំក៏ឃើញ ក្មេងៗច្រើនមានរឿងរ៉ាវជីវិតគួរឲ្យកោតសរសើរ។ ខ្ញុំចង់ឲ្យពិភពលោកបានដឹងថា ពួកគាត់នៅឆ្ងាយមែនតែពួកគាត់ មានសមត្ថភាព និងមានក្តីស្រមៃ»។ នាងថ្លែងដូច្នេះ។ 
 
ពិសី រៀបរាប់ថា ពេលបំពេញការងារនៅតាមសហគមន៍ម្តងៗ  នាងបានឆ្លៀតឱកាសយករឿងរ៉ាវជីវិតផ្ទាល់ខ្លួនទៅចែករម្លែកជាមួយក្មេងៗឲ្យគាត់បានដឹង ក្នុងគោលដៅបណ្តុះគំនិតស្រលាញ់ការសិក្សា និងការតស៊ូជម្នះរាល់ឧបសគ្គដែលមានចំពោះមុខ។
 
«ពេលចុះភូមិ ខ្ញុំតែងយករឿងខ្ញុំទៅប្រាប់ពួកគាត់ មិនមែនយើងអួតទេ តែចង់បណ្តុះគំនិតឲ្យគាត់ស្រមៃមើលថា ខ្លួនគាត់ចង់បានអី ហើយបើគាត់ចង់សម្រេចគោលដៅហ្នឹងគាត់ត្រូវធ្វើអី។ គាត់ត្រូវមានគម្រោងសម្រាប់ខ្លួនឯង និង រៀបចំផែនការធ្វើអីសម្រាប់ខ្លួនឯងដើម្បីសម្រេចគោលដៅ»។
 
ក្រៅពីអាណាព្យាបាល លោក ស៊ីថា ក៏ស្ថិតក្នុងចំណោមបុគ្គលដែលបានជួយជ្រោមជ្រែងដល់ពិសី ក្នុងការសិក្សាដែរ ក្នុងនាមជាប្រធានអង្គការ។ លោករៀបរាប់ថា លោកផ្ទាល់បានចំណាយពេលវេលាតាមដានការសិក្សា និងផ្តល់ការគាំទ្រនានា ខណៈដែលពិសីកំពុងសិក្សានៅក្រៅប្រទេស។ 

 
ពេលសាកសួរពីអារម្មណ៍របស់លោកចំពោះភាពជោគជ័យរបស់ពិសី ក្នុងនាមជាក្មេងស្រីជនជាតិដើមភាគតិចមួយរូប លោក ស៊ីថា បានរៀបរាប់ទាំងមោទកភាពថា ពិសីជាបុគ្គលឆ្នើមដែលមានការប្តេជ្ញាចិត្ត និងឲ្យតម្លៃខ្ពស់ណាស់ចំពោះការសិក្សា និងជាធនធានដ៏ពិសេសសម្រាប់សហគមន៍។ គាត់ឲ្យតម្លៃលើការសិក្សា និងអាហារូបករណ៍ខ្លាំងណាស់។ 
 
«សម្រាប់ខ្ញុំ ពិសី ប្តេជ្ញាចិត្តខ្ពស់ មានភាពក្លាហានណាស់ ទោះជាក្មេងស្រីជនជាតិដើមភាគតិច តែហ៊ានធ្វើដំណើរម្នាក់ឯង ទាំងមិនដែលមានបទពិសោធន៍ទាល់តែសោះ។ គាត់ជានិស្សិតគម្រូ និង មានគំនិតស្នេហាជាតិ មានបំណងផ្តល់ត្រឡប់មកវិញដល់សហគមន៍ខ្លួន»។ លោក ស៊ីថា ថ្លែងដូច្នេះ។  
 
ព្រោះតែសារសំខាន់នៃរឿងរ៉ាវតស៊ូចំពោះការរៀនសូត្រ រឿងរ៉ាវពិសីនេះត្រូវបានចងក្រងដើម្បីចែករម្លែកឲ្យប្រជាពលរដ្ឋ និងក្មេងៗតាមសហគមន៍ដាច់ស្រយាលខ្លាំងបានដឹង និងបានឃើញ។  
 
«ប្រពៃណីជនជាតិដើមភាគតិចក៏ជាផ្នែកមួយកម្រិតលទ្ធភាពក្នុងសិក្សារៀនសូត្ររបស់ក្មេងស្រីៗ ព្រោះថា នៅគាត់ធំបន្តិច ត្រូវបង្ខំចិត្តរៀបការដែលជាហេតុដែលធ្វើឲ្យគាត់បាត់បង់ឱកាសរៀនសូត្របន្ត។ សង្ឃឹមថា វា [រឿងពិសី] អាចជួយប្តូរការគិត ជួយឲ្យក្មេងៗស្រីជនជាតិដើមភាគតិចដែលរស់នៅក្នុងតំបន់ឆ្ងាយៗបានយល់ពីតម្លៃនៃការអប់រំ»។ ប្រធានអង្គការរូបនេះបញ្ជាក់ដូច្នេះ។
 
បំណងប្រាថ្នាក្លាយជាអ្នកអប់រំដែលអាចមានឥទ្ធិពលកែប្រែជីវិតក្មេងស្រីឯទៀត
 
ចំណេះដឹង បទពិសោធន៍ជីវិត ពិសីបានទទួលច្រើនល្មមតាមរយៈការចំណាយពេលប្រាំមួយឆ្នាំសិក្សានៅបរទេស។ ដូច្នេះ បច្ចុប្បន្ន អ្វីដែលយុវតីរូបនេះកំពុងទាញយកតាមរយៈការងារជាមន្ត្រីទំនាក់ទំនង គឺចំណេះធ្វើ។ 
 
ពិសីរៀបរាប់ថា ការប្រមូលចំណេះដឹងពីការងារជាគោលដៅរយៈពេលខ្លី ព្រោះខ្លួនមានគោលដៅប្រែក្លាយខ្លួនជាមន្ត្រីអប់រំមួយរូបដែលអាចនឹងមានលទ្ធភាពក្នុងការកែប្រែជីវិតក្មេងស្រីៗក្នុងសហគមន៍ច្រើនជាងមុន។ 
 
«គម្រោងរយៈពេលវែងរបស់ខ្ញុំ គឺចង់ធ្វើការផ្នែកអប់រំ។ ខ្ញុំចង់ធ្វើជាមន្ត្រីអប់រំរបស់រដ្ឋ ដោយចង់រួមចំណែក តូចណាមួយក្នុងការលើកកម្ពស់សេវាអបរំរបស់យើង ឲ្យមានគុណភាពល្អជាពិសេសម្រាប់ក្មេងៗស្រីៗជនជាតិភាគតិច។ តែខ្ញុំមិនទាន់ច្បាស់ថា ខ្ញុំនឹងធ្វើជាមន្ត្រី ឬជាគ្រូបង្រៀនទេ»។ ពិសីបង្ហើបដូច្នេះ ដោយរម្លឹកថា មនុស្សមួយចំនួនតែងផ្តល់យោបល់ដល់ពិសីថា ការងារដែលនាងប៉ងនោះ វាមិនសក្តិសមនឹងសញ្ញាបត្រ ដ្បិតចំណាយកម្លាំងច្រើនតែទទួលប្រាក់កម្រៃតិច។
 
«ខ្ញុំដឹងថា កាងារដែលខ្ញុំនឹងធ្វើនេះមានឥទ្ធិពលដល់អ្នកណាខ្លះ។ វាមិនធំទូលាយពាសពេញប្រទេសទេ តែក្នុងសហគមន៍របស់ខ្ញុំផ្ទាល់នឹងទទួលបានផល»។ 
 
យុវតីរូបនេះពន្យល់បន្តថា មុននឹងឈានទៅជ្រើសរើសយកការងាររយៈពេលវែង ខ្លួនបានដាក់គោលដៅ បន្តសិក្សាយកសញ្ញាបត្រអនុបណ្ឌិតសិន ដ្បិតថា ខ្លួនចង់ក្លាយជាមនុស្សស្រីម្នាក់ក្នុងចំណោមស្ត្រីជនជាតិដើមភាគតិចតិចតួចបំផុតដែលមានឱកាសទទួលសញ្ញាបត្រកម្រិតនេះ។ 
 
ការធ្វើរបៀបនេះនឹងក្លាយជាគម្រូ និងជាការលើកទឹកចិត្តដ៏ចាំបាច់បំផុតមួយសម្រាប់ក្មេងស្រីៗជនជាតិដើមភាគតិចឯទៀត ដោយសារពួកគេនឹងហ៊ានស្រមៃ ហ៊ានធ្វើ និងដើរបានឆ្ងាយជាងអ្វីដែលខ្លួនកំពុងធ្វើបច្ចុប្បន្នទៅទៀត។ នេះបើតាមការពន្យល់របស់ពិសី។   
 
«ជនជាតិព្រៅពួកខ្ញុំ មិនសូវមានភាពឯករាជទេ។ គាត់ច្រើនបារម្ភខ្លាចក្មេងដើរខុសគន្លង។ ក្មេងៗនៅមានសម្ពាធពីគ្រួសារ ហើយគាត់នៅគិតថា បណ្តោយឲ្យក្មេងស្រីរៀនសូត្រទៅឆ្ងាយ អាចមានហានីភ័យមិនថែរក្សាខ្លួន និងមិនអភិរក្ស»។
 
ពិសីពិតជាចង់ឃើញការប្រែប្រួលក្នុងសហគមន៍ ដោយចាស់ៗរៀនទុកចិត្ត និងលើកទឹកចិត្តដល់ ក្មេងៗដែលមានក្តីស្រមៃចំពោះខ្លួនឯង។ ក្មេងៗទាំងនោះគួរតែមានសិទ្ធិក្នុងការបញ្ចេញមតិលើអ្វីដែលគេពេញចិត្ត និងមិនពេញចិត្ត ចេះពន្យល់ និងផ្តល់ហេតុផលចំពោះអ្វីដែលពួកគេចង់ធ្វើ។
 
ម្យ៉ាងវិញទៀតយុវតីរូបនេះក៏ស្រមៃចង់ឃើញប្រជាជនខ្លួនយល់ដឹងពីតម្លៃនៃការរៀនសូត្រឲ្យកាន់តែច្បាស់។ ពួកគេចាំបាច់ត្រូវយល់ដឹងថា ការសិក្សាយ៉ាងតិចណាស់ត្រឹមថ្នាក់ទី ១២ អាចជាមូលដ្ឋានគ្រឹះសម្រាប់ការរស់នៅសមរម្យ។ 
 
ថ្វីបើមនុស្សម្នាក់ៗមានគោលដៅផ្សេងគ្នាក៏ដោយ ពិសីពោលថា ការសិក្សាក្នុងកម្រិតនេះជួយពួកគាត់អាចគិតគូរពិចារណាបានស៊ីជម្រៅ អាចសម្រេចចិត្តបាន និងអាចធ្វើការងារបានស្របតាមកម្រិតវប្បធម៌នោះ។ 
 
«ខ្ញុំចង់ឲ្យពួកគាត់ដឹង បើសិនជាបានរៀនសូត្រ ខ្ញុំចង់ឲ្យគាត់បន្តរៀន យ៉ាងហោចណាស់ឲ្យបានចប់ថ្នាក់ទី ១២។ ខ្ញុំអាចយល់ថា យ៉ាងហោចណាស់ បើយើងមានចំណេះ យើងមានមូលដ្ឋានគ្រឹះ ឈរលើជើងខ្លួនឯង។ ទោះជាចង់ធ្វើជាម្តាយដ៏ល្អម្នាក់ក៏គាត់ត្រូវរៀនឲ្យបានចប់ទី ១២ ព្រោះគាត់អាចត្រៀមខ្លួនបានសម្រាប់បន្តធ្វើអ្វីផ្សេងទៀត»។
 
លើសពីមានមហិច្ឆតាធ្វើជាមន្ត្រីអប់រំដ៏ល្អមួយរូប មានសញ្ញាបត្រផ្នែកគ្រប់គ្រងធុរកិច្ចក្នុងដៃស្រាប់  ពិសីបង្ហើបថា ខ្លួនក៏ប៉ងបង្កើតអាជីវកម្មផ្ទាល់ខ្លួនមួយដែរ ដែលអាជីវកម្មនោះអាចបង្កើតការងារសម្រាប់ប្រជាជនក្នុងស្រុក និង អាចចូលរួមលើកកម្ពស់សហគ្រិនភាពក្នុងសហគមន៍ផង។ អាជីវកម្មប្រភេទណានោះ ពិសីប្រាប់ថាខ្លួនកំពុងស្វែងយល់បន្ថែមពីលទ្ធភាពនិងឱកាសរបស់ខ្លួនសិន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com