ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី បែរជាជំរុញឱ្យចាក់វ៉ាក់សាំងចិនវិញ តែជាសេណារីយ៉ូ ដែលនាយករដ្ឋមន្ត្រី ដឹងមុន
12, Apr 2021 , 11:48 am        
រូបភាព
ភ្នំពេញ៖ ផ្ដើមចេញពីការរិះគន់រឿងវ៉ាក់សាំង មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បែរជាងាកមកអំពាវនាវឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងចិនវិញ។ តែវាជាសេណារីយ៉ូ ដែលនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹងមុន ហើយចាត់ទុកថា ជាបំណងអាក្រក់របស់លោក សម រង្ស៊ី។

លោក សម រង្ស៊ី ដែលតែងតែចេញមុខរិះគន់លើគុណភាពវ៉ាក់សាំងចិន និងការដឹកនាំរបស់រដ្ឋាភិបាល ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងនេះ បានប្ដូរចិត្តចេញសារនយោបាយមួយ ដោយអំពាវនាវឱ្យពលរដ្ឋខ្មែរទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។ 
 
មេដឹកនាំបក្សប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេសរូបនេះ បានបន្ថែមថា ការចាក់វ៉ាក់សាំងចិន ជាជម្រើសមួយល្អ ខណៈគ្មានវ៉ាក់សាំងណាដែលមានគុណភាពល្អប្រសើរជាងវ៉ាក់សាំងចិនឡើយ។ ថ្លែងសារនយោបាយពីប្រទេសបារាំង តាមរយៈសំនួរឆ្លើយឆ្លង ជាវីដេអូជាង១ម៉ោង កាលពីថ្ងៃទី១១ មេសា លោក សម រង្សី បាននិយាយដូច្នេះ៖ «ខ្ញុំយល់ឃើញថា ពេលនេះយើងត្រូវទទួលយកវ៉ាក់សាំងចិន គឺជាវ៉ាក់សាំងដែលយើងអាចទទួលយកបាន ព្រោះយើងមើលកត្តាសុវត្ថិភាព អត់មានតួលេខ អត់មានព័ត៌មានអី ដែលបង្ហាញថា វ៉ាក់សាំងនេះនាំមកនូវគ្រោះថ្នាក់ទេ។ ដូច្នេះសូមកុំឱ្យមានពាក្យចរចាមអារ៉ាម ហើយបញ្ចប់ពាក្យចរចាមអារ៉ាមថា វ៉ាក់សាំងនេះគ្រោះថ្នាក់ ហើយ(គិតថា) គេប្រើវិធីនេះមកសម្លាប់យើងអី។ កុំនឹកឃើញអ៊ីចឹងឱ្យសោះ»។
 
មិនត្រឹមតែអំពាវនាវឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងទេ មេដឹកនាំបក្សប្រឆាំងជាង២០ឆ្នាំរូបនេះ ក៏ឆ្លៀតសរសើរចិនថា ជារដ្ឋមួយ ដែលមានសមត្ថភាពខ្ពស់ផលិតវ៉ាក់សាំងដែរ។ បើតាមលោក សម រង្ស៊ី ទោះវ៉ាក់សាំងចិន មិនទាន់មានគុណភាព និងប្រសិទ្ធភាព ១០០ភាគរយក្តី ប៉ុន្តែវ៉ាក់សាំងចិននេះ មិនទាន់សម្លាប់ពលរដ្ឋណាម្នាក់ឡើយ។
 
«ប្រទេសចិនជាប្រទេសមានកិត្តិយស គេចេះថែរក្សាកិត្តិយសរបស់ខ្លួន ហើយមិនអាចយកវ៉ាក់សាំងនេះ មកលេងសើចហើយ មកសម្លាប់គេ សម្លាប់ឯងទេ។ ហើយបើមានស្លាប់ដោយសារវ៉ាក់សាំងចិននេះ គឺយើងឮហើយ យើងឮគេកត់ត្រា គេលាតត្រដាងហើយ (តែនេះ)វាអត់មានចំនួនអ្នកស្លាប់ណាធ្ងន់ធ្ងរ គួរឱ្យកត់សម្គាល់ គួរឱ្យព្រួយបារម្ភ គឺអត់»។ នេះជាការបញ្ជាក់របស់លោក សម រង្ស៊ី ដែលបានបន្ថែមថា ដ្បិតចាក់វ៉ាក់សាំងចិន មានគុណភាពជាង៧០ភាគរយក្តី ក៏វាគ្រាន់បើដែរ ព្រោះវាអាចការពារសុខភាពពលរដ្ឋប្រឆាំងនឹងជំងឺកូវីដ-១៩ មិនឱ្យវាយលុកធ្ងន់ធ្ងរលើរាងកាយបាន។
 
សារអំពាវនាវរបស់លោក សម រង្ស៊ី នេះ មិនបានធ្វើឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សប្បាយចិត្តឡើយ។ ផ្ទុយទៅវិញប្រមុខរដ្ឋាភិបាល បែរជាចាត់ទុកថា សារមេដឹកនាំបក្សប្រឆាំង ដែលមានក្តីក្ដាំជាមួយរដ្ឋាភិបាលនេះ ស្ថិតនៅក្នុងគោលបំណងទុច្ចរិត។
 
ដ្បិតមិននិយាយចំៗឈ្មោះលោក សម រង្ស៊ី ក្តី ប៉ុន្តែមេដឹកនាំកម្ពុជាជាង៣០ឆ្នាំរូបនេះ បានអះអាងថា ខ្លួនបានព្យាករពីអត្តចរិកនយោបាយមេដឹកនាំបក្សប្រឆាំងនេះ ជាង១ខែមុនហើយ ដោយដឹងទុកមុនថា ដៃគូប្រឆាំងជាង២០ឆ្នាំមកនេះ នឹងប្រើប្រាស់យុទ្ធសាស្ត្រនយោបាយជំរុញឱ្យពលរដ្ឋសម្រុកទៅចាក់វ៉ាក់សាំង ខណៈដែលរដ្ឋាភិបាលមិនមានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់បំពេញតម្រូវការពលរដ្ឋ។
 
«គោលបំណងរបស់វា(លោក សម រង្ស៊ី) ឱ្យ(ពលរដ្ឋ) ចាក់វ៉ាក់សាំងចិន មិនមែនជាគោលបំណង ដែលវាមានពិតប្រាកដក្នុងចិត្តទេ ក៏ប៉ុន្តែជាគោលបំណងជំរុញឱ្យប្រជាជនមកដណ្ដើមវ៉ាក់សាំងក្នុងពេលដែលយើង មានមិនគ្រប់»។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន។
 
បើតាមប្រមុខរដ្ឋាភិបាល កម្ពុជាត្រូវការវ៉ាក់សាំង២០លានដូស សម្រាប់ចាក់ការពារពលរដ្ឋយ៉ាងតិច១០លាននាក់ ដោយត្រូវការពេលវេលា២០ខែ សម្រាប់ចាក់ឱ្យពលរដ្ឋ។ ដូច្នេះសារអំពាវនាវរបស់លោក សម រង្ស៊ី នេះ ត្រូវបានមេដឹកនាំកម្ពុជា មើលឃើញថា កំពុងញុះញង់ឱ្យពលរដ្ឋ សម្រុកមកដណ្ដើមយកវ៉ាក់សាំងក្នុងពេលតែមួយ ដែលផ្ទុយពីផែនការមេរបស់រដ្ឋាភិបាល។
 
មូលហេតុដែលនាយករដ្ឋមន្រ្តី ហ៊ុន សែន ហ៊ានអះអាងថា មេដឹកនាំបក្សប្រឆាំងគ្មានបំណងល្អបែបនេះ ដោយសម្អាងថា មេបក្សប្រឆាំង ដែលកំពុងរស់នៅបារាំងរូបនេះ បានរិះគន់វ៉ាក់សាំងចិន ជាបន្តបន្ទាប់ ហើយបែរជាមកគាំទ្រឱ្យពលរដ្ឋចាក់វ៉ាក់សាំងចិន ក្នុងកាលៈទេសៈដែលកម្ពុជា កំពុងមានវ៉ាក់សាំងមិនគ្រប់គ្រាន់ សម្រាប់ការពារពលរដ្ឋទៅវិញ។
 
«ចេតនា(លោក សម រង្ស៊ី)មុននេះ បំផុសឱ្យមនុស្ស ទាំងខ្លួនវាផ្ទាល់ និងមនុស្សរបស់វាគ្រប់ គឺវាបែរជាចាត់ទុកថា វ៉ាក់សាំងចិន គឺយកមកសម្លាប់ប្រជាជន។ តែថ្ងៃនេះវាសរសើរវ៉ាក់សាំងចិននេះ មិនមែនជាបំណងល្អរបស់វាទេ គោលដៅរបស់វាគឺនៅម្ខាងទៀត គឺការដណ្ដើមវ៉ាក់សាំងរបស់ប្រជាជន ក្នុងពេលដែលយើងមិនមានវ៉ាក់សាំងគ្រប់គ្រាន់»។ នេះជាការអះអាងរបស់ប្រមុខរដ្ឋាភិបាល ដែលស្នើសុំឱ្យពលរដ្ឋនឹងនចិត្ត កុំទៅសម្រុកដណ្ដើមវ៉ាក់សាំង នៅកាលៈទេសៈនេះ ព្រោះរដ្ឋាភិបាល មានវ៉ាក់សាំងតាមចំនួនកំណត់។
 
តាមរយៈសារសំឡេងជាង៦នាទី ដែលផ្ដាំផ្ញើទៅមន្ត្រីពាក់ព័ន្ធទាំងអស់នោះ សម្ដេច ហ៊ុន សែន បានអះអាងថា រដ្ឋនឹងចាក់វ៉ាក់សាំងឱ្យពលរដ្ឋគ្រប់គ្នា ដោយចាប់ផ្ដើមពីក្រុមអទិភាពទៅ។ បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាល បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធអនុវត្តតាមផែនការមេរបស់រដ្ឋាភិបាល ដោយដំណើរការចាក់វ៉ាក់សាំង Sinopharm និង Sinovac លើពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំ ដល់៥៩ឆ្នាំ ខណៈពលរដ្ឋ៦០ឆ្នាំឡើងទៅ ចាក់វ៉ាក់សាំងAstraZeneca តាមផែនការកំណត់។ 
 
បច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាង៣,១លានដូស ក្នុងនោះ Sinopharm ១,៣លានដូស , Sinovac ១,៥លានដូស និងAstraZeneca ៣២៤,០០០ដូស។ មន្ត្រីរាជការ កងកម្លាំង និងពលរដ្ឋ ចំនួន១, ០១៨, ៦០៥នាក់ហើយ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ គិតត្រឹមថ្ងៃទី១២ មេសានេះ។
 
គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប៤៥១៥ករណី ក្នុងនោះ៣៩៨២នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប២២១២ នាក់ បានជាសះស្បើយ រីឯអ្នកស្លាប់ឡើងដល់៣០នាក់៕
 

Tag:
 នយោបាយ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com