សង្គមអន្តរជាតិ​
អន្តរជាតិ
តៃវ៉ាន់​ថា យន្តហោះចម្បាំងចិន២៥គ្រឿង ហោះចូលក្នុងដែនការពារអាកាសខ្លួន
13, Apr 2021 , 11:29 pm        
រូបភាព
យន្តហោះទម្លាក់គ្រប់បែក H-6K និងយន្តហោះចម្បាំងSu-30។ រូបភាព៖ PLA
យន្តហោះទម្លាក់គ្រប់បែក H-6K និងយន្តហោះចម្បាំងSu-30។ រូបភាព៖ PLA
យន្តហោះចម្បាំងចិនចំនួន ២៥គ្រឿង នៅថ្ងៃទី១២ ខែមេសា បានហោះចូលដែនកំណត់ការពារអាកាសរបស់តៃវ៉ាន់ (ADIZ)។ នេះបើតាមការអះអាងរបស់ក្រសួងការពារជាតិតៃវ៉ាន់។ នេះគឺជាសកម្មភាពផ្លូវអាកាសដ៏ធំបំផុតរបស់យោធាចិនមកលើតៃវ៉ាន់តាំងពីឆ្នាំ ២០២០ មក។


 
 
ក្រោមក្រសែភ្នែករដ្ឋាភិបាលក្រុងប៉េកាំង កោះតៃវ៉ាន់គឺជាផ្នែកមួយនៃដែនដីរបស់ចិន ទោះរដ្ឋាភិបាលក្រុងតៃប៉ិ បានអះអាងថា ខ្លួនជារដ្ឋឯករាជ្យក៏ដោយ។ កន្លងមក យន្តហោះចម្បាំងចិន បានហោះចូលដែនអាកាសរបស់ខ្លួនជាញឹកញាប់ ដែលតម្រូវឱ្យតៃវ៉ាន់ បញ្ជូនយន្តហោះទៅឃ្លាំមើល។ 
 
ជាថ្មីម្តងទៀត យន្តហោះចម្បាំងចិន នៅតែបន្តហោះចូលក្នុងដែនអាកាសតៃវ៉ាន់។ តាមការចុះផ្សាយរបស់ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃទី១២ ខែមេសា យន្តហោះចម្បាំង Jian-16 ចំនួន១៤គ្រឿង, យន្តហោះចម្បាំង Jian-10s ចំនួន ៤គ្រឿង យន្តហោះទម្លាក់គ្រាប់បែកចំនួន ៤គ្រឿង យន្តហោះចម្បាំងប្រឆាំងនាវាមុជទឹក និងយន្តហោះ KJ-500 ចំនួន ១គ្រឿង បានហោះចូលតំបន់ការពារអាកាសរបស់តៃវ៉ាន់។ នេះគឺជាសកម្មភាពហោះចូលដែនអាកាសរបស់តៃវ៉ាន់ដ៏ធំបំផុត ចាប់តាំងពី២០២០ ដែលកាលនោះយន្តហោះចម្បាំងចិន ក៏ធ្លាប់ហោះចូលដែនអាកាសតៃវ៉ាន់។ 
 
«កងទ័ពអាកាសតៃវ៉ាន់ បានបញ្ជូនកម្លាំងល្បាតអាកាស ដើម្បីឃ្លាំមើល»។ ក្រសួងការពារតៃវ៉ាន់ បានអះអាងបែបនេះ ដោយបន្ថែមថា ទ័ពអាកាសតៃវ៉ាន់ ក៏បានផ្តល់សញ្ញាព្រមាន និងត្រៀមប្រព័ន្ធមីស៊ីលដើម្បីឃ្លាំមើលសកម្មភាពរបស់យន្តហោះចម្បាំងទាំងនោះផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។ 
 
ការហោះហើរចូលមកក្នុងដែនអាកាសតៃវ៉ាន់នៅភាគនិរតីនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រមុខការទូតអាមេរិក លោក អាន់តូនី ប្ល៊ីងខិន បានព្រមានចិនពីការវាយសង្រ្គុបដែនកោះមួយនេះ និងបានប្រកាសជួយតៃវ៉ាន់ឱ្យមានសមត្ថភាពការពារខ្លួនផងដែរ។ 
 
គួររំលឹកថា នៅថ្ងៃទី២៦ ខែមីនា កន្លងទៅ យន្តហោះចម្បាំងចិនចំនួន ២០គ្រឿង ក៏បានហោះមកក្នុងដែនអាកាសរបស់តៃវ៉ាន់ផងដែរ បន្ទាប់ពីក្រុងវ៉ាស៊ីនតោន និងក្រុងតៃប៉ិ ចុះកិច្ចព្រមព្រៀងលើការពង្រឹងកិច្ចសហប្រតិបត្តិការលើដែនសមុទ្រ៕
 

Tag:
 តៃវ៉ាន់
  ចិន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com