COVID-19
ជាតិ
COVID-19៖ ភូមិស្នោ ស្រុកព្រៃកប្បាស ត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃ១៤ មេសា
15, Apr 2021 , 1:59 pm        
រូបភាព
ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ ដោយសារមានអ្នកវិជ្ជមានកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅថ្ងៃទី ១៤ ខែមេសា រដ្ឋបាលខេត្តតាកែវ បានសម្រេចបិទខ្ទប់ ភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ជាបណ្ដោះអាសន្ន និងដើម្បីទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំង។ 

ភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានបិទទាំងស្រុងចាប់ពីម៉ោង ៧យប់ថ្ងៃទី១៤ ខែមេសា ។ ការសម្រេចបិទភូមិស្នោរបស់រដ្ឋបាលខេត្ត ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខាងលើ មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត។ 
 
ក្នុងពេលនៃការអនុវត្តវិធានការនេះ អាជ្ញាធរហាមឃាត់ការធ្វើដំណើរ ចេញ ចូល លំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្ន ព្រមទាំងហាមឃាត់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ជាពិសេសរាល់សកម្មភាពការងារ មុខរបរ ឬអាជីកម្មដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ដោយលើកលែងក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ 
 
រដ្ឋបាលខេត្តតាកែវបានបញ្ជាក់ « ដំណើរការនៃ បិទខ្ទប់នេះ នឹងអនុវត្តនរហូតដល់ មានការជូនដំណឹងសារជាថ្មីពី រដ្ឋបាលខេត្តតាកែវ »។  
 
មិនមែនតែនៅភូមិស្នោ នៅក្នុងខេត្តតាកែវទេ ដែលត្រូវបានអាជ្ញាធរបិទខ្ទប់នោះទេ។ ភូមិ ស្រុក និងខណ្ឌមួយចំនួនទៀត ដែលកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ក៏ត្រូវបិទជាបន្តបន្ទាប់ ដើម្បីអនុវត្តវិធានការការពារ និងទប់ស្កាត់ការឆ្លងដែរ។
 
ប្រមុខរដ្ឋាភិបាល បានចេញកាលពីថ្ងៃទី១៤ មេសា ឱ្យអាជ្ញាធរ ត្រួតពិនិត្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ តាមវិធានការបិទខ្ទប់ (Lockdown) ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការរីករាលជំងឺកាចសហាវមួយនេះ៕
 
 
 
 

Tag:
 តាកែវ
  ព្រៃកប្បាស
  បិទ
  បណ្ដោះអាសន្ន
© រក្សាសិទ្ធិដោយ thmeythmey.com