ជាតិ
យុវជនខ្លះកំពុងនឹកដល់អនុស្សាវរីយ៍លេងល្បែងប្រជាប្រិយមុនចូលឆ្នាំខ្មែរ
15, Apr 2021 , 8:29 pm        
រូបភាព
ភ្នំពេញ៖ ល្បែងចោលឈូង លាក់កន្សែង ទាញព្រ័ត្រ រាវបង្កង ចាប់កូនខ្លែង ស្តេចចង់ ដណ្ដើមស្លឹកឈើ ៣ដកមួយ និងពង្រត់កូនក្រមុំជាដើមនោះ ត្រូវបានក្មេងៗនិងយុវជន នៅក្នុងតំបន់មួយចំនួន ជាពិសេសនៅតាមស្រុកស្រែជនបទ ពេញនិយមលេងបំផុត នាឱកាសជិតដល់រដូវចូលឆ្នាំប្រពៃណីជាតិ។ រូបភាពនៃការលេងល្បែងប្រជាប្រិយ នាពេលរាត្រីក្រោមពន្លឺព្រះចន្ទពណ៌ស នៅតែដក់ជាប់ក្នុងការចងចាំរបស់យុវជនមួយចំនួន ដោយមិនអាចបំភ្លេចបាន ហើយនោះគឺជាពេលវេលាកាលពី២០ឆ្នាំមុន។

ឱ្យតែដល់ម៉ោង៥ឬម៉ោង៦ល្ងាច កំលោះក្រមុំក្នុងភូមិ បានបបួលគ្នាទៅលេងល្បែងប្រជាប្រិយខ្មែរ នៅតាមផ្លូវមុខផ្ទះហើយ។ កាលពី២០ឆ្នាំមុន ល្បែងដែលកំលោះក្រមុំពេលនោះ ពេញនិយមលេងបំផុត គឺល្បែងចោលឈូង លាក់កន្សែង បោះអង្គញ់ ចាប់កូនខ្លែង ស្តេចចង់ និងទាញព្រ័ត្រជាដើម។ ចំណែកក្មេងៗវិញ ពួកគេចូលចិត្តលេងល្បែងដណ្ដើមស្លឹកឈើ រាវបង្កង ៣ដកមួយ និងពង្រត់កូនក្រមុំ។
 
ភាពអ៊ូអរដោយការហ៊ោកញ្ជ្រៀវ យ៉ាងសប្បាយរីករាយ កើតចេញពីការលេងល្បែងប្រជាប្រិយខ្មែរ របស់កំលោះក្រមុំ និងក្មេងៗក្នុងភូមិ នៅតាមដងផ្លូវជាហូរហែនោះ បានទម្លុះភាពស្ងៀមស្ងាត់នៃរាត្រីកាលខែខ្នើត របស់អ្នកជនបទ។ 
 
ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ សារព័ត៌មានថ្មីៗ សូមជូនវីដេអូអប់រំខ្លី ស្ដីពីការស្លៀកពាក់ពេលទៅវត្តក្នុងរដូវចូលឆ្នាំ។ តទៅនេះសូមអស់លោក លោកស្រី អ្នកនាងកញ្ញា អញ្ជើញទស្សនាដោយក្ដីរីករាយ៖
 
ជាកំលោះជនបទមកពីខេត្តតាកែវ លោក ស៊ុម សុរិយ បានរៀបរាប់ពីអនុស្សាវរីយរបស់ខ្លួនកាលពីក្មេង គ្រាដែលលេងល្បែងប្រជាប្រិយ។ លោកថាមុនថ្ងៃចូលឆ្នាំប្រពៃណីជាតិ ប្រហែលជាមួយខែឬក៏កន្លះខែ ក្មេងៗ និងមនុស្សវ័យជំទង់ក្នុងភូមិរបស់លោក តែងណាត់គ្នាទៅលេងល្បែងចោលឈូង បោះអង្គញ់ លាក់កន្សែង ចាប់កូនខ្លែង ទាញព្រ័ត្រ និងពង្រត់កូនក្រមុំជាដើម នៅក្រោមពន្លឺព្រះចន្ទ ក្រោយពេលបាយល្ងាចរួច។ ក្រៅពីល្បែងទាំងនោះលោក សុរិយ ថាក្មេងៗក្នុងភូមិរបស់លោក កាលពីជិត២០ឆ្នាំមុន ក៏ចូលចិត្តលេងល្បែងប៉ាតធ្យូង លេងអ៊ូ និងល្បែងច្រៀងរាំផងដែរ។ 
 
បុរសវ័យ៣២ឆ្នាំរូបនេះ អះអាងថាខ្លួននៅតែនឹករឭករូបភាព នៃការលេងល្បែងប្រជាប្រិយកាលពីក្មេងជានិច្ច ហើយលោកបញ្ជាក់បន្ថែមដូច្នេះ៖«ល្បែងដែលខ្ញុំលេងភាគច្រើនគឺចោលឈូង បោះអង្គញ់។ បោះអង្គញ់ និងពង្រត់កូនក្រមុំ គេចូលចិត្តលេងច្រើនជាងគេ ហើយនឹងចាប់កូនខ្លែង។ កាលជំនាន់ហ្នឹងលេងសប្បាយខ្លាំងណាស់ ពិសេសលេងលាក់កន្សែង យើងនៅក្មេងៗយើងលេងខូចៗណាស់ យើងវាយខ្នងម្នាក់ៗឡើងចង់ហើម និងចង់យំហើយ។

លោក ស៊ុំ សុរិយ 

ភាគច្រើនបោះអង្គញ់ និងលាក់កន្សែង គឺសំខាន់ណាស់។ អ្វីដែលខ្ញុំមិនអាចបំភ្លេចបានគឺលេងនៅពេលយប់ខែភ្លឺ។ ហើយអ្វីដែលខ្ញុំចាំមិនភ្លេចទៀតនោះ គឺនៅពេលដែលយើងលេងនៅមុខផ្ទះអ្នកណា គឺយើងតែងតែទទួលបានការស្ដីឱ្យពីចាស់ៗ ដោយសារតែពួកយើងស្រែកឮ។ ក្នុងនាមខ្ញុំជាអ្នកនិពន្ធ ខ្ញុំស្រមៃចង់ឱ្យរូបភាពទាំងអស់ហ្នឹង ត្រូវបានឆ្លុះបញ្ចាំងឱ្យបងប្អូនទស្សនិកជន ឬប្រជាជនខ្មែរបានដឹង។ ខ្ញុំមានក្ដីរំភើប និងមានការទន្ទឹងរង់ចាំដល់ថ្ងៃដែលខ្ញុំមានឱកាសធ្វើវា។
 
យើងគ្រាន់តែផ្សព្វផ្សាយថាវាគឺជាល្បែងប្រជាប្រិយខ្មែរយើង ប៉ុន្តែយើងមិននាំគ្នាលេង ដូច្នេះយូរទៅវាលែងក្លាយជាទម្លាប់ទៅហើយ អ៊ីចឹងក្មេងបច្ចុប្បន្នចូលចិត្តកាន់ទូរសព្ទមើលវិញ។ ខ្ញុំនៅតែផ្ដោតសំខាន់លើអ្នកនាំ បើមិនមានអ្នកនាំ នោះមិនមានអ្នកលេងទេ។ ខ្ញុំនឹងបបួលគេលេង ប៉ុន្តែវាចោទសំខាន់ដែរ ព្រោះឥឡូវហ្នឹងខ្ញុំអាយុច្រើនហើយ អ៊ីចឹងខ្ញុំពិបាកក្នុងការអូសទាញគេលេងបន្តិច»។
 
សូមស្ដាប់សំឡេងរបស់លោក ស៊ុំ សុរិយ បន្ថែម៖






ចំណែកអ្នកស្រី ប៉ុក ណារី ក៏មានអនុស្សាវរីយកាលវ័យកុមារដែរ។ បច្ចុប្បន្នមានអាយុ៣៥ឆ្នាំ អ្នកស្រី ណារី ថាកាលពីគាត់នៅអាយុ១២ទៅ១៣ឆ្នាំ គាត់តែងទៅលេងល្បែងប្រជាប្រិយជាមួយក្មេងៗក្នុងភូមិ ចាប់ពីខែមីនារហូតដល់ថ្ងៃចូលឆ្នាំ។
 
ដ្បិតតែមានវ័យច្រើនបន្តិចក្ដី ប៉ុន្តែស្ត្រីដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញរូបនេះ នៅតែរក្សាបានអារម្មណ៍សប្បាយរីករាយខ្លះដែរ ព្រោះការបង្កើតកម្មវិធីល្បែងប្រជាប្រិយឱ្យកូនៗ និងក្មួយៗរបស់ខ្លួនលេងជារៀងរាល់ឆ្នាំ។ ប៉ុន្តែជារឿងគួរឱ្យសោកស្ដាយ ព្រោះតែជំងឺកូវីដ-១៩ ធ្វើឱ្យការរៀបកម្មវិធីល្បែងប្រជាប្រិយ របស់អ្នកស្រី ណារី សម្រាប់កូនៗនិងក្មួយៗ នៅ២ឆ្នាំចុងក្រោយនេះ ត្រូវបានអាក់ខាន។ 
 
បន្ថែមពីនោះស្ត្រីសម្បុរស្រអែមស្រស់រូបនេះ ក៏សោកស្ដាយចំពោះការអាក់ខានក្នុងការរៀបចំកម្មវិធីបុណ្យភូមិ បង្កើតឡើងដោយក្រុមយុវជនមួយក្រុមផងដែរ ព្រោះកម្មវិធីនេះបានជួយឱ្យយុវជនជាច្រើន បានចូលរួមថែរក្សាវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ។

អ្នក​ស្រី ប៉ុក ណារី

ដោយក្ដីនឹករឭកអារម្មណ៍សប្បាយរីករាយពេលលេងល្បែងប្រជាប្រិយ អ្នកស្រី ប៉ុក ណារី អះអាងថា ប្រសិនបើឆ្នាំក្រោយមិនមានកូវីដ-១៩ទេ នោះអ្នកស្រីនឹងបន្តដឹកនាំ កូនៗរួមទាំងក្មួយៗ និងបងប្អូន រៀបចំល្បែងប្រជាប្រិយនៅផ្ទះជាថ្មីជាក់ជាមិនខាន។ 
 
អ្នកស្រី ប៉ុក ណារី បញ្ជាក់បន្ថែមដូច្នេះ៖«អនុស្សាវរីយកាលនៅតូចៗដែលខ្ញុំមានហ្នឹងគឺ ដណ្ដើមស្លឹកឈើ ខ្សឹបផ្កា ដែលគេនិយាយភាគច្រើនថា ខ្សឹបស្រឡាញ់ ហើយលេងទាញព្រ័ត្រ វាយក្អម ជាពិសេសរាំវង់។ ពេលក្មេងៗ ខ្ញុំចូលចិត្តលេងរាំវង់ជាមួយក្មេងៗនៅជុំវិញផ្ទះ ហើយនឹងលេងលាក់កន្សែងដែរ។ អ្នកភូមិខ្ញុំគេចូលចិត្តលេងល្បែងប្រជាប្រិយហ្នឹងណាស់ ឱ្យតែដល់ខែ៣(ខែមីនា) ខ្ញុំចាំអនុស្សាវរីយហ្នឹងណាស់»។ 
 
សូមស្ដាប់សំឡេងរបស់អ្នកស្រី ប៉ុក ណារី បន្ថែម៖





រីឯលោក តេង ប៊ុនសុង កាលនៅពីក្មេងក៏ចូលចិត្តលេងល្បែងប្រជាប្រិយ មិនខុសពីលោក ស៊ុំ សុរិយ និងអ្នកស្រី ប៉ុក ណារី ដែរ។ ដ្បិតនៅតែនឹករឭកអារម្មណ៍សប្បាយរីករាយ ពេលលេងល្បែងកាលពីក្មេងក៏ពិតមែន ប៉ុន្តែលោក ប៊ុនសុង បច្ចុប្បន្នមិនមានសេចក្ដីក្លាហាន ក្នុងការលេងល្បែងទាំងនោះទៀតឡើយព្រោះរនាំអាយុ។

លោក តេង ប៊ុនសុង 

មានវ័យ៤២ឆ្នាំបុរសមុខមាំ សម្បុរស្រអែម ប៊ុនសុង បញ្ជាក់បន្ថែមដូច្នេះ៖«ខ្ញុំចូលចិត្តលេងជាងគេ បោះឈូង លេងអង្គុញ លេងស្តេចចង់ លេងដណ្តើមស្លឹកឈើ។ ការលេងល្បែងប្រជាប្រិយនេះគេចាប់ផ្ដើមតាំងពីខែមីនារហូតដល់ចូលឆ្នាំ។ គេលេងពេលរសៀល ដល់ពេលចូលឆ្នាំបានគេលេងក្នុងវត្ត។ មកដល់បច្ចុប្បននេះនឹកដល់កាលពីក្មេងណាស់ ប៉ុន្តែដល់ឥលូវមិនហ៊ានលេងដូចពីមុនទេព្រោះចាស់ហើយ»។
 
គេនៅចាំបានថា ក្នុងភូមិនីមួយៗនៅតាមជនបទ គេតែងប្រមូលគ្នីគ្នាលេងល្បែងប្រជាប្រិយខ្មែរនេះ នៅមុនថ្ងៃចូលឆ្នាំប្រពៃណីជាតិ ប្រមាណជា១ខែឬ២ខែមុនម្ល៉េះ។ បើទោះបីជាគេលេងត្បែងប្រជាប្រិយជារៀងរាល់យប់ រហូតដល់ម៉ោង៩ឬ១០យប់ក៏ពិតមែន ប៉ុន្តែនៅពេលភ្លឺឡើង យុវជនទាំងនោះ នៅតែទៅធ្វើការងារស្រែចម្ការតាមធម្មតា។ ពេលកំពុងច្រូតស្រូវ ឬកាច់ពោតក្បែរគ្នា ពួកគេតែងតែរំឭកព្រឹត្តិការណ៍កាលពីយប់ ដើម្បីចំអន់ឱ្យគ្នាទៅវិញទៅមក បង្កើតបានជាភាពរីករាយថ្មីមួយទៀត។
 
ក្រៅពីល្បែងប្រជាប្រិយ ដែលជនជាតិខ្មែរស្ទើរតែទូទាំងប្រទេស ពេញនិយមលេង ជាពិសេសយុវជននិងក្មេងៗ កាលពីសម័យមុនសង្គ្រាម ពោលគឺសម័យសង្គមរាស្ត្រនិយម និងក្រោយសម័យសង្គ្រាម គឺគិតពីឆ្នាំ១៩៩០ដល់ឆ្នាំ២០០៥ ក៏មានល្បែងមួយចំនួនទៀត ត្រូវបានពេញនិយមលេងទៅតាមតំបន់ផងដែរ ក្នុងរដូវចូលឆ្នាំ។ ល្បែងទាំងនោះ មានល្បែងរត់ខ្សែ ល្បែងចាក់កន្លង ល្បែងលោតអង្រែ ល្បែងរាំដណ្ដើមកៅអី ល្បែងរញ្ជួយផែនដី និងល្បែងទឹកសមុទ្រ(ហៅតាមតំបន់ផ្សេងគ្នា) ល្បែងនេះគេគូសជាបន្ទាត់៤ខ្សែ ខ្សែទី១តំណាងឱ្យទឹកសមុទ្រ ខ្សែទី២តំណាងឱ្យទឹកទន្លេ ខ្សែទី៣តំណាងឱ្យទឹកបឹង និងខ្សែទី៤តំណាងឱ្យទឹកស្ទឹង)៕
 
 
 

Tag:
 ចូលឆ្នាំ
  ល្បែងប្រជាប្រិយ
  អនុស្សាវរីយ៍
© រក្សាសិទ្ធិដោយ thmeythmey.com