COVID-19
ជាតិ
លោក វ៉ី​ សំណាង បន្តវិធានការដ្ឋបាល២សប្ដាហ៍ទៀត និងផ្អាកការលក់គ្រឿងស្រវឹងក្នុងខេត្តកំពង់ស្ពឺ
16, Apr 2021 , 5:29 pm        
រូបភាព
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រូបភាព៖ហ្វេសប៊ុកលោក វ៉ី សំណាង
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រូបភាព៖ហ្វេសប៊ុកលោក វ៉ី សំណាង
ដោយ:
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ សម្រេចបន្ថែមវិធានការដ្ឋបាល ២សប្ដាហ៍បន្ថែមទៀត ​ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១៦​ មេសា ដល់ថ្ងៃទី២៩ មេសា។ បន្ថែមលើនោះ រដ្ឋបាលខេត្ត ក៏ផ្អាកការលក់ដូរគ្រឿងស្រវឹង និងហាមឃាត់ការជួបជុំនានាផងដែរ លើកលែងតែការជួបជុំ នៅក្នុងគ្រួសារ ដែលមានសមាជិកគ្រួសារនៅក្នុងផ្ទះតែមួយ។
 
វិធានការ និងបម្រាមទាំងនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។
 
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានរៀបរាប់ក្នុងសេចក្ដីសម្រេច កាលពីថ្ងៃទី១៥ មេសា ថា៖«បន្តវិធានការដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ដែលមានរយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃ១៦ មេសា ដល់ថ្ងៃទី២៩ មេសា»។
 
អភិបាលខេត្តបានបញ្ជាក់ក្នុងសេចក្ដីប្រកាសថា ផ្អាកជាបណ្ដោះអាសន្ននូវ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត នៅចន្លោះម៉ោង ៨យប់ដល់ ម៉ោង ៥ភ្លឺ តែទីតាំងអាជីវកម្មទាំងនោះ អាចលក់ជាលក្ខណៈវេចខ្ចប់បាន។ ភោជនីយដ្ឋាន អាហារដ្ឋាន ទាំងអស់ មិនត្រូវលក់គ្រឿងស្រវឹងជាដាច់ខាត។ គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ហាងលក់ភេសជ្ជៈ ត្រូវផ្អាកការលក់គ្រឿងស្រវឹង គ្រប់ប្រភេទ។ ផ្អាកការជួបជុំបែបលក្ខណៈគ្រួសារដែលមានការទទួលទានគ្រឿងស្រវឹង។ និងផ្អាកការជួបជុំសកម្មភាពកីឡា ដែលមានមនុស្សលើសពី២នាក់ឡើងទៅ។
 
ចំពោះបុគ្គលដែលមិនគោរពតាមសេចក្ដីសម្រេចខាងលើ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការរដ្ឋបាលតាមផ្លូវច្បាប់ ដែលបានកំណត់ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
 
ក្រៅពីការអនុញ្ញាតឲ្យមានការជួបជុំតែសមាជិកគ្រួសារ រដ្ឋបាលខេត្តកំពង់ស្ពឺ អនុញ្ញាតតែចំពោះការរៀបចំពិធីបុណ្យសព ដែលគោរពតាមវិធានសុខាភិបាល ការជួបជុំរបស់បុគ្គលិកសុខាភិបាល និងការជួបជុំរបស់អាជ្ញាធរមានសមត្ថិកិច្ចតែប៉ុណ្ណោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com