COVID-19
ជាតិ
អភិបាលខេត្តព្រះសីហនុ ផ្អាកអាជីវកម្មនៅ​​ផ្សារលើ១៤ថ្ងៃ ក្រោយ​មនុស្ស៥នាក់វិជ្ជមានកូវីដ-១៩ ​
16, Apr 2021 , 3:34 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
ដោយ:
អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចបិទផ្សារលើ ក្រុងព្រះសីហនុ បណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២៩មេសា។ ក្រៅពីបិទផ្សារ អាជ្ញាធរ ក៏តម្រូវឱ្យអាជីវករទាំងអស់ ទៅធ្វើតេស្តរកកូវីដ-១៩ ផងដែរ។ ការផ្អាកបណ្ដោះអាសន្នផ្សារលើ ខេត្តព្រះសីនុ នេះបន្ទាប់ពីរកឃើញអាជីវករ មានវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ សរុបចំនួន ៥នាក់។
 
បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលចុះហត្ថលេខាដោយលោក គួច ចំរើន អភិបាលខេត្ត អាជីវករទាំងអស់ និងទាំងក្រុមគ្រួសារ ក៏ត្រូវធ្វើចត្តាឡីស័ក​នៅផ្ទះឱ្យបានត្រឹមត្រូវរបស់ការណែនាំរបស់ក្រសួងសុខាភិបាលដែរ។ដ្បិតផ្សារលើត្រូវផ្អាកអាជីវកម្មមែន ប៉ុន្តែអាជ្ញាធរ នៅអនុញ្ញាតឱ្យអាជីវករអ្នកលក់ដូរ គ្រឿងឧបភោគ បរិភោគ និងអ្នកលក់អាហារឆ្អិនស្រាប់ ដូចជា គុយទាវ បាយឆា មីឆាជាដើម រួមទាំងភេសជ្ជៈ អាចដំណើរការលក់ដូរវិញបាន​ ប្រសិនបើពួកគេមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ មន្ទីរសុខាបានខេត្ត។ 
 
លោក គួច ចំរើន បញ្ជាក់ក្នុង​សេចក្ដីប្រកាសថា៖«អាជីវកម្មលក់ដូរនៅផ្សារលើ ក្នុងខេត្តព្រះសីហនុ ត្រូវផ្អាកបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ លើកលែងចំពោះតែបងប្អូនអាជីវករជាអ្នកលក់ដូរគ្រឿងឧបភោគ បរិភោគ អាចមកលក់វិញបានត្រឹម ៣ថ្ងៃក្រោយការផ្អាក និងត្រូវមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ លើកទី១ ពីមន្ទីរសុខាភិបាលខេត្ត»។
 
​តាមសេចក្តីសម្រេចដដែល ​ការបើកលក់ដូរវិញ គឺអាចធ្វើឡើងនៅរយៈពេល ៣ថ្ងៃក្រោយ ពោលគឺចាប់ពិថ្ងៃទី ១៩មេសា ដើម្បីឱ្យ​ក្រុមការងារបាញ់សថ្នាំសម្លាប់មេរោគ និងលាងសម្អាតអនាម័យ​ក្នុងផ្សារទាំងមូល៕
 
លោក គួច ចំរើន បន្ថែមទៀតថា សម្រាប់បងប្អូនអាជីវករផ្សេងទៀត នឹងអាចវិលត្រឡប់មកលក់ដូចធម្មតាវិញបន្ទាប់ពី១៤ថ្ងៃក្រោយ និងអំពាវនាវដល់បងប្អូនអាជីវករ និងអ្នកដែលមានការពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តតាមសេចក្តីសម្រេចនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទទួលបានជោគជ័យសម្រាប់យើងទាំងអស់គ្នា។
 
គិតមកដល់ពេលនេះកម្ពុជាមានអ្នកជំងឺ​កូ​វីដ​-១៩ សរុប​ ៥៤៨០នាក់ កំពុង​សម្រាក​ព្យាបាល ខណៈ​ ២៣៩៣នាក់ បានជា​សះស្បើយ​វិញ និង​៣៨​នាក់ បាន​បាត់​បង់ជីវិត​។​ ក្រៅពី​ភ្នំពេញ ខេត្ត​ដែលមាន​ករណី​២០​កុម្ភៈ រួមមាន​ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ ព្រះវិហារ និង​ខេត្តកំពង់ស្ពឺ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com