ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក យ៉ែម បុញ្ញឫទ្ធិ លោក មុត ចន្ថា និងអតីត CNRP ៥រូបទៀត បានសិទ្ធិនយោបាយឡើងវិញ
17, Apr 2021 , 3:56 pm        
រូបភាព
លោក មុត ចន្ថា និងលោក យ៉ែម បុញ្ញឫទ្ធិ នាពិធីដាក់បាតមួយជាមួយ លោក កឹម សុខា
លោក មុត ចន្ថា និងលោក យ៉ែម បុញ្ញឫទ្ធិ នាពិធីដាក់បាតមួយជាមួយ លោក កឹម សុខា
ដោយ: ថ្មីៗ
ព្រះកុរណា ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទានយោបាយឲ្យ លោក យ៉ែម បុញ្ញឫទ្ធិ លោក មុត ចន្ថា និងអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងចំនួន៥នាក់ទៀត។
 
តាមរបាយការណ៍របស់សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលរាយការណ៍ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អតីតមន្ត្រីបក្សប្រឆាំងទាំង៧រូបនោះ បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ មុនកាលកំណត់សាលដីការតុលាការកំពូល។
 
ក្រៅពីលោក យ៉ែម បុញ្ញឫទ្ធិ និងលោក មុត ចន្ថា ដែលជាមន្ត្រីស្និទ្ធិនឹងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ អ្នកដែលបានសិទ្ធិនយោបាយឡើងវិញ៥រូបទៀតរួមមាន លោក ជុំ ច័ន្ទដារិន, លោក ទួត យឿត, លោក ឡាត់ លិតេយ្យ, លោក ឡុង គឹមឃន និង លោកស្រី យង់ ផាន់ណេត។
 
មកដល់ពេលនេះ អតីតមន្ត្រីគណបក្ស CNRP ២២រូបហើយដែលបានសិទ្ធិនយោបាយឡើងវិញ ក្នុងចំណោមក្នុងចំណោមបុគ្គល១១៨រូបដែលត្រូវបានហាមឃាត់សកម្មភាពនយោបាយ៥ឆ្នាំ បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ ជុំវិញសំណុំរឿងក្បត់ជាតិ តាមអំណាចរបស់តុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
 
កាលពីថ្ងៃទី១២ ខែមេសា លោក ថាច់ សេដ្ឋា ជាបុគ្គលទី១៥ ដែលទទួលបានសិទ្ធិនយោបាយឡើងវិញ បន្ទាប់ពី លោក គង់ គាំ លោក គង់ បូរ៉ា លោក ស៊ីម សុវណ្ណនី លោក រៀល ខេមរិន្ទ លោក អ៊ូ ច័ន្ទរ័ត្ន លោកស្រី ទេព សុទ្ធី លោក កង គឹមហាក់ លោក ជីវ កត្តា លោក ច័ន្ទ សិលា លោក សុន ឆ័យ លោក តាវ គឹមឈន លោកវ៉ា សាម៉ុន លោក ស៊ុន សុភ័ក្រ និងលោកស្រី លី ស្រីវីណា៕
 

Tag:
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com