អន្តរជាតិ
ហុងកុង បិទជើងហោះហើរពីហ្វីលីពីន ប៉ាគីស្ថាន និងឥណ្ឌា ព្រោះបារម្ភកូវីដ-១៩ បំប្លែងថ្មី
19, Apr 2021 , 9:43 am        
រូបភាព
អាជ្ញាធរហុងកុង នៅថ្ងៃទី១៨ ខែមេសា បានប្រកាសបិទជើងហោះហើរពីហ្វីលីពីន ប៉ាគីស្ថាន និងឥណ្ឌាចំនួនពីរសប្ដាហ៍។ ការបិទជើងហោះបណ្ដោះអាសន្ននេះ ធ្វើឡើងដោយក្ដីបារម្ភពីការរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី ដែលត្រូវបានរកឃើញលើអ្នកដំណើរមកពីប្រទេសទាំងបីនេះនាពេលកន្លងមក។
 
ក្នុងសេចក្ដីប្រកាសរបស់រដ្ឋាភិបាលហុងកុងនៅថ្ងៃទី១៨ ខែមេសា ហ្វីលីពីន ប៉ាគីស្ថាន និងឥណ្ឌា ត្រូវចាត់ថ្នាក់ជាប្រទេសមានហានិភ័យកម្រិតខ្ពស់ បន្ទាប់ពីជំងឺកូវីដ-១៩ ទម្រង់ថ្មីឈ្មោះ N501Y ត្រូវបានរកឃើញជាលើកដំបូងលើអ្នកដំណើរមកពីប្រទេសទាំងបីអំឡុងពេល១៤ថ្ងៃចុងក្រោយ។ ការផ្អាកជើងហោះហើរពីប្រទេសទាំងបី នឹងអនុវត្តពីថ្ងៃទី២០ ខែមេសាទៅ។
 
ក្រុមហ៊ុនអាកាសចរណ៍ដែលរងបម្រាមនេះមាន Cathay Pacific, Hong Kong Airlines, Vistara និង Cebu Pacific ជាដើម។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
 
នៅថ្ងៃទី១៨ ខែមេសា ហុងកុង កត់ត្រាករណីវិជ្ជមានថ្មីចំនួន៣០នាក់ ដែលក្នុងនោះ២៩នាក់ជាអ្នកដំណើរមកពីបរទេស។ មកទល់ពេលនេះ ដែនដីហុងកុងមានករណីឆ្លងសរុបជា១១៦០០នាក់ និងមានអ្នកស្លាប់២០៩នាក់។
 
ដើម្បីទប់ស្កាត់ការរាលដាល រដ្ឋាភិបាលហុងកុង បានអំពាវនាវឱ្យពលរដ្ឋទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈអ្នកដែលទទួលបានវ៉ាក់សាំងហើយមានប្រមាណ៩ភាគរយប៉ុណ្ណោះនៃប្រជាជនសរុបជាង៩,៧លាននាក់។ ហុងកុង ប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac Biotech និងវ៉ាក់សាំង BioNTech ក្នុងយុទ្ធនាការវ៉ាក់សាំងរបស់ខ្លួន។ 
 
ការប្រើប្រាស់វ៉ាក់សាំងរបស់ Sinovac ជាគោល ទំនងជាហេតុផលដែលនាំឱ្យប្រជាជនហុងកុងភាគច្រើនស្ទាក់ស្ទើរក្នុងការទទួលវ៉ាក់សាំង ព្រោះវ៉ាក់សាំងនេះមិនសូវមានប្រសិទ្ធភាពខ្ពស់ឡើយធៀបនឹងវ៉ាក់សាំងរបស់ BioNTech ។ លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសមួយនេះ ទទួលវ៉ាក់សាំង CoronVac ពីរដងរួចហើយដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាជន។
 
ជាមួយគ្នានេះ ហុងកុង ក៏ពង្រីកក្រុមប្រជាជនដែលត្រូវទទួលវ៉ាក់សាំងផងដែរ ដោយបញ្ចូលក្រុមប្រជាជនអាយុពី១៦ឆ្នាំដល់២៩ឆ្នាំក្នុងកម្មវិធីផ្ដល់វ៉ាក់សាំងរបស់ខ្លួន៕
 
 
 

Tag:
 ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com