កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
F1៖ Verstappen ប្រជែងឈ្នះ Hamilton ដើម្បីបញ្ចប់ទីមុនគេនៅទីលាន Imola
19, Apr 2021 , 7:39 pm        
រូបភាព
Max Verstappen ដែលបើកបរឲ្យក្រុម Red Bull ឈ្នះការប្រណាំង Formula One ក្នុងកម្មវិធី Emilia Romagna Grand Prix នៅទីលាន Imola ប្រទេសអ៊ីតាលី។ ម្ចាស់ការពារតំណែងជើងឯក Lewis Hamilton បញ្ចប់ទៅក្នុងចំណាត់ថ្នាក់ទី២។
 
នាការប្រណាំងនៅទីលានទី២ ក្នុងរដូវកាលឆ្នាំ ២០២១ នៅថ្ងៃទី១៨ ខែមេសា ក្រោមស្ថានភាពផ្លូវរអិលក្រោយមានភ្លៀងធ្លាក់ កីឡាករ Verstappen បានសម្រេចទីមុនគេដោយប្រើថេរវេលា ២ម៉ោង ២នាទី និង៣៤វិនាទី តាមពីក្រោយដោយ Hamilton របស់ក្រុម Mercedes និង Lando Norris ដែលបើកឲ្យក្រុម McLaren-Mercedes។ 
 

 
ឆ្លងកាត់ការប្រណាំងពីរលើក កីឡាករហូឡង់ Verstappen រកបាន៤៣ពិន្ទុ ឡើងទៅកាន់ចំណាត់ថ្នាក់ទី២ក្នុងតារាង F1 តាមពីក្រោយ Hamilton សញ្ជាតិអង់គ្លេសដែលឈ្នះការប្រណាំងនៅជំនួបបើកឆាក មាន៤៤ពិន្ទុ។ Lando Norris នៅចំណាត់ថ្នាក់ទី៣ រកបាន២៧ពិន្ទុ។
 
សម្រាប់ផ្នែកគ្រឿងម៉ាស៊ីន ក្រុមប្រណាំងរបស់ Mercedes ក៏បាននាំមុខកំពូលតារាងផងដែរ ដោយរកបាន៦០ពិន្ទុ តាមពីក្រោយដោយ Red Bull ដែលមាន៥៣ពិន្ទុ និងលេខ៣ McLaren-Mercedes មាន៤១ពិន្ទុ។
 
ជំនួបបន្ទាប់ និងជាទីលានទី៣សម្រាប់រដូវកាលនេះ នឹងធ្វើឡើងនៅទឹកដីព័រទុយហ្គាល់ ក្នុងកម្មវិធី Portuguese Grand Prix  នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១៕
 
 

Tag:
 Max Verstappen
  Formula One
© រក្សាសិទ្ធិដោយ thmeythmey.com