COVID-19
ជាតិ
ទើបបើកបាន១ថ្ងៃ ផ្សារកីឡដ្ឋានខេត្តកណ្ដាល ត្រូវបិទវិញសិន ក្រោយរកឃើញមនុស្សជាង១០នាក់ មានកម្ដៅលើស៣៧អង្សាសេ
19, Apr 2021 , 7:25 pm        
រូបភាព
ពហុកីឡដ្ឋាន ខេត្តកណ្តាល ដែលត្រូវកែប្រែទៅជាផ្សារបណ្តោះអាសន្ន ត្រូវបានបិទវិញ ក្រោយអាជ្ញាធរ រកឃើញមនុស្សជាង១០នាក់ មានកម្តៅលើសពី៣៧អង្សាសេ។ រូបដោយ ជា យូគៀង
ពហុកីឡដ្ឋាន ខេត្តកណ្តាល ដែលត្រូវកែប្រែទៅជាផ្សារបណ្តោះអាសន្ន ត្រូវបានបិទវិញ ក្រោយអាជ្ញាធរ រកឃើញមនុស្សជាង១០នាក់ មានកម្តៅលើសពី៣៧អង្សាសេ។ រូបដោយ ជា យូគៀង
ភ្នំពេញ៖ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្ដាល អះអាងថា នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរសម្រេចបិទផ្សារពហុកីឡាដ្ឋានខេត្តកណ្ដាលបណ្ដោះអាសសន្ន ក្រោយរកឃើញមនុស្សជាង១០នាក់ មានកម្ដៅលើស៣៧អង្សាសេ។


លោក គ្រុយ ម៉ាឡែន ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា៖ «ឥឡូវយើងផ្អាកបណ្ដោះអាសន្នសិន ហើយយើងនឹងរៀបចំឡើយវិញ តែមិនទាន់ដឹងថាដំណើរការយ៉ាងណានោះទេ ថ្នាក់ដឹកនាំកំពុងចុះពិនិត្យបិទសិន និងកំពុងសម្របសម្រួល។ យើងអនុវត្តតាមសេចក្ដីណែនាំរបស់រដ្ឋភិបាល ពិសេសសេចក្ដីណែនាំថ្មីលេខ០១។  យើងពិនិត្យមើលទីតាំងមួយចំនួន ដែលមានហានិភ័យបន្តទៀតយើងនឹងផ្អាកកា​រលក់ដូរហើយ។ យើងបានរកឃើញអ្នកមានកម្ដៅលើស៣៧អង្សាសេនៅទីនោះ គឺគ្រាន់តែជាការសង្ស័យទេ អ៊ីចឹងយើងកំពុងធ្វើតេស្តពិនិត្យមិនទាន់ចេញលទ្ធផលទេ។ ដូច្នេះហើយបានថ្នាក់ដឹកនាំខេត្តមានវិធានការផ្អាកដំណើរការសិន ហើយពិនិត្យមើលលទ្ធភាពដំណើរការតាមក្រោយទៀត»។

ជាមួយគ្នាដែរ លោក ម៉ាឡែន បានបញ្ជាក់ថា មនុស្សជាង១០នាក់ ដែលមានកម្តៅលើសពី៣៧អង្សាសេនោះ ត្រូវបានអាជ្ញាធរយកទៅធ្វើចត្តាឡីស័កនៅព្រែកសំរោង។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាលបានរៀបចំកន្លែងលក់ដូរបណ្តោះអាសន្ននៅពហុកីឡដ្ឋានបាល់ទាត់ខេត្តកណ្តាល ជំនួយឲ្យផ្សារក្រុងតាខ្មៅ ដែលត្រូវបិទខ្ទប់ ដើម្បីឲ្យអាជីវករលក់បន្លែផ្លែឈើត្រីសាច់បានលក់ដូរនិងបង្ការការរីករាលដាលកូវីដ-១៩ចូលសហគមន៍ជាទ្រង់ទ្រាយធំ។ ផ្សារពហុកីឡដ្ឋានខេត្តកណ្តាលនេះ ទើបនឹងរៀបចំដាក់ឲ្យដំណើរការនៅថ្ងៃម្សិលមិញប៉ុណ្ណោះ (១៨មេសា)៕

Tag:
 COVID-19
  បិទផ្សារ
© រក្សាសិទ្ធិដោយ thmeythmey.com