ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម ដំឡើងស្តង់លក់គ្រឿងឧបភោគបរិភោគចំនួន៦ទីតាំងនៅ«តំបន់ក្រហម»
21, Apr 2021 , 4:29 pm        
រូបភាព
រូបថត៖ ពីទទក
រូបថត៖ ពីទទក
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានដំឡើងស្តង់លក់គ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួន ៦ទីតាំងនៅតំបន់ក្រហម ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំរបស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលបិទខ្ទប់(Lockdown)។ តំបន់ក្រហមដែលមានការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ-១៩ មានស្ថិតនៅក្នុងខណ្ឌ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក។
 
បើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា នារសៀលថ្ងៃទី២១មេសានេះ ទីតាំងលក់គ្រឿងឧបភោគបរិភោគក្នុងតំបន់ក្រហមទាំង៦កន្លែងនោះ មាន៖ ១. នៅជាប់តេលាម៉ាត និងចូលតាមច្រកស្ថានីយប្រេងPTT ផ្លូវស្ទឹងមានជ័យ ចន្លោះផ្សារស្ទឹងមានជ័យចាស់ និងផ្សារស្ទឹងមានជ័យថ្មី ២. ច្រមុះជ្រូកស្ទឹងមានជ័យ ទល់មុខប៉េអឹម ៣. ផ្សារត្រពាំងថ្លឹង ៤. ផ្សារឯករាជ្យ ៥. ទល់មុខក្រុមហ៊ុនហុងដា និង៦. នៅផ្ទះឡ លើផ្លូវវេងស្រង។ 
 


នៅថ្ងៃទី ២១មេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មមានរថយន្ត៦គ្រឿង បានដឹកគ្រឿងឧបភោគបរិភោគទៅកាន់តំបន់ក្រហម ដោយមានបរិមាណទំនិញគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់មនុស្សក្នុងតំបន់នោះ។ ទំនិញទាំងនោះ រួមមាន៖អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង និងមី ជាដើម។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា៖ «ប្រជាជនអាចទាក់ទងតាមអាជ្ញាធរមូលដ្ឋាន ពិសេសក្រុមល្បាត ប្រជាការពារដែលនៅជិតៗផ្ទះ ដើម្បីសុំឲ្យជួយសម្របសម្រួលដល់ការទិញ និងជញ្ជូនដាក់ឲ្យដល់ផ្ទះ»។
 
កាលពីថ្ងៃទី ២០ មេសា តាមរយៈក្រុមហ៊ុន ហ្រ្គីន ត្រេដ នៃក្រសួងពាណិជ្ជកម្មបានបញ្ចេញអង្ករលក់ចំនួន ១១៣បាវ(ក្នុងមួយបាវទម្ងន់៥០គីឡូក្រាម) មី ៦៤៦កេស, ទឹកត្រី២៨៨យួរ, ទឹកស៊ីអ៊ីវ១៩០យួរ, ត្រីខ ៣១១យួរ និងទឹកសុទ្ធចំនួន ៥២ យួរ៕


 

Tag:
 តំបន់ក្រហម
  គ្រឿងឧបភោគបរិភោគ
© រក្សាសិទ្ធិដោយ thmeythmey.com