ជាតិ
សេដ្ឋកិច្ច
ផ្សារបុរីបើកដំណើរការធម្មតា ខណៈតម្លៃត្រី សាច់ បន្លែ នៅតែបន្តឡើងថ្លៃ
21, Apr 2021 , 7:59 pm        
រូបភាព
ភ្នំពេញ៖ ផ្សារក្នុងបុរីនៅសង្កាត់ព្រែកកំពឹស ខណ្ដដង្កោ រាជធានីភ្នំពេញ បើកដំណើរការធម្មតា ខណៈតម្លៃត្រី សាច់ បន្លែ នៅតែបន្តឡើងថ្លៃក្នុងបរិបទបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការជំងឺកូវីដ-១៩។ យ៉ាងណាក៏ដោយអាជីវករ អះអាងថា ការឡើងថ្លៃទំនិញនេះ ដោយសារយកទំនិញមកពីប្រភពដើម មានថ្លៃខ្ពស់ជាងមុនដែរ ទើបលក់តម្លៃខ្ពស់ជាងពេលធម្មតា។


អាជីវករផ្សារក្នុងបុរីនៅសង្កាត់ព្រែកកំពឹសនៅតែបន្តលក់បន្លែ ត្រី សាច់ ដូចសព្វដង ប៉ុន្តែអ្នកដើរផ្សារទិញទំនិញមិនសូវសម្បូរដូចសព្វដងឡើយព្រោះ គ្រប់គ្នាសុទ្ធរក្សាគម្លាត ពាក់ម៉ាស់ ហើយប្រញាប់ប្រញាល់ត្រឡប់ទៅវិញ។ អ្នកស្រី ធា រី អាជីវកម្មលក់បន្លែថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ទំនិញដែលខ្លួនយកពីខេត្តកណ្ដាលមក គឺឡើងថ្លៃគ្រប់មុខ ទើបខ្លួនលក់តម្លៃខ្ពស់ជាមុខ។ អាជីវកររូបនេះអះអាងថា ការឡើងថ្លៃគឺចំណេញតិចតួចប៉ុណ្ណោះ មិនមែនយកចំណេញដើម្បីធ្វើអ្នកមាននោះទេ។ «យកថ្លៃដែរ បានលក់ឡើងជាងមុខ។ ទ្រាំលក់ទាំងភ័យដែរ ព្រោះខ្លាចកូវីដ-១៩ តែដើម្បីរស់គឺសុខចិតចំណេញតិចតួចលក់នៅតំណាកនេះ»។ នេះបើតាមការលើកឡើងរបស់អ្នកស្រី ធា រី ដោយបញ្ជាក់តម្លៃបន្លែថា ស្ពែចង្កឹះមួយគីឡូក្រាមតម្លៃ៥០ពាន់រៀល, ត្រកួនតម្លៃ៤ទៅ៥ពាន់ក្នុងមួយគីឡូក្រាម ហើយក្រូចឆ្មាប្រភេទតូចមួយគីឡូក្រាមតម្លៃ៧ពាន់រៀល។ 


 
ចំណែក អាជីវករដែលជាអ្នកលក់សាចជ្រូកម្នាក់ថ្លែងថា សាច់សុទ្ធមួយគីឡូតម្លៃ៣ម៉ឺន៥ពាន់រៀល ខណៈដែលសាច់ជ្រូកសល់ពេញក្នុងតូប។ រីឯ អ្នកលក់ត្រីវិញ បញ្ជាក់ថា ត្រីអណ្ដែង និងត្រីរ៉ស់ តម្លៃ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ 
 
លោក ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី យល់ថា ការឡើងថ្លៃទំនិញនៅក្នុងពេលនេះ មិនមែនមកពីអាជ្ញាធរអសមត្ថភាពនោះទេ។ អ្នកតាមដានព្រឹត្តិការណ៍សង្គមរូបនេះថា កត្តាដែលនាំមានការឡើងថ្លៃ គឺដោយសារស្ថានភាពកូវីដ-១៩ ជាស្ថានភាពស្មុគស្មាញហើយកើតឡើងភ្លាមៗ ដែលទាមទារឲ្យរដ្ឋអន្តរាគមន៍គ្រប់វិស័យទាំងអស់ភ្លាមៗផងដែរ។ លើសពីនេះ គឺដោយសារប្រជាជនភ័យខ្លាចនាំគ្នាទិញទំនិញទុក ខណៈរដ្ឋដាក់ចេញវិធានការបិទខ្ទប់ ដើម្បីសុវត្ថិភាព កុំឆ្លងកូវីដ-១៩។ 
 


«ខ្ញុំថាប្រជាជនកុំបាច់ភ័យខ្លាចក្នុងការខ្លះស្បៀងអាហារ ម្ហូបអាហារឡើយ ហើយជាទូទៅកម្ពុជាយើងមិនដែលអង្ករ ស្រូវ ម្ហូបអាហារបន្លែឡើយ។ ក៏ប៉ុន្តែ យើងខ្លះប្រភេទមួយចំនួនដែលនាំឲ្យយើងនាំចូលពីថៃឬវៀតណាមដូចជាមានសាច់ជ្រូកអី ប៉ុន្តែពេលនេះជារឿងល្អ ទាំងរដ្ឋ វិស័យឯកជន ពលរដ្ឋនៅក្រៅតំបន់បិទខ្ទប់អាចផលិតចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក»។ នេះបើតាមការលើកឡើងរបស់លោក គីមឡុង ដោយអំពាវនាវឲ្យពលរដ្ឋមិនចាំបាច់ទិញទំនិញឬស្បៀងទុកច្រើននោះទេ ព្រោះរដ្ឋាភិបាលមានយុទ្ធសាស្រ្តគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានេះ។
 
សម្រាប់លោក គីមឡុង ដំណាក់ការនេះ ក៏អាចជាឱកាសល្អក្នុងការពង្រឹងវិស័យផ្សេងៗក្នុងស្រុក ពិសេសកសិកម្ម។ លោកអះអាងថា រដ្ឋមិនអាចឲ្យពលរដ្ឋរស់ដោយអត់ស្បៀងអាហារឡើយ ហើយរដ្ឋកំពុងមានដំណោះស្រាយជាបន្តបន្ទាប់ ជាក់ស្ដែងក្រសួងពាណិជ្ជកម្មនឹងដោះស្រាយបញ្ហាស្បៀងអាហារដល់ពលរដ្ឋនៅតំបន់ក្រហម។
 
កាលពីថ្ងៃទី១៦ មេសា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រកាសចាត់វិធានការលើឈ្មួញដែលដំឡើងថ្លៃទំនិញ នៅក្នុងអំឡុងពេលបិទខ្ទប់ ខណៈអាជីវករមួយចំនួន ឆ្លៀតឱកាសដំឡើងថ្លៃទំនិញប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ។ អភិបាលរាជធានីភ្នំពេញ ស្នើឲ្យអាជីវករទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជួយអ្នកក្រីក្រ ជួយពលរដ្ឋដែលកំពុងមានទុក្ខ និងអំពាវនាវដល់អាជីវករ កុំដំឡើងថ្លៃទំនិញដោយគ្មានហេតុផល អំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ ៕








 

© រក្សាសិទ្ធិដោយ thmeythmey.com