អន្តរជាតិ
ឥណ្ឌូណេស៊ី តាមរកនាវាមុជទឹកមួយគ្រឿងដែលបាត់ខ្លួនជាមួយនាវិក៥៣នាក់
22, Apr 2021 , 12:29 pm        
រូបភាព
ឥណ្ឌូណេស៊ី កំពុងតាមរកនាវាមុជទឹកមួយគ្រឿងដែលបាត់ខ្លួនអំឡុងពេលធ្វើសមយុទ្ធនៅថ្ងៃទី២១ ខែមេសា។ នាវិក៥៣នាក់ ស្ថិតក្នុងនាវាមុជទឹកដែលបាត់សញ្ញានៅសមុទ្រក្បែរកោះបាលី។ ឥណ្ឌូណេស៊ី ក៏ស្នើសុំជំនួយពីសិង្ហបុរី និងអូស្ត្រាលីផងដែរ។
 
នាវាមុជទឹក KRI Nanggala 402 ដែលផលិតនៅអាល្លឺម៉ង់ បានបាត់ដំណឹងពេលធ្វើសមយុទ្ធបាញ់គ្រាប់ក្រោមទឹកនៅក្នុងសមុទ្រក្បែរកោះបាលី។ ប្រេងអណ្ដែត ត្រូវបានប្រទះឃើញនៅក្បែរទីតាំងនាវាមុជទឹកនេះទម្លាក់ខ្លួនចូលសមុទ្រ ហើយនាវាពីរគ្រឿងដែលមានសមត្ថភាពចាប់រលកសញ្ញាក្រោមសមុទ្រ ត្រូវបានពង្រាយដើម្បីតាមរកនាវាមុជទឹកនេះ ដែលមាននាវិក៥៣នាក់ផងដែរ។
 
ប្រមុខកងទ័ពឥណ្ឌូណេស៊ី ឧត្តមសេនីយ៍ Hadi Tjahjanto បញ្ជាក់នៅថ្ងៃទី២១ ខែមេសា ថា ការតាមរកនាវាមុជទឹកវ័យចំណាស់មួយនេះ កំពុងធ្វើឡើងនៅដែនទឹកកោះបាលី និងនៅចម្ងាយ៩៦គីឡូម៉ែត្រពីបាលីផងដែរ។ លោកបន្តថា ការទាក់ទងជាមួយនាវាមុជទឹកនេះ បានបាត់ម៉ោង៤ព្រឹក។
 
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិឥណ្ឌូណេស៊ី នាវាមុជទឹក KRI Nanggala 402 សុំការអនុញ្ញាតមុជចុះនៅម៉ោង៣ ហើយក្រោយធ្វើសកម្មភាពរួចមក ក៏បាត់ទំនាក់ទំនង ហើយមិនអាចទាក់ទងបានតែម្ដង។ បួនម៉ោងក្រោយ ក្រុមរុករកក៏ឃើញប្រេងអណ្ដែត។ ត្រង់នេះ កងទ័ពជើងទឹកឥណ្ឌូណេស៊ីបញ្ជាក់ថា បញ្ហាអាចកើតមានពេលមុជចុះ ហើយនាវិកក៏បាត់បង់ការគ្រប់គ្រងនាវា ស្របពេលការសង្រ្គោះបន្ទាន់ ក៏មិនអាចធ្វើបាន។ នាវានេះអាចធ្លាក់ចុះដល់ជម្រៅពី៦០០ទៅ៧០០ម៉ែត្រ។
 
បើតាមក្រសួងការពារជាតិឥណ្ឌូណេស៊ី សិង្ហបុរី អូស្ត្រាលី និងឥណ្ឌា បានឆ្លើយតបតាមការស្នើសុំជំនួយ និងត្រៀមខ្លួនជួយដល់ការរុករកនេះ។
 
នាវាមុជទឹក KRI Nanggala 402 ត្រូវបានសាងសង់នៅឆ្នាំ១៩៨១។ នៅឆ្នាំ២០១២ នាវានេះត្រូវឆ្លងកាត់ការជួសជុលនៅកូរ៉េខាងត្បូង។ បច្ចុប្បន្ន ឥណ្ឌូណេស៊ី មាននាវាមុជទឹក៥ ដែលពីរគ្រឿងទិញអាល្លឺម៉ង់ និងបីគ្រឿងទិញពីកូរ៉េខាងត្បូង ដើម្បីការពារដែនទឹកដ៏ធំល្វឹងល្វើយរបស់ខ្លួន៕ 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com