ជាតិ
សេដ្ឋកិច្ច
អ្នក​ស្រី សេន ឡា និង​អ្នក​ភូមិ​​ គ្រោងយក​បន្លែ​ផ្លែ​ឈើទៅ​ចែក​អ្នក​ខ្វះ​ខាត​នៅ​ភ្នំពេញ​ដោយ​ឥត​គិត​ថ្លៃ​
23, Apr 2021 , 12:59 pm        
រូបភាព

កណ្ដាល៖ ប្រសិនបើមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច អ្នកស្រី សេន ឡាយ និងអ្នកភូមិ គ្រោងប្រមូលបន្លែផ្លែឈើ ដែលដាំនៅក្នុងភូមិ យកទៅចែកជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលកំពុងខ្វះខាតខ្លាំង ដោយឥតគិតថ្លៃ។ អ្នកស្រី សេន ឡា អះអាងថា ខ្លួនមិនមែនជាអ្នកមានឡើយ ប៉ុន្តែដោយយល់ពីទុក្ខលំបាកខ្លាំងរបស់អ្នកដែលមិនអាចចេញទៅណាបាន ស្របពេលគ្មានស្បៀងអាហារបរិភោគនោះ អ្នកស្រី ក៏មានបំណងទិញបន្លែមួយឡាន រួមទាំងរៃអង្គាសបន្លែផ្លែឈើពីអ្នកភូមិបន្ថែមទៀត ដើម្បីយកទៅចែកជូនអ្នកនៅភ្នំពេញ។

ជាឈ្មួញកណ្ដាលទិញបន្លែនៅក្នុងភូមិ អ្នកស្រី សេន ឡា ដែលរស់នៅក្នុងភូមិព្រែកបាក់ ឃុំព្រែទម្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល បានអះអាងថាគាត់មានបំណងទិញបន្លែផ្សេងៗ ដែលដាំនៅក្នុងភូមិ ដើម្បីយកទៅចែកជូនអ្នកកំពុងខ្វះខាតខ្លាំងនៅរាជធានីភ្នំពេញ។

បន្ថែមពីនោះអ្នកស្រីក៏បានពិភាក្សាជាមួយអ្នកភូមិដទៃទៀតខ្លះហើយដែរ ពីការរៃអង្គាសបន្លែ និងផ្លែឈើដែលដាំនៅក្នុងភូមិស្រាប់ ដូចជាខ្នុរ ស្វាយ ចេក ល្ហុង ជាដើមដាក់បន្ថែមទៀត ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ច អនុញ្ញាតឱ្យយកចូល។

មានវ័យ៤៣ឆ្នាំ ស្រ្តីដែលប្រកបរបរទិញបន្លែក្នុងភូមិអស់រយៈពេលប្រមាណ៦ឆ្នាំរូបនេះ ថាខ្លួនមិនមែនជាអ្នកមានទ្រព្យច្រើនឡើយ ប៉ុន្តែដោយទឹកចិត្តអាណិតប្រជាជនដូចគ្នា ទើបបានជាអ្នកស្រីមានបំណងបែបនោះ។



 «ប្រសិនបើមានចេកមានអី ខ្ញុំកាប់ពេញឡានដាក់ឱ្យតែម្ដង ឱ្យតែប្រាដកថាយកទៅឱ្យគ្នាអ្នកដែលអត់នោះ ដោយមិនគិតថ្លៃ។ អ្នកនៅស្រុកជាមួយគ្នា អ្នកដែលធ្លាប់មានកូននៅភ្នំពេញ ដល់ឃើញកូនអ៊ីចឹងអាណិតណាស់ តេ(ហៅទូរសព្ទ)មកយំ អត់អីហូប ហើយចេញទៅណាមិនរួច ដល់អ៊ីចឹងពិបាកណាស់ ពិបាកមែនទែន»។ នេះបើតាមអ្នកស្រី សេន ឡា។

សូមស្ដាប់សំលេងរបស់អ្នកស្រី សេន ឡា ៖




 

ឆ្លើយតបនឹងទឹកចិត្តរបស់អ្នកស្រី សេន ឡា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្នើឱ្យអ្នកស្រី សេង ឡា ទាក់ទងទៅខាងរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈលេខទូរសព្ទ ០១៧ ៦៦២ ២២៣។ 



«ឱ្យគាត់ទាក់ទងមកខាងរដ្ឋបាលយើងខ្ញុំមក យើងខ្ញុំនឹងជូនគាត់ទៅចែកជូនប្រជាពលរដ្ឋ។ ឱ្យគាត់ដឹកឱ្យច្រើនមក ដើម្បីខ្ញុំយកទៅជូនប្រជាជន។ អរគុណច្រើន»។ នេះជាការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ។

បើតាមអ្នកស្រី សេន ឡា ការជួយគ្នាក្នុងគ្រាលំបាកនេះ ជារឿងសំខាន់ណាស់។«អ្នកភូមិគេយល់ ប្រហែលជាគេឱ្យដោយមិនយកលុយ ហើយខ្ញុំចេញលុយខ្លួនឯងខ្លះ។ ខ្ញុំមិនមែនជាអ្នកមានទេ គ្រាន់តែខ្ញុំអាណិតគ្នាអ្នកអត់ យើងគ្រាន់តែស្រមៃឃើញ ពេលដែលនៅក្នុងផ្ទះហើយមិនមានអ្វី យើងក៏ពិបាកដែរ។ អ្នកនៅស្រុកនេះច្រើនតែមានកូន មានបងប្អូននៅភ្នំពេញដូចគ្នា ដូច្នេះនឹកឃើញដល់ទឹកចិត្តអ្នកដែលគ្នានៅពិបាក ហើយយើងគ្រាន់តែចំណាយប៉ុណ្ណឹងមិនអីទេ។  ខ្ញុំនិយាយជាមួយអ្នកលក់បន្លែដូចគ្នា២ថ្ងៃហើយ គិតឃើញថាប្រសិនបើអាចដឹកទៅបាន ចំណាយលុយត្រឹម១០ឬ២០ម៉ឺនដើម្បីយកទៅ។ យើងអត់មែន ប៉ុន្តែយើងចែករំលែកដល់អ្នកដែលអត់ជាងយើងទៀត ឱ្យគ្នាបានហូប។ ពេលអត់ហ្នឹងបានគេឱ្យអរណាស់»។ នេះបើតាមអ្នកស្រី ឡា។   













 


Tag:
 កណ្ដាល
  បន្លែ​
  ផ្លែ​ឈើ​
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com