COVID-19
ជាតិ
ពលរដ្ឋទាំងអស់ក្នុងតំបន់ក្រហម ត្រូវតម្រូវឲ្យទៅធ្វើតេស្តរកកូវីដ-១៩, អ្នកមិនទៅ នឹងត្រូវទទួលទោស
23, Apr 2021 , 10:40 pm        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ (រូបពីហ្វេសប៊ុកផ្លូវការរបស់លោក)
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ (រូបពីហ្វេសប៊ុកផ្លូវការរបស់លោក)
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ក្រហម ឲ្យទៅផ្តល់សំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ «ជាកំហិត»។ លោក អះអាងថា ការតម្រូវឲ្យប្រជាពលរដ្ឋទាំងអស់ក្នុងតំបន់ក្រហម ទៅផ្តល់សំណាកធ្វើតេស្តនេះ គឺដើម្បីអាចឈានទៅដល់ការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ។


តាមរយៈសេចក្តីណែនាំ ចេញនៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង ព្រមានទុកជាមុនថា៖«ក្នុងករណីប្រជាពលរដ្ឋណាម្នាក់ មិនព្រមសហការឬគេចវេះមិនទៅផ្តល់សំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ តាមការណែនាំនេះទេ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន»។

លោក គឹម សន្តិភាព រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ សរសេរលើទំព័រហ្វេសប៊ុកថា សេចក្តីជូនដំណឹងរបស់អភិបាលរាជធានីភ្នំពេញ គឺជាការកំណត់កាតព្វកិច្ចក្នុងការទៅផ្តល់សំណាក សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ក្រហម។ លោក ដាស់តឿនថា៖«បុគ្គល ដែលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១លានរៀល ទៅ ៥លានរៀល»។

ដោយសារមើលឃើញពីរាលដាលជំងឺកូវីដ-១៩ កាន់តែខ្លាំង រដ្ឋាភិបាល បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញទាំងមូលនិងក្រុងតាខ្មៅនៃខេត្តកណ្តាល រយៈពេល១៤ថ្ងៃ គឺចាប់ថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលត្រូវបិទខ្ទប់នេះ មានតំបន់ខ្លះ ត្រូវចាត់ទុកជាតំបន់ក្រហម បើតំបន់នោះ មានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩។

តំបន់ចំនួន ដែលត្រូវកំណត់ជាតំបន់ក្រហម រួមមាន សង្កាត់ស្ទឹងមានជ័យទី១ ទី២ ទី៣ នៃខណ្ឌមានជ័យ, សង្កាត់ចោមចៅទី១ នៃខណ្ឌពោធិ៍សែនជ័យ, ភូមិ១៤ ភូមិ១៦ ភូមិ១៧ នៃក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវដាក់ចូលជាតំបន់ក្រហម។

ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ទី២ និង ទី៣ អាចទៅផ្តល់សំណាកនៅទីតាំង៣ គឺ ទីលានចាក់សំរាមចាស់ ក្នុងភូមិដំណាក់ធំ ទីតាំងបណ្តោយផ្លូវលេខ១០១៩ (ផ្លូវទ្រុងមាន់) ក្នុងភូមិទ្រា និង វិហារព្រះយេស៊ូ នៅទល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ចោមចៅទី១ អាចទៅផ្តល់សំណាកនៅទីតាំង៣ដែរ គឺ សាលាបឋមសិក្សាសុភមង្គល ក្នុងភូមិប៉ប្រកខាងជើង ផ្សារខេម៉ល (K-MALL) ក្នុងភូមិត្រពាំងថ្លឹង១ និង ដីឡូតិ៍ខាងក្រោយផ្សារឯករាជ្យ៣ ក្នុងភូមិត្រពាំងថ្លឹង១។ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិ១៤ ភូមិ១៦ និង ភូមិ១៧ នៃសង្កាត់បឹងសាឡាង អាចទៅផ្តល់សំណាកនៅបរិវេណមជ្ឈមណ្ឌលវប្បធម៌ចេនឡា។

ប្រជាពលរដ្ឋ ស្ថិតក្នុងតំបនក្រហមនេះ ត្រូវរឹតត្បិតយ៉ាងតឹងតែងបំផុតក្នុងការដើរហើរ ហើយពួកគាត់ ត្រូវហាមដាច់ខាតមិនឲ្យចេញពីលំនៅឋានឡើយ។ មានតែ៣ករណីប៉ុណ្ណោះ ដែលប្រជាពលរដ្ឋ ក្នុងតំបន់ក្រហម អាចចេញពីលំនៅឋានបាន គឺទី១ មានបញ្ហាសុខភាព ត្រូវទៅមន្ទីរពេទ្យបន្ទាន់ ទៅផ្តល់សំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ និង ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩លើកទី២ (ដូសទី២)។ គ្រឿងបរិភោគ-ឧបរិភោគ ត្រូវបានអាជ្ញាធរដឹកទៅលក់ដល់មុខផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងតំបន់ក្រហម ហើយពួកគាត់ ក៏អាចបញ្ជាទិញតាមទូរស័ព្ទឬតាមអនឡាញផងដែរ៕

Tag:
 COVID-19
  តំបន់ក្រហម
  ធ្វើតេស្ត
© រក្សាសិទ្ធិដោយ thmeythmey.com