អន្តរជាតិ
អាមេរិក ទទួលស្គាល់ការសម្លាប់រង្គាលជនជាតិអាមេនីដោយទ័ពអូតូម៉ង់ ជាអំពើប្រល័យពូជសាសន៍
25, Apr 2021 , 11:04 am        
រូបភាព
ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី២៤​ ខែមេសា​ បានប្រកាសទទួលស្គាល់ការសម្លាប់រង្គាលជនជាតិអាមេនីដោយកម្លាំងចក្រភពអូតូម៉ង់នៅឆ្នាំ១៩១៥ ជាអំពើប្រល័យពូជសាសន៍។ អាមេនី សាទរការប្រកាសរបស់អាមេរិកដោយចាត់ទុកជាជំហានប្រវត្តិសាស្រ្តមួយ ខណៈតួកគីឯណោះ មិនសប្បាយចិត្តឡើយ និងចោទរដ្ឋបាលលោក បៃឌិន ថា ព្យាយាមសរសេរប្រវត្តិសាស្ត្រឡើងវិញ។
 
លោក ចូ បៃឌិន ក្លាយជាប្រធានាធិបតីអាមេរិកទីមួយដែលប្រើពាក្យប្រល័យពូជសាសន៍សំដៅការសម្លាប់ជនជាតិអាមេនីដោយកម្លាំងចក្រភពអូតូម៉ង់អំឡុងសង្រ្គាមលោកលើកទី១ ។ ការទទួលស្គាល់របស់លោក បៃឌិន ធ្វើឡើងចំខួបទី១០៦ នៃព្រឹត្តិការណ៍សម្លាប់រង្គាលឆ្នាំ១៩១៥ ពេលដែលកងទ័ពអូតូម៉ង់ប្រយុទ្ធនឹងកម្លាំងទ័ពរុស្ស៊ីនៅទឹកដីអាមេនីបច្ចុប្ប​ន្ន។
 
«យើងចងចាំអ្នកដែលបាត់បង់ជីវិតក្នុងការអំពើប្រល័យពូជសាសន៍នៅអាមេនៅសម័យអូតូម៉ង់ និងប្ដេជ្ញាចិត្តជាថ្មីក្នុងការទប់ស្កាត់អំពើបែបនេះកើតឡើងម្ដងទៀត»។ លោក បៃឌិន បញ្ជាក់បែបនេះនៅថ្ងៃទី២៤ ខែមេសា។ មុនមួយថ្ងៃ លោក បៃឌិន ក៏ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ និងបានប្រាប់ពីបំណងរបស់លោកក្នុងការទទួលស្គាល់ការសម្លាប់រង្គាលលើជនជាតិអាមេនីជាអំពើប្រល័យពូជសាសន៍ផងដែរ។
 
ប្រធានាធិបតីអាមេរិក ពន្យល់ថា សេចក្ដីថ្លែងការណ៍របស់លោក មិនមែនជារុញកំហុសដាក់នរណា ឡើយ តែដើម្បីធានាថា សោកនាដកម្មបែបនេះ មិនអាចកើតឡើងម្ដងទៀតប៉ុណ្ណោះ។ 
 
ជនជាតិអាមេនីយ៉ាងហោចណាស់១,៥លាននាក់ ត្រូវជឿថា ត្រូវបានសម្លាប់ដោយកងទ័ពអូតូម៉ង់ពីឆ្នាំ១៩១៥ ដល់ឆ្នាំ១៩១៧ ដែលជាពេលចុងក្រោយនៃចក្រភពមួយនេះ។ តួកគីដែលបន្តវេនពីអូតូម៉ង់ អះអាងថា ជនជាតិអាមេនីប្រមាណបីសែននាក់ប៉ុណ្ណោះ ត្រូវបានសម្លាប់ ប៉ុន្តែមិនទទួលស្គាល់ជាអំពើប្រល័យពូជសាសន៍ឡើយ តែជាលទ្ធផលនៃសង្រ្គាម ដែលជនជាតិតួកគីជាច្រើន ក៏បានស្លាប់ដូចគ្នាផងដែរ។​
 
ភា្លមៗក្រោយប្រកាសរបស់លោក បៃឌិន អាមេនី បានសាទរការប្រកាសទទួលស្គាល់នេះ។ នាយករដ្ឋមន្រ្តីអាមេនី Nikol Pashinyan ក៏បានអរគុណលោក បៃឌិន ចំពោះជំហានប្រវត្តិសាស្រ្ត និងការពិតមួយនេះ។ ប៉ុន្តែតួកគីវិញ ក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង។ រដ្ឋមន្ត្រីការបរទេសតួកគី  Mevlut Cavusoglu 
សរសេរលើ​ Twitter ថា សេចក្ដីថ្លែងការណ៍នេះ មិនអាចផ្លាស់ប្ដូរប្រវត្តិសាស្រ្តបានឡើយ ហើយតួកគី ក៏មិនរៀនសូត្រតាមនរណាពីប្រវត្តិសាស្រ្តរបស់ខ្លួនដែរ។
 
ចំណែកលោក អ៊ែរដូហ្កាន់ វិញអះអាងថា មានភាគីទីបីយករឿងនេះធ្វើជានយោបាយ និងធ្វើជាឧបករណ៍លូកលាន់កិច្ចការផ្ទៃក្នុងតួកគី។ ប៉ុន្តែក្នុងសារទៅកាន់មេដឹកនាំសាសនាគ្រឹស្តអាមេនី មេដឹកនាំតួកគីរូបនេះ ក៏ឆ្លើយបង្ហាញជំហរត្រៀមខ្លួនអភិវឌ្ឍទំនាក់ទំនងជាមួយអាមេនីដោយផ្អែកលើគោលការណ៍អ្នកជិតខាងល្អ និងគោរពគ្នាទៅវិញទៅមក៕
 

Tag:
 អាមេរិក
  អាមេនី
© រក្សាសិទ្ធិដោយ thmeythmey.com