អន្តរជាតិ
ឥណ្ឌូណេស៊ី រកឃើញនាវាមុជទឹកដែលបាត់ ឯនាវិកទាំង៥៣នាក់ស្លាប់ទាំងអស់
26, Apr 2021 , 12:21 pm        
រូបភាព
មេបញ្ជាការកងទ័ពឥណ្ឌូណេស៊ី ឧត្តមសេនីយ៍ Hadi Tjahjanto (ស្ដាំ) ក្នុងសន្និសីទសារព័ត៌មាន។ រូបថត AFP
មេបញ្ជាការកងទ័ពឥណ្ឌូណេស៊ី ឧត្តមសេនីយ៍ Hadi Tjahjanto (ស្ដាំ) ក្នុងសន្និសីទសារព័ត៌មាន។ រូបថត AFP
ប្រមុខកងទ័ពឥណ្ឌូណេស៊ី នៅថ្ងៃទី២៥ ខែមេសា បញ្ជាក់ថា ក្រុមរុករក បានរកឃើញនាវាមុជទឹកដែលបាត់ខ្លួនហើយ ហើយនាវិកទាំងអស់ បានបាត់បង់ជីវិតផងដែរ។ បំណែកជាច្រើនរបស់នាវា ត្រូវបានប្រទះឃើញនៅជម្រៅប្រមាណ៨៣០ម៉ែត្រនៃសមុទ្រក្បែរកោះបាលី។
 
នាសន្និសីទសារព័ត៌មានល្ងាចថ្ងៃទី២៥ ខែមេសា ឧត្តមសេនីយ៍ Hadi Tjahjanto និយាយថា ក្រុមស្រាវជ្រាវ ទទួលបានរូបភាពជាច្រើនរបស់នាវាមុជទឹក KRI Nanggala 402 ដូចជាយុថ្កា និងចង្កូតជាដើម។ បើតាមព័ស្តុតាងទាំងនេះ លោក Tjahjanto អះអាងថា នាវាមុជទឹកនេះ បានលិច ហើយគ្មានអ្នកនៅមានជីវិតឡើយ។
 
«ជាមួយក្ដីសោកសង្រេង ក្នុងនាមជាមេបញ្ជាការ ខ្ញុំប្រកាសថា នាវិក៥៣នាក់នៃនាវា KRI Nanggala 402 ស្លាប់ទាំងអស់។» លោក Tjahjanto បន្តបែបនេះ។ 
 
ក្នុងសន្និសីទដដែល យោធាឥណ្ឌូណេស៊ី ក៏រកឃើញសម្លៀកបំពាក់គេចខ្លួនរបស់នាវាមុជទឹកដែរ។ ប្រមុខកងទ័ពជើងគោកឥណ្ឌូណេស៊ី Yudo Margono បញ្ជាក់ថា ជាធម្មតា សម្លៀកបំពាក់នេះ ត្រូវដាក់ក្នុងប្រអប់អាសន្ន ដូចនេះវាមានន័យថា មានអ្នកយកសម្លៀកបំពាក់ចេញក្រៅ តែទំនងជាមិនអាចប្រើបាន។
 
ក្នុងការរុករកនេះ ឥណ្ឌូណេស៊ី ប្រើកប៉ាល់របស់ខ្លួនយ៉ាងហោចណាស់២៤គ្រឿង។ អាមេរិក ម៉ាឡេស៊ី និងសិង្ហបុរីនៅក្បែខាងក៏បញ្ជូនយន្តហោះ និងកប៉ាល់ទៅជួយដែរ។ រូបរបស់នាវាមុជទឹកនាវា KRI Nanggala 402 ត្រូវបានថតចេញពីឧបករណ៍បញ្ជាពីចម្ងាយរបស់កប៉ាល់សង្រ្គោះ MV Swift Rescue របស់សិង្ហបុរី។ 
 
ការស៊ើបអង្កេតលើករណីនេះ ត្រូវបានធ្វើឡើង តែលោក Margono សង្កត់ធ្ងន់ថា មិនមែនមកពីកត្តាមនុស្សឡើយ ព្រោះនាវាមុជទឹកអនុវត្តតាមនីតិវិធីត្រឹមត្រូវពេលមុជចុះ។ ជាមួយគ្នានេះ ឥណ្ឌូណេស៊ី ក៏ប៉ុនប៉ងលើកនាវាមុជទឹកនេះឡើងគោកដែរ ទោះជារឿងកម្រសម្រាប់ករណីលិចនាវាមុជទឹកក្ដី៕
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com