COVID-19
ជាតិ
អ្នកខេត្តប្រញាប់ផ្ញើឥវ៉ាន់ឱ្យសាច់ញាតិនៅរាជធានីភ្នំពេញក្នុងតំបន់បិទខ្ទប់ ដើម្បីដោះស្រាយជីវភាព
28, Apr 2021 , 8:59 am        
រូបភាព
កណ្ដាល៖  អ្នកនៅខេត្ត ចាប់ផ្ដើមប្រមូលបន្លែ ផ្លែឈើ ត្រី សាច់ អង្ករ ផ្ញើទៅសាច់ញាតិហើយ ក្រោយពីមានការអនុញ្ញាតឱ្យឡានដឹកទំនិញ អាចចេញចូលរាជធានីភ្នំពេញបាន។ ទោះជាយ៉ាងណា ក៏មានអ្នកភូមិមួយចំនួន ពុំទាន់ហ៊ានផ្ញើស្បៀងទៅជូនបងប្អូនដែរ ព្រោះខ្លាចថាឡានចូលទៅមិនដល់។ ជាមួយគ្នានេះ អ្នកបើកឡានឈ្នួល ដឹកបន្លែផ្លែឈើដែលអ្នកភូមិផ្ញើទៅរាជធានី ថាការអនុញ្ញាតឱ្យឡានឆ្លងកាត់ចូលទៅភូមិសាស្ត្រភ្នំពេញ មានការតឹងរឹងដោយកន្លែង។


អ្នកនាង អួក ស្រីអូន ដែលរស់នៅក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល បានផ្ញើបន្លែ ផ្លែឈើ ដូចជាត្រឡាច ត្រកួន ត្រួយអំពិល ស្វាយ ល្ហុង ខ្នុរ និងត្រីប្រឡាក់ជាដើម ទៅជូនម្ដាយឪពុករួមទាំងប្អូននៅក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ស្ថិតក្នុងតំបន់បិទខ្ទប់។ 
 
បានរៀបចំឥវ៉ាន់រួចរាល់ខ្លះនៅពេលល្ងាច ហើយព្រឹកឡើងបានទិញបន្លែដែលបេះភ្លាមៗ ពីអ្នកភូមិបន្ថែមទៀត ដើម្បីផ្ញើតាមឡានឈ្នួលទៅរាជធានីភ្នំពេញ អ្នកនាង ស្រីអូន ដែលមានកូនស្រីតូចម្នាក់នោះ បានប្រាប់សារព័ត៌មានថ្មីៗថា ដោយសារតែដឹងថាម្ដាយឪពុក ជាប់នៅក្នុងតំបន់បិទខ្ទប់ ពិបាកចេញទៅផ្សារ ម្យ៉ាងទំនិញស្ទើរតែគ្រប់មុខ មានតម្លៃថ្លៃផង ទើបបានជានាងផ្ញើអីវ៉ាន់ទៅជូនម្ដាយ។



 
ឈរនៅខាងមុខផ្ទះ ជិតទៃដាក់ឥវ៉ាន់ ដែលផ្ដេកជាប់ទ្វាររបងធ្វើពីដែក អ្នកនាង ស្រីអូន បញ្ជាក់ដូច្នេះ៖«ខ្ញុំជាអ្នកផ្ញើទៅជូនគាត់ខ្លួនឯង គាត់មិនបានប្រាប់ឱ្យខ្ញុំផ្ញើទៅទេ។ ខ្ញុំទើបតែដឹងថាគេបើកឱ្យឡានដឹកទំនិញចូលពីម្សិលមិញដែរ ហើយខ្ញុំក៏ផ្ញើទៅថ្ងៃនេះ។ កន្លែងម្ដាយខ្ញុំរស់នៅ ក៏គេបិទខ្ទប់ដែរ គេមិនឱ្យចេញចូលទេ។ ពេលគេបិទខ្ទប់ គាត់ពិបាកទៅទិញម្ហូបនៅផ្សារ ព្រោះគាត់ខ្លាចឆ្លង ណាមួយអីវ៉ាន់វាថ្លៃផង»។  
 
ចំណែកលោក តាំង ប៉េងលី ដែលរស់នៅក្នុងភូមិព្រែកតូច ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល គឺជាអ្នករត់ឡានឈ្នួលដឹកមនុស្សពីក្នុងភូមិឡើងទៅរាជធានីភ្នំពេញ។ ប៉ុន្តែចាប់តាំងពីមានការរឹតបន្តឹង  ក្រោយការផ្ទុះកូវីដ-១៩ខ្លាំង លោកក៏សម្រាកដឹកភ្ញៀវមួយរយៈ។ ទើបតែ៣ថ្ងៃចុងក្រោយនេះទេ ដែលលោកចាប់ផ្ដើមដឹកបន្លែត្រីសាច់និងអង្ករ ដែលអ្នកភូមិផ្ញើឱ្យសាច់ញាតិ ចូលទៅរាជធានីភ្នំពេញ។


 
ឆ្លើយប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ លោក តាំង ប៉េងលី ដែលកំពុងស្ថិតនៅទីតាំងរាជធានីភ្នំពេញ ថាការចេញចូលរាជធានីភ្នំពេញ សម្រាប់ការដឹកជញ្ជូនអីវ៉ាន់នេះ មានការតឹងរឹងខ្លាំងដោយកន្លែង។ យកសេវាដឹកអីវ៉ាន់ក្នុងមួយជើងតម្លៃ១៥,០០០រៀល លោក ប៉េងលី ត្រូវជិះវាងពីកន្លែងរនាំងហាមឃាត់មួយទៅកន្លែងមួយទៀត ដើម្បីស្វែងរកទីតាំងណាដែលអាជ្ញាធរមានការយោគយល់អធ្យាស្រ័យ។
 
មួយថ្ងៃដឹងស្បៀងដែលជាបញ្ញើរបស់អ្នកភូមិ បានតែមួយជើងប៉ុណ្ណោះ ចូលទៅក្នុងរាជធានីភ្នំពេញ ដោយទៅគ្រប់ទីកន្លែងដែលភ្ញៀវតម្រូវ អ្នករត់ឡានវ័យប្រមាណ៣០ឆ្នាំរូបនេះ ភាគច្រើនដឹកបន្លែ ផ្លែឈើ អង្ករ ត្រី សាច់។
 
«បើឱ្យស្មើសុំ ខ្ញុំចេះតែស្នើសុំហើយ ក៏ប៉ុន្តែខ្ញុំមិនហ៊ានសុំ ព្រោះខ្លាចប៉ះពាល់គេ ព្រោះយើងជាប្រជាជន។ ឡានយើងដឹកស្បៀងអ៊ីចឹង ខ្ញុំចង់ឱ្យគាត់អនុគ្រោះឱ្យយើងចូលទៅណា។ តែអ្នកខ្លះគេតឹងរឹង។ ឡានយើងមិនដឹកមនុស្សទេ គឺដឹកតែស្បៀងអាហារទេ។ កន្លែងខ្លះគាត់សុំបើកឡានមើល ពេលគាត់ឃើញថាយើងដឹកអីវ៉ាន់ជាក់ស្ដែងមែន គាត់ឱ្យយើងទៅ។ ប៉ុន្តែកន្លែងខ្លះគាត់សុំមើលដែរ ប៉ុន្តែគាត់ថាដាច់ខាត មិនឱ្យបន្លែចូល ហើយខ្ញុំថាបន្លែនេះ មិនមែនបន្លែធ្វើអាជីវកម្ម យកទៅលក់ទេ គឺបន្លែដែលយកទៅឱ្យបងប្អូននៅក្នុងតំបន់បិទខ្ទប់ ប៉ុន្តែគាត់ថាដាច់ខាតមិនឱ្យចូល។ 


 
ដូច្នេះខ្ញុំរកផ្លូវវាង ដូចថារកយុទ្ធសាស្ត្រណាដែលអាចចូលបាន។ គេមិនឱ្យចូល ហើយត្រូវរកផ្លូវវាង ចុះបើគេចាប់បាន មិនត្រូវគេពិន័យហើយ? ខ្ញុំវាងពីកន្លែងដាក់រនាំងមួយហ្នឹង ទៅកន្លែងដាក់រនាំងមួយទៀត ព្រោះកន្លែងផ្សេងគេអាចយោគយល់យើង។ ខ្ញុំមិនមែនវាងកន្លែងគាត់(កន្លែងហាមឃាត់) ហើយទៅរកផ្លូវណាផ្សេងទេ ព្រោះបើយើងវាង ដូចត្រូវទោសមួយជាន់ទៀត»។
 
ដោយសារតែពុំទាន់បើកទូលាយឱ្យមានការដឹកទំនិញ ចូលរាជធានីភ្នំពេញនេះហើយ ទើបបានជាអ្នកនៅជនបទមួយចំនួន នៅមិនទាន់ហ៊ានផ្ញើអីវ៉ាន់ទៅឱ្យសាច់ញាតិបងប្អូនច្រើនឡើយ ព្រោះខ្លាចថាឡានទាំងនោះចូលទៅមិនដល់ទីតាំងរស់នៅរបស់សាច់ញាតិរបស់ពួកគេនោះឯង៕  
 







Tag:
 កណ្ដាល
  បន្លែ
  ឥវ៉ាន់
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com