COVID-19
ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលា​ការចេញ​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី មួយទៀត ពីបទរារាំង​ការអនុវត្ត​វិធានការ​ទប់ស្កាត់​កូ​វីដ​-១៩ របស់​រដ្ឋ​
28, Apr 2021 , 2:29 pm        
រូបភាព
រូបពី AFP
រូបពី AFP
ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​លោក សម រង្ស៊ី មេដឹកនាំ​ប្រឆាំង ដែល​កំពុង​រស់នៅ​ក្រៅប្រទេស ពីបទ​រារាំង​ដល់​ការអនុវត្ត​វិធានការ និង​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​បង្ក​អសន្តិសុខ​ក្នុងសង្គម ។ នេះ​បើតាម​ដីកា​របស់លោក ពេជ្រ វិជ្ជាធរ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ មេសា​។​

 
​តាមរយៈ​ដីកាចាប់ខ្លួន​នេះ លោក ពេជ្រ វិជ្ជាធរ បាន​បញ្ជាក់ថា លោក សម រង្ស៊ី បាន​ប្រព្រឹត្តិ​បទល្មើស​ព្រហ្មទណ្ឌ​ដែល​បញ្ញត្តិ​ឱ្យ​ផ្ដន្ទាទោស តាម​មាត្រា​១១​នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងៗ និង​តាម​មាត្រ​៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​
 
«​បទល្មើស​ដែល​ចោទប្រកាន់ ជា​បទ​ដែល​តម្រូវឱ្យ​ជាប់ពន្ធនាគារ​»​។ នេះ​បើតាម​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បញ្ជា​ឱ្យ​កងកម្លាំង​ចាប់ខ្លួន​លោក សម រង្ស៊ី មក​ផ្តន្ទាទោស​តាមច្បាប់​។​
 
​ចំពោះ​ករណី​ល្មើស​បទ​រារាំង​ដល់​ការអនុវត្ត​វិធានការ មាត្រា​១១​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៦​ខែ​ទៅ​៣​ឆ្នាំ ហើយ​ពិន័យ​ពី​២​ទៅ​១០​លាន​រៀល​។ បទ​រារាំង​ដល់​ការអនុវត្ត​វិធានការ​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី​២​ទៅ​៥​ឆ្នាំ ហើយ​ពិន័យ​ពី​៥​ទៅ​២០​លាន​រៀល ប្រសិន​បណ្ដាល​ឲ្យ​មានការ​ឆ្លង​កូ​វីដ​-១៩​ដល់​អ្នកដទៃ ឬ​ប៉ះពាល់​ដល់​សុខភាព​សាធារណជន​ធ្ងន់ធ្ងរ​។​
 
​ការចោទប្រកាន់​របស់​តុលាការ និង​ចេញ​ដីកាចាប់ខ្លួន​នេះ ធ្វើឡើង​ក្រោយពី​លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ជាពិសេស កាកបាទក្រហម​អន្តរជាតិ និង កម្មវិធី​ចំណីអាហារ​ពិភពលោក ផ្តល់ជំនួយ​បន្ទាន់ ជា​ស្បៀងអាហារ ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ទីក្រុង​ភ្នំពេញ ក្រុង​តាខ្មៅ និង​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​២៦ មេសា​។ លោក សម រង្ស៊ី បាន​ពន្យល់ថា ការបិទ​ខ្ទប់​ទីក្រុង​ទាំង​៣ ដ៏​តឹងរឹង​ជ្រុល​ហួសហេតុ​នេះ បាន​នាំមក​នូវ​ទុក្ខលំបាក​យ៉ាងខ្លាំង រហូតដល់​ទុរ្ភិក្ស សម្រាប់​ប្រជាពលរដ្ឋ​រងគ្រោះ​។​
 
​គួរ​បញ្ជាក់ថា លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង រង​បទ​ចោទ​ជា​បន្តបន្ទាប់ មិន​ក្រោម​១០​ករណី​នោះទេ ហើយ​បើ​បូកសរុប​ពី​ទោស​នីមួយៗ​នោះ មេដឹកនាំ​ប្រឆាំង​រដ្ឋាភិបាល​រូបនេះ អាច​ជាប់ពន្ធនាគា​ររ​ហូត​ដល់​រាប់សិប​ឆ្នាំ​ទៀតផង​៕

Tag:
 សម រង្ស៊ី
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com