ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ធ្លាប់តែញ៊ាំ! មិនស្មានសោះថា “ខ្ញី” អាចប្រើដោះស្រាយបញ្ហាសម្រស់បាន
29, Apr 2021 , 10:59 pm        
រូបភាព
ទោះបីជាស្គាល់និងឧស្សាហ៍ទទួលទានញឹកញាប់ប៉ុណ្ណាក៏ដោយ ក៏អ្នកប្រហែលជាមិនធ្លាប់ដឹងទេថា ខ្ញីអាចយកប្រើដោះស្រាយបញ្ហាសម្រស់បានជាច្រើន។  ត្រូវធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងគន្លឹះងាយៗប្រើប្រាស់ខ្ញីដោះស្រាយបញ្ហាសម្រស់ ៖
 
១. កម្ចាត់ស្នាមជ្រីវជ្រួញនិងស្នាមខ្សែលើស្បែក
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានតែខ្ញីឆុងស្រស់ៗជាប្រចាំ។ អ្នកក៏អាចបន្ថែមទឹកឃ្មុំ ឬទឹកក្រូចឆ្មារស្រស់ក្នុងតែខ្ញីដើម្បីបង្កើនរសជាតិ។
 
២. កម្ចាត់ស្នាមប្រឡាក់ជាប់ធ្មេញ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនខ្ញីមួយដុំតូចឱ្យម៉ដ្ឋ រួចបន្ថែមអំបិល ១ចុងស្លាបព្រាកាហ្វេចូល និងបន្ថែមទឹកក្រូចឆ្មារស្រស់បន្តិច។ កូរឱ្យសព្វ សឹមប្រើប្រាស់ល្បាយជាថ្នាំដុសធ្មេញ។ អ្នកមិនគួរអនុវត្តរូបមន្តខាងលើលើសពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍សម្រាប់រយៈពេលច្រើនជាង ៥ សប្តាហ៍ឡើយ។ ប្រសិនបើកំឡុងពេលអនុវត្តអ្នកជួបប្រទះអាការៈឈឺចាន់ ឬស្រៀវធ្មេញខ្លាំង ចូរបញ្ឈប់ការអនុវត្តភ្លាម។
 
៣. បង្កើនការលូតលាស់សក់
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ខ្ញីមួយបន្ទះស្រស់ៗដុសថ្នមៗលើស្បែកក្បាល និងលាងសម្អាតចេញជាមួយទឹកធម្មតា។ ទោះជាយ៉ាងណាដើម្បីភាពងាយស្រួលអ្នកគួរអនុវត្តរូបមន្តនេះនៅមុនពេលចូលងូតទឹក។ កុំភ្លេចទទួលទានតែខ្ញីជាប្រចាំផង។ រួបមន្តមួយទៀតនោះ គឺអ្នកអាចលាយទឹកខ្ញីស្រស់ ១ស្លាបព្រាបាយជាមួយប្រេងដូងសុទ្ធកន្លះពែង។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើសក់ដែលស្ងួត។ រងចាំសម្រាប់រយៈពេលប្រមាណពី ២០ ទៅ ៣០នាទី សឹមលាងសម្អាតចេញ។
 
៤. កម្ចាត់អង្គែ
 
លាយម្សៅ Baking soda ចំនួន ១ ស្លាបព្រាបាយជាមួយទឹកខ្ញីស្រស់ ១ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកក្បាលនិងទុកចោលសម្រាប់រយៈពេល ៥ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
 
៥. ធ្វើឱ្យស្បែកមុខតឹងណែន
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកោសសំបកខ្ញីមួយដុំតូចឱ្យស្អាត រួចកិនវាឱ្យម៉ដ្ឋ។ បន្ទាប់មកបន្ថែមទឹកឃ្មុំឆៅ ១ ស្លាបព្រាកាហ្វេចូល។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកមុខ។ រងចាំសម្រាប់រយៈពី ៥ ទៅ ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
 
៦. កម្ចាត់មុន
 
កិនខ្ញីមួយដុំតូចឱ្យម៉ដ្ឋនិងពូតយកទឹក។ បន្ទាប់មកប្រើប្រាស់បន្ទះសំឡី ឬចុងម្រាមដៃដែលលាងសម្អាតរួចរបស់អ្នកជ្រលក់លាបទឹកខ្ញីស្រស់លើមុន។ រងចាំសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។
 
៧. ធ្វើឱ្យស្នាមសំលាកមើលលែងសូវឃើញ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកោសសំបកខ្ញីជាមុនសិន សឹមកិនឱ្យម៉ដ្ឋពូតយកទឹក។ លាបទឹកខ្ញីស្រស់លើស្នាមសំលាកនិងរងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមលាងសម្អាតចេញ។ អនុវត្ត ២ដងក្នុងមួយថ្ងៃ។
 
៨. កម្ចាត់ខ្លាញ់ cellulite
 
Cellulite ជាកោសិកាខ្លាញ់ដែលស្ទះក្រោមស្បែក។ ដើម្បីកម្ចាត់ខ្លាញ់រឹងនេះអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែស្ករសធម្មជាតិ ១ពែង ជាមួយប្រេងអូលិវ ១ភាគ២ពែង ខ្ញីស្រស់ៗដែលចិញ្ច្រាំម៉ដ្ឋ ៤ស្លាបព្រាបាយ និងទឹកក្រូចឆ្មារស្រស់ម្ខាង។ លាយចូលគ្នាឱ្យសព្វ សឹមលាងម៉ាស្សាល្បាយក្នុងចលនាបែបរង្វង់លើស្បែកដែលមានបញ្ហា និងលាងសម្អាតចេញជាមួយទឹកត្រជាក់៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com