អន្តរជាតិ
សភា​សហភាព​អឺរ៉ុប​​ផ្តល់​សច្ចានុមតិ​​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចក្រភព​អង់គ្លេស
29, Apr 2021 , 11:29 pm        
រូបភាព
អ្នក​តំណាង​សហភាព​អឺរ៉ុប និង​អ្នក​តំណាង​ចក្រភព​អង់គ្លេស​ចរចា​គ្នា​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង​ពីរ​នៅ​ឯ​សភា​សហភាព​អឺរ៉ុប ក្នុង​ទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។
អ្នក​តំណាង​សហភាព​អឺរ៉ុប និង​អ្នក​តំណាង​ចក្រភព​អង់គ្លេស​ចរចា​គ្នា​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង​ពីរ​នៅ​ឯ​សភា​សហភាព​អឺរ៉ុប ក្នុង​ទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។
ដោយ: VOA
សភាសហភាព​អឺរ៉ុប​បាន​ផ្តល់​សច្ចានុមតិលើ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មមួយ​ជាមួយ​ចក្រភពអង់គ្លេស​ ក្រោយប្រទេស​នេះ​ ចាកចេញ​ពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការនោះ។​
 
​លទ្ធផល​បោះឆ្នោត​ដែល​ត្រូវបានប្រកាស​នៅ​ថ្ងៃ​ពុធ​នេះបាន​បង្ហាញ​ថា សមាជិក​សភា​សហភាព​អឺរ៉ុប​ជា​ច្រើន​លើស​លប់​ ​បាន​គាំទ្រ​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ក្នុង​សំឡេង​គាំទ្រ​ចំនួន ៦៦០​សំឡេង​ និង​សំឡេង​ប្រឆាំង​ចំនួន​៥​សំឡេង ដោយ​ក្នុង​នោះ​មាន​ស​មាជិក​សភាចំនួន​៣២​រូបបោះឆ្នោត​អនុប្បវាទ។​
 
ការ​បោះឆ្នោត​នេះ​ ជា​ជំហាន​ចុង​ក្រោយ​មួយ​នៅ​ក្នុង​ដំណើរការ​ដែល​មាន​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នៃ​ការកំណត់លក្ខខណ្ឌពាណិជ្ជកម្ម​រវាង​ចក្រភព​អង់គ្លេស​ និង​ប្រទេសជា​សមាជិកសហភាព​អឺរ៉ុប​ទាំង​២៧​ប្រទេស​នោះ​។
 
​ប្រធានក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel​បាន​ស្វាគមន៍​លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​និយាយ​ថា៖ «នេះ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​មុខ​នៃ​ទំនាក់ទំនងរវាង​សហភាព​អឺរ៉ុប​ និង​ចក្រភព​អង់គ្លេស​ ហើយ​វា​បើក​នូវ​ទំព័រ​សករាជថ្មី​មួយ»។ ​
 
ភាគី​ទាំង​ពីរ​បាន​អនុវត្ត​នូវ​លក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​នេះ​ ក្នុង​លក្ខខណ្ឌបណ្តោះអាសន្ន​ចាប់​តាំងពី​ចុង​ខែ​ធ្នូ​ ឆ្នាំ​២០២០​មក ក្នុងពេលដែល​ខ្លួន​កំពុង​រង់​ចាំការ​ផ្តល់​សច្ចានុមតិ​យល់​ព្រម​ពី​សភា​សហភាព​អឺរ៉ុប​នោះ។​
 
ក្រោយការ​ពន្យារ​ពេល​ជា​ច្រើន​លើក​ ចក្រភព​អង់គ្លេស​បានចាកចេញពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការក្នុង​ខែ​មករា ឆ្នាំ​២០២០​ ​បន្ទាប់​ពី​ធ្លាប់​ជា​សមាជិក​របស់​សហគមន៍​នេះចាប់​តាំង​ពី​ឆ្នាំ​១៩៧៣​មក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com