អត្ថបទពាណិជ្ជកម្ម
សែលកាត សហការជាមួយអង្គការ Caring for Cambodia ធ្វើយុទ្ធនាការរត់តាមអនឡាញទូទាំងពិភពលោក ដើម្បីជួយគាំទ្រដល់សាលារៀនខេត្តសៀមរាប
29, Apr 2021 , 5:31 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ថ្ងៃទី 29 ខែមេសា ឆ្នាំ 2021 - សែលកាត ដែលជាក្រុមហ៊ុនមោទនភាពជាតិខ្មែរ និងជាក្រុមហ៊ុនផ្តល់នូវសេវាទំនាក់ទំនងចល័តយូរជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា នឹងក្លាយជាម្ចាស់ឧបត្ថម្ភនៅក្នុងយុទ្ធនាការប្រណាំងប្រជែងកាយសម្បទា Race to Better Education របស់អង្គការ Caring for Cambodia សម្រាប់ឆ្នាំនេះ។
 
ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងប្រចាំឆ្នាំជាលើកទី2 ប៉ុន្តែដោយសារស្ថានភាពជំងឺកូវីដក្នុងពេលបច្ចុប្បន្ន ក៏ត្រូវបានផ្លាស់ប្តូរទៅជាការប្រណាំងប្រជែងកាយសម្បទាតាមអនឡាញក្នុងរយៈពេល 28 ថ្ងៃ ដោយបើកចំហជូនដល់អ្នកមានបំណងចង់ចូលរួមទាំងអស់នៅទូទាំងពិភពលោក។
 
លោក អ៊ុង សាវី អគ្គនាយកនៃសាលា និងនាយកប្រចាំប្រទេសរបស់អង្គការ CFC បានមានប្រសាសន៍ថា៖ «ជំងឺកូវីដ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់សហគមន៍ ដែលសិស្សរបស់ពួកគេកំពុងតាំងលំនៅ ក្នុងខេត្តសៀមរាប ហេតុដូច្នេះហើយ យើងត្រូវការថវិកាចាំបាច់ជាបន្ទាន់ ដើម្បីជួយគាំទ្រដល់ប្អូនៗដែលងាយរងគ្រោះបំផុតទាំងអស់នេះ»។


 
លោក សាវី បានមានប្រសាសន៍បន្តថា៖ “យើងមិនអាចរង់ចាំទាល់តែជំងឺកូវីដត្រូវបានបញ្ចប់នោះទេ។ ការផ្តល់ជំនួយ គឺត្រូវការជាចាំបាច់ក្នុងពេលឥឡូវនេះ ហើយពួកយើងត្រូវរក្សាទំនាក់ទំនងជាមួយសិស្ស ក៏ដូចជាធានាថាពួកគេមានសុខសុវត្ថិភាពល្អ និងទទួលបានការគាំទ្រដែលពួកគេត្រូវការ រួមទាំងការអប់រំផងដែរ។ ដោយសារការធ្វើយុទ្ធនាការតាមអនឡាញ កំពុងទទួលបានការពេញនិយមជាខ្លាំង យើងបានធ្វើការផ្លាស់ប្តូរយុទ្ធនាការរត់ប្រកបដោយភាពសប្បាយរីករាយ ទៅជាការប្រណាំងប្រជែងតាមអនឡាញ ពោលគឺអ្នកចូលរួមអាចចុះឈ្មោះ និងប្រកាសនូវសមិទ្ធិផលសុខភាពរបស់ពួកគេតាមអនឡាញដើម្បីរៃអង្គាសថវិកា”។
 
ពេលនេះ គឺជាពេលវេលាដ៏សក្តិសមបំផុតក្នុងការថែរក្សាសុខភាពឱ្យបានល្អ និងហាត់ប្រាណដើម្បីឱ្យកាយសម្បទារឹងមាំ ដូច្នេះយើងសង្ឃឹមថា យុទ្ធនាការនេះ នឹងទទួលបានការគាំទ្រខ្លាំងក្នុងចំណោមអ្នករត់ប្រណាំង ដែលតែងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា និងខេត្តសៀមរាប ដើម្បីចូលរួម។
 
CFC គឺជាអង្គការក្រៅរដ្ឋាភិបាលមិនសំដៅប្រាក់ចំណេញ និងសប្បុរសធម៌ ដែលកំពុងបើកដំណើរការគ្រឹះស្ថានសិក្សាចំនួន 21 នៅទូទាំងខេត្តសៀមរាប ដើម្បីជួយគាំទ្រដល់សិស្សចំនួន 7000នាក់។ យុទ្ធនាការ Race to Better Education នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី 01 ខែឧសភា រហូតដល់ថ្ងៃទី 28 ឧសភា។


 
ថវិកាដែលប្រមូលបានពីព្រឹត្តិការណ៍នេះ នឹងផ្តល់ជូនដោយផ្ទាល់ទៅកាន់សិស្សានុសិស្ស ដើម្បីគាំទ្រដល់ការសិក្សារៀនសូត្ររបស់ពួកគេ ក៏ដូចជាការផ្តល់ជូននូវអាហារពីរពេលក្នុងមួយថ្ងៃផងដែរ។
កម្មវិធីដែលផ្តល់ជូននៅសាលា CFC រួមមានការអប់រំកុមារតូចៗ ICT/STEM សុខភាព ការត្រៀមខ្លួនសម្រាប់អាជីព សមភាពយេនឌ័រ និងការបណ្តុះបណ្តាលគុរកោសល្យជាដើម។
 
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត កោតសរសើរចំពោះអង្គការ CFC ដែលបានជំរុញឱ្យមានការរៀបចំព្រឹត្តិការណ៍នេះឡើងតាមអនឡាញ។
នេះមិនមែនត្រឹមតែជាបុព្វហេតុដ៏គួរឱ្យស្ងើចសរសើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគំរូដ៏អស្ចារ្យមួយ ដែលសហគមន៍នៅទូទាំងពិភពលោក អាចធ្វើការរួមគ្នា បើទោះបីជាមានឧបសគ្គច្រើន និងស្ថិតនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។
 
ក្រុមហ៊ុន សែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានក្តីសោមនស្សបំផុតដែលអាចចូលរួមជាមួយគំនិតផ្តួចផ្តើមនេះ ដើម្បីផ្តល់ការគាំទ្រដល់យុវជននៅក្នុងខេត្តសៀមរាប។ជាមួយនឹងបញ្ហាប្រឈមគ្រប់យ៉ាងដែលកំពុងកើតឡើងនាពេលនេះ យើងត្រូវចងចាំថា ការរក្សាការអប់រំដល់សិស្សានុសិស្ស ពិតជាមានសារៈសំខាន់ខ្លាំងណាស់។
យើងសូមអបអរសាទដល់អង្គការ CFC ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ក៏ដូចជាកោតសរសើរដល់សិល្បករសិល្បការនីល្បីៗទាំងអស់ ដែលបានចូលរួមជួយគាំទ្រដល់គំនិតផ្តួចផ្តើមនេះ។
 
បុគ្គលល្បីៗ ដែលមានវត្តមាននៅក្នុងយុទ្ធនាការនេះរួមមាន អត្តពលិកអាជីពជនជាតិខ្មែរអាមេរិកាំង កញ្ញា អឹម សុវណ្ណារី  លោក ឡាយ ប៊ុនឡេង និងលោក កែវ សៀក ក៏នឹងចូលរួមនៅក្នុងការប្រណាំងប្រជែងដើម្បីលើកកម្ពស់ការយល់ដឹង និងរៃអង្គាសថវិកាដែលត្រូវការចាំបាច់ដើម្បីជួយគាំទ្រដល់កុមារទុគ៌តផងដែរ។
 
កញ្ញា សុវណ្ណារី បានថ្លែងឱ្យដឹងថា៖ “រូបខ្ញុំពិតជាមានសំណាងខ្លាំងណាស់ ដែលមានក្រុមគ្រួសារ និងមិត្តភក្តិជួយគាំទ្រ នៅពេលដែលខ្ញុំកំពុងព្យាយាមសម្រេចអាជីពដែលជាក្តីសុបិនរបស់ខ្ញុំ”។
កុមារគ្រប់រូបទាំងអស់ សក្តិសមនឹងទទួលបានការអប់រំប្រកបដោយគុណភាព ហើយនាងខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលមានឱកាសក្នុងការតបស្នងវិញ ក៏ដូចជាចូលរួមជាផ្នែកមួយនៃបុព្វហេតុដ៏មានតម្លៃបំផុតនេះ។


 
យុទ្ធនាការ Race to Better Education តាមអនឡាញ មានផ្តល់ជូននូវជម្រើសចម្ងាយផ្សេងៗគ្នា សម្រាប់ការប្រណាំងប្រជែងរយៈពេល 28 ថ្ងៃ ដោយផ្អែកទៅលើចំណង់ចំណូលចិត្តរបស់អ្នកចូលរួម។
 
ក្រៅពីការប្រណាំងប្រជែង រត់/ដើរ/ជិះកង់ ចម្ងាយ 180 ម៉ាយដ៏ពេញនិយមនោះ ក៏មានការប្រកួតប្រជែងជិះកង់ចម្ងាយ 600 ម៉ាយល៍ សម្រាប់អ្នកដែលនិយមចូលចិត្តជិះកង់ និងការប្រណាំង 60 ម៉ាយសម្រាប់កុមារ ដោយគ្រប់ផ្លូវធ្វើដំណើរទាំងអស់ នឹងនាំអ្នកចូលរួម ទៅទស្សនាទិដ្ឋភាពខេត្តសៀមរាប ដោយក្នុងនោះរួមមាន តំបន់ទេសចរណ៍ល្បីៗ ប្រាសាទបុរាណ រួមជាមួយនឹងអគារសិក្សារបស់អង្គការ CFC ផងដែរ។
 
រាល់ការប្រណាំងប្រជែងទាំងអស់ គឺអនុញ្ញាតឱ្យកំណត់ដោយខ្លួនឯង ហើយអ្នកចូលរួមអាចផ្តល់យោបល់ក្នុងការកំណត់ចម្ងាយដែលខ្លួនចង់បាន ដូច្នេះពួកគាត់ មិនចាំបាច់សម្រេចចម្ងាយផ្លូវទាំងមូល ដើម្បីអាចចូលរួមក្នុងយុទ្ធនាការនោះឡើយ។
លោកអ្នកអាចចូលរួមព្រឹត្តិការណ៍នេះ ដើម្បីគាំទ្រដល់យុទ្ធនាការទាំងស្រុងរបស់សហគមន៍ CFC ដោយចុះឈ្មោះចូលរួមប្រណាំងប្រជែងតាមរយៈ៖ https://bit.ly/3gJiDHy ៕



(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com