ជាតិ
សង្គមជាតិ
ខេត្តសៀមរាប​រកឃើញអ្នក​វិជ្ជមាន​កូ​វីដ​១៩ ១៥​ករណី​ទៀត ជា​ករណី​នាំចូល​ពី​ខេត្ត ព្រះសីហនុ ភ្នំពេញ​...
29, Apr 2021 , 9:57 pm        
រូបភាព
លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខត្តសៀមរាប រូបភាព៖ អ៉ីសា រ៉ហានី
លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខត្តសៀមរាប រូបភាព៖ អ៉ីសា រ៉ហានី
សៀមរាប​៖ នា​យប់​ថ្ងៃទី​២៩ ខែមេសា​នេះ អាជ្ញាធរ​ខេត្តសៀមរាប បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​១៥​នាក់​បន្ថែមទៀត ដែលជា​ករណី​នាំចូល​ពី​ខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ កំពង់ធំ និង​ខេត្តព្រៃវែង​។ នេះ​ជាការ​បញ្ជាក់​របស់លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​។​
 
​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បន្ថែមថា ករណី​នាំចូល​នេះ​ត្រូវ​អាជ្ញាធរ​ប្រចាំការ​នៅ​ទីតាំង​ត្រួតពិនិត្យ​សុខភាព​ព្រំប្រទល់​ខេត្តសៀមរាប​-​កំពង់ធំ មានការ​សង្ស័យ និង​បញ្ជូន​ពួកគេ​មក​ធ្វើតេស្ដ​នៅ​សាលា​គុរុ​កោសល្យ​ខេត្ត  ក្រោយ​ដឹង​ប្រវត្តិ​តំបន់​ដែល​ប្រជាពលរដ្ឋ​ទាំងនោះ​វិលត្រឡប់​។ លោក ក្រុស សារ៉ាត់ ពន្យល់ថា អ្នក​វិជ្ជមាន​កូ​វីដ​ថ្មី​នេះ ភាគច្រើន​ជា​កម្មករសំណង់ ដែល​វិលត្រឡប់​ពី​ខេត្ត​ព្រះសីហនុ ហើយ​ឆ្លង​ជា​លក្ខណៈ​គ្រួសារ ក្នុងនោះ​មាន​ទារក​អាយុ​១១​ខែ និង​កុមារ​៥​ឆ្នាំ ផងដែរ​។​
 
​ក្នុងចំណោម​១៥​ករណីនេះ មាន​២​ករណី​ជា​អ្នក​មកពី​រាជធានី​ភ្នំពេញ ដែល​តេស្ដ​លើក​ទី​១ អវិជ្ជមាន ហើយ​លើក​ទី​២ ទើប​ចេញ​វិជ្ជមាន​។  លោក​ក្រុស សារ៉ាត់ បញ្ជាក់ថា ករណី​នាំចូល​នេះ​អាជ្ញាធរ​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន និង​មិនមាន​ការចម្លង​ទៅ​អ្នកដទៃ​ទៀតឡើយ​។ 
 
​សូមបញ្ជាក់ថា មាន​ប្រជាពលរដ្ឋ​ជាច្រើន បាន​សម្រុក​វិល​មក​ស្រុកកំណើត​វិញ ក្រោយ​រាជរដ្ឋាភិបាល​សម្រេច​ឱ្យ​មានការ​ចរាចរណ៍​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​វិញ​ធម្មតា កាលពី​ថ្ងៃទី​២៥ ខែមេសា​។ ក្នុងនោះ​ខេត្តសៀមរាប ក៏មាន​ប្រជាពលរដ្ឋ​សម្រុក​មក​ច្រើន​ដែរ ហើយ​ករណី​ខាងលើ អាជ្ញាធរ​អះអាងថា សំណាក​ជាច្រើន​ទៀត​កំពុង​ធ្វើតេស្ដ ដែល​អាច​ចេញ​លទ្ធផល​ជា​បន្តបន្ទាប់​នៅ​យប់​នេះ​។ គិតត្រឹមថ្ងៃទី២៩ ខែមេសា ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ខេត្តសៀមរាបមានអ្នកវិជ្ជមានកូវីដ១៩ សរុប ៣៦នាក់ ក្នុងនោះបានជាសះស្បើយ ១២នាក់៕




 
 
 
 
 
 
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com