COVID-19
អន្តរជាតិ
អង្គការសុខភាពពិភពលោក ដាក់វ៉ាក់សាំងModerna ក្នុងបញ្ជីប្រើប្រាស់បន្ទាន់
01, May 2021 , 11:59 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
 
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៣០ ខែមេសា បានប្រកាសដាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន Moderna ក្នុងបញ្ជីប្រើប្រាស់បន្ទាន់។ បើតាមWHO វ៉ាក់សាំងក្រុមហ៊ុន Moderna មានប្រសិទ្ធភាពចំនួន ៩៤,១ ភាគរយ។


វ៉ាក់សាំងModerna  ត្រូវបានអង្គការសុខភាពពិភពលោក ដាក់ក្នុងបញ្ជីប្រើប្រាស់បន្ទាន់ហើយ។ កន្លងមក WHO បានដាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ៣ប្រភេទរួចហើយ ក្នុងបញ្ជីមួយនេះ ក្នុងនោះមានដូចជា វ៉ាក់សាំងក្រុមហ៊ុន Pfizer, វ៉ាក់សាំង AstraZeneca ដែលនៅកូរ៉េខាងត្បូង និងផលិតដោយវ៉ាក់សាំងរបស់វិទ្យាស្ថានSerum របស់ឥណ្ឌា, និងវ៉ាក់សាំង Jassen។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ WHO បានលើកឡើងថា ក្រុមអ្នកជំនាញទីប្រឹក្សាយុទ្ធសាស្រ្តលើប្រព័ន្ធភាពស៊ាំ (SAGE)  បានទទួលស្គាល់វ៉ាក់សាំង ដែលផលិតឡើងដោយក្រុមហ៊ុនអាមេរិកមួយនេះ មានប្រសិទ្ធភាពចំនួន ៩៤,១ភាគរយ។ កន្លងទៅ អាមេរិក កាតា ចក្រភពអង់គ្លេស សុទ្ធតែបានដាក់វ៉ាក់សាំងប្រភេទនេះ ក្នុងបញ្ជីប្រើប្រាស់អាសន្ន។

ការអនុម័តរបស់អង្គការសុខភាពពិភពលោកឱ្យប្រើប្រាស់វ៉ាក់សាំង Moderna នឹងជួយសម្រួលឱ្យប្រទេសក្រីក្រផ្សេងទៀត អាចទិញវ៉ាក់សាំងសម្រាប់ចាក់ឱ្យប្រជាជនខ្លួនបានកាន់តែច្រើនជម្រើស និងជួយសន្សំថវិកាក្នុងការពិនិត្យលើវ៉ាក់សាំង។

នៅថ្ងៃទី២៩ ខែមេសា ក្រុមហ៊ុនវ៉ាក់សាំង Moderna បានរំពឹងថា ក្រុមហ៊ុនខ្លួននឹងអាចផលិតវ៉ាក់សាំងកូវីដ-១៩ បានចំនួន ៣ពាន់លានដូសនៅក្នុងឆ្នាំ២០២២ តាមរយៈការសន្យាមូលនិធិថ្មី ដើម្បីពន្លឿនការផលិតវ៉ាក់សាំង៕


Tag:
 WHO
  វ៉ាក់សាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com