COVID-19
អន្តរជាតិ
ជប៉ុន​ ថៃ​និង​វៀតណាម​ព្យាយាម​ប្រជែង​​បន្ទាប​ឥទ្ធិពល​ចិន​នៅ​ឡាវ
01, May 2021 , 9:39 pm        
រូបភាព
ដោយ: VOA
តៃប៉ិ កោះតៃវ៉ាន់ — ក្រុម​អ្នក​សង្កេតការណ៍​នៅ​ក្នុង​តំបន់​និយាយ​ថា ប្រទេស​ឡាវ​កំពុង​តែ​ទទួល​បាន​នូវ​ការ​ផ្តល់​ជំនួយ​និង​ការ​វិនិយោគ​នានា​នៅ​ឆ្នាំ​នេះ ខណៈ​រដ្ឋាភិបាល​បរទេស​សង្ឃឹមថា នឹង​អាច​បន្សាប​ឥទ្ធិពល​របស់​ចិន​មក​លើ​ប្រទេស​ក្រីក្រ និង​ដែល​មិន​មាន​ព្រំប្រទល់​ជាប់​សមុទ្រ​មួយ​នេះ។


នៅ​ឆ្នាំ​នេះ ជប៉ុន ថៃ និង​វៀតណាម បាន​សម្រេច​ផ្តល់​ជំនួយ​ថ្មី​ ឬសន្យា​ផ្តល់​ជំនួយ​ដែល​ផ្គត់ផ្គង់​ពី​គ្រា​មុន​មក​ដល់​ឡាវ​ សារជាថ្មី។ ជំនួយ​ទាំង​នេះ​នឹង​មក​ដល់ ខណៈ​គម្រោង​ផ្លូវដែក​របស់​ចិន​ប្រវែង ៤០០​គីឡូម៉ែត្រ ក្នុង​ទំហំ​ទឹកប្រាក់ ៥,៩​ពាន់​លាន​ដុល្លារ​ ត្រៀម​នឹង​បញ្ចប់ការ​សាងសង់​នៅ​ឆ្នាំ​នេះ ដែលគម្រោង​នេះ​តំណាង​ឲ្យ​ការ​វិនិយោគ​ដ៏​ធំ​ជាង​គេ​បង្អស់​របស់​ចិន​នៅ​ឡាវ។

នៅ​ខែ​មេសា​ នាយករដ្ឋមន្រ្តី​ជប៉ុន​លោក Yoshihide Suga បាន​ថ្លែង​ក្នុង​ជំនួប​ជាមួយ​នឹង​នាយករដ្ឋមន្រ្តី​ឡាវ​លោកPhankam Viphavanh ដើម្បី​បញ្ជាក់​ពី​ផែនការ​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត។ នេះ​បើ​យោង​ទៅ​តាម​បណ្តាញ​ផ្សព្វផ្សាយ​របស់​ជប៉ុន។ សេចក្តី​រាយការណ៍​នោះ​និយាយ​ថា រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ថវិកា​ប្រមាណ ១,៨ លាន​ដុល្លារ ដើម្បី​បង្កើត​មណ្ឌល​ស្តុក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ និង​ប្តេជ្ញា​ផ្តល់​ជំនួយ​កែលម្អ​ព្រលាន​យន្តហោះ​អន្តរជាតិ​នានា​នៅ​ឡាវ។ ​

នៅ​ប្រទេស​ថៃ នាយករដ្ឋមន្រ្តី​លោក Prayuth Chan-Ocha បាន​និយាយ​ទូរសព្ទ​ជាមួយ​មេដឹកនាំ​ឡាវ​ថ្មី​ ដែលបាន​ចូល​កាន់​តំណែង​កាល​ពី​ខែ​មីនា។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានផ្លូវការ​ឡាវនៅ​ខែ​មេសា​នេះ។ នៅ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរសព្ទ​នេះ លោក Phankham បាន​ថ្លែង​អំណរគុណ​រដ្ឋាភិបាល​ថៃ​ចំពោះ​ការ​ផ្តល់​អាហារូបករណ៍​ក្នុង​វិស័យ​អប់រំ ក៏​ដូចជា​ជំនួយ​ក្នុង​វិស័យ​កសិកម្ម និង​សុខាភិបាល។ ទីភ្នាក់ងារ​ព័ត៌មាន​នេះ​បាន​រាយការណ៍​ថា ថៃ​ក៏​បាន​ជួយ​ឡាវ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​ផងដែរ។

មន្រ្តី​វៀតណាម​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​សហប្រតិបត្តិការ​ឆ្នាំ ២០២១-២០៣០ និង​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រយៈពេល​ប្រាំ​ឆ្នាំ។ នេះ​បើ​យោង​ទៅ​តាម​គេហទំព័រ​ព័ត៌មាន Nhan Dan របស់​គណបក្ស​កុម្មុយនីស្ត​វៀតណាម។ មេដឹកនាំ​ពី​ភាគី​ទាំង​ពីរ​គ្រោង​នឹង​សម្រេចនាពេល​បន្ទាប់​ថា កិច្ចព្រមព្រៀង​ទាំង​ពីរ​ខាង​លើ​នឹង​មាន​ទៅ​លើ​វិស័យ​ណា​ខ្លះ។ វៀតណាម​បាន​ផ្តល់​ជំនួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ និង​អាហារូបករណ៍​ចំនួន ១.០០០កន្លែង​ដល់ឡាវ​ កាល​ពី​ឆ្នាំ​មុន​ផង​ដែរ។ ​

លំហូរ​ថវិកា​ផ្លូវការ​ពី​ចិន​ចូល​ទៅក្នុង​ប្រទេស​ឡាវ​ បាន​កើន​ដល់​ ១១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ នេះ​បើ​យោង​ទៅ​តាម​គេហទំព័រ Adidata.org ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់សាកលវិទ្យាល័យ​ស្រាវជ្រាវ​សាធារណៈ​ Willam & Mary មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក។ តួលេខ​នេះនឹង​រឹត​តែ​ខ្ពស់​ជាង​នេះ​ទៅ​ទៀត​ បើ​គេរាប់​បញ្ចូល​ទាំង​ហិរញ្ញវត្ថុ​កម្ចី​និង​ការ​វិនិយោគទៀត។

​បណ្តាប្រទេស​ផ្តល់​ជំនួយ​ធំៗ​ដល់​ឡាវ​ផ្សេង​ទៀតរួម​មាន ជប៉ុន និង​ថៃ ខណៈ​វៀតណាម​កំពុង​តែ​លេច​មុខ​ឡើង​ផង​ដែរ។ ជប៉ុន​បាន​ផ្តល់​ថវិកាប្រមាណ ៦៣,៨​ ពាន់​លាន​ដុល្លារ ​កាល​ពី​ឆ្នាំ ២០១៦ រួម​មាន​ ជំនួយ​ឥត​សំណង កម្ចី និង​ជំនួយ​បច្ចេកទេស។ នេះ​បើ​យោង​ទៅ​តាម​ក្រសួង​ការបរទេសជប៉ុន។

ទីភ្នាក់ងារ​ព័ត៌មាន​ក្នុង​ស្រុក​ឡាវ​បាន​និយាយ​ថា ​នៅ​ពេល​ខ្លះ ជំនួយ​អភិវឌ្ឍន៍ពី​បណ្តា​ប្រទេស​ទាំងអស់សរុប​បានកើន​ដល់​ទៅ ១៥ភាគ​រយ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ឡាវ។ សេដ្ឋកិច្ច​ប្រទេស​នេះ​បាន​កើន​ក្នុង​អត្រា ៥,៨​ភាគរយ​ប្រចាំ​ឆ្នាំ​ នៅ​ក្នុង​រយៈពេល​ប្រាំឆ្នាំ​ចុងក្រោយ​នេះ ដោយសារ​ «ជំនួយ​ពី​ដៃ​គូអភិវឌ្ឍន៍​ និង​បណ្តា​ប្រទេស​ជា​មិត្ត​ដទៃ​ទៀត»។ នេះ​បើ​យោង​ទី​ភ្នាក់ងារ​ព័ត៌មាន​ជាតិ​ឡាវ។ ជំនួយ​ទាំង​នេះ​មាន​សារៈសំខាន់​ពីព្រោះ​មួយភាគបួន​នៃ​ប្រជាជន​ឡាវ​សរុប​ ៧លាន​នាក់​រស់​នៅ​ក្នុង​ភាព​ក្រីក្រ។

ក្រុមអ្នក​វិភាគ​និយាយ​ថា បណ្តា​ប្រទេស​ភាគច្រើន​នៅ​អាស៊ី​ព្យាយាម​បន្ថយឥទ្ធិពល​របស់​ចិន​ ដើម្បី​កុំ​ឲ្យ​ប្រទេស​មហា​អំណាច​មួយ​នេះ​បញ្ចេញឥទ្ធិពល​ខ្លាំង​ជ្រុលពី​លើ​ទន្លេ​មេគង្ក ដែល​ហូរ​ពី​ចិន​ឆ្លងកាត់​មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម ឬ​ពី​លើ​បណ្តាញ​ផ្លូវ​ដឹកជញ្ជូន​តាម​ដីគោក​ក្នុង​តំបន់។ ទំនប់​វារីអគ្គិសនី​របស់​ចិន​គ្រប់គ្រង​លើ​លំហូរ​ទឹក​ពី​ទន្លេ​មេគង្គ​លើ។ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បង្កើន​ជំនួយ​របស់​ខ្លួន​ដល់ឡាវ និង​ប្រទេស​ជិតខាងរបស់​ឡាវកាល​ពី​ឆ្នាំ​មុន។ ​

លោក Thitinan Pongsudhirak សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយនៅ​សាកល​វិទ្យាល័យ Chulalongkorn ​នៅ​ក្រុង​បាងកក ប្រទេស​ថៃ បាន​និយាយ​ថា៖ «ឡាវ​កំពុង​រង​ឥទ្ធិពលពី​គ្រប់​ទិសទី​ ប៉ុន្តែរង​ឥទ្ធិពល​ពី​ចិន​ខ្លាំង​ជាង​គេ។ អ្វី​ដែល​យើង​កំពុង​ឃើញ​គឺ​ ការ​ប្រជែង​គ្នា​រវាង​ប្រទេស​មហាអំណាច​កំពុង​ក្តោបក្តាប់លើ​តំបន់​នេះ។ ឡាវ​គឺ​គ្រាន់​តែ​ជា​កូន​អុក​មួយប៉ុណ្ណោះ​នៅ​ក្នុង​នោះ»។​

លោក Jeffrey Kingston សាស្រ្តាចារ្យ​ផ្នែក​ប្រវត្តិសាស្រ្ត​នៅ​សាកល​វិទ្យាល័យ Temple University ក្នុង​ប្រទេស​ជប៉ុន​បាន​និយាយ​ថា ជប៉ុន​ចង់​មាន​ទំនាក់ទំនង​សកម្ម​ជាង​មុន​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ លោក​បាន​បន្ត​ថា ការ​គ្រប់គ្រង​របស់​ចិន​លើ​លំហូរ​ទឹក​ក្នុងតំបន់​ទន្លេ​មេគង្គ​កាន់​តែ​ធ្វើ​ឲ្យ​មន្រ្តី​ជប៉ុន​មាន​ការ​ព្រួយបារម្ភ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំគិត​ថា ជប៉ុន​កំពុង​តែ​បង្ហាញ​ថា នៅប្រទេស​ណា​ដែលខ្លួន​មើលឃើញ​ថា​[ប្រទេស​នោះ]ហាក់​ដូច​ជា​ចាញ់​ប្រៀប​ឥទ្ធិពល​ចិន ​ជប៉ុន​នឹងប្រជែង​[នឹង​ចិន]​នៅ​ទី​នោះ។ ជប៉ុន​នឹង​ប្រកាន់​យក​គោលជំហរ​មុតមាំ​ទៅ​កាន់​បណ្តា​ប្រទេស​ទាំង​នោះ»។

ជប៉ុន​ពឹង​ផ្អែក​លើ​ថៃ​សម្រាប់​ផលិតកម្ម​យានយន្ត ខណៈ​ក្រុមហ៊ុន​ផលិត​ពីជប៉ុន​កាន់​តែ​មាន​ភាព​សកម្ម​នៅ​វៀតណាម ដែល​នេះ​ជា​លទ្ធផល​នៃ​ការ​វិនិយោគ​ដែល​ត្រូវ​បាន​ធ្វើឡើង​នៅ​វៀតណាម​ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៨០​មក។ ការ​ដឹកជញ្ជូន​តាម​ផ្លូវ​គោក​អាច​បន្ទាប​តម្លៃ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​កាន់​កំពង់ផែ​ដែល​ស្ថិត​នៅ​ឆ្ងាយ​ច្រើន​ជាង​មុន។

លោក Thitinan Pongsudhirak សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ បាន​លើកឡើង​ថា ​ជប៉ុន ជាមួយ​នឹង​សហរដ្ឋ​អាមេរិក កំពុង​តែ​រុញច្រាន​ប្រឆាំងនឹងចិន។ គម្រោង​ជំនួយ​ភាព​ជា​ដៃគូ​តំបន់​មេគង្គ​និង​សហរដ្ឋ​អាមេរិក(Mekong-U.S. Partnership) ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​ជា​គម្រោង​ជំនួយ​មួយផ្តួចផ្តើម​ឡើង​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​មុន ត្រូវ​បាន​ចាត់​ទុក​ជា​ការ​តទល់​នឹង​ឥទ្ធិពល​ចិន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ​រួមទាំងនៅប្រទេស​ឡាវ​ផង​ដែរ។

ដាច់​ដោយឡែក​ពី​នេះ ជប៉ុននៅ​មាន​ជម្លោះ​ជាមួយ​ចិន​ពាក់ព័ន្ធ​នឹង​បញ្ហា​បូរណភាព​ដែនទឹក​ជិត​តំបន់​ដែនកោះ​ក្បែរ​ខ្លួន​ និង​បញ្ហា​សេសសល់​ពី​សង្រ្គាម​លោក​លើក​ទីពីរ​មួយ​ចំនួន​ទៀត។

លោក Thitinan បាន​បន្ត​ថា ជា​ទូទៅ រដ្ឋាភិបាល​ថៃផ្តល់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​វារីអគ្គិសនី​របស់​ឡាវ និង​រក្សា​ទំនាក់ទំនង​វប្បធម៌​ជាមួយ​នឹង​ប្រទេស​ជិតខាងខ្លួន​មួយ​នេះ។ វៀតណាម​ខឹង​សម្បារ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជុំវិញ​ការ​ពង្រីក​ឥទ្ធិពល​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ ក៏ដូច​ជា​ជម្លោះ​ព្រំដែន​ដីគោកពីអតីតកាល រួម​មាន​សង្រ្គាម​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៧០​ផង​ដែរ។

លោក Jack Nguyen ជា​ដៃគូ​ម្នាក់នៅ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ធុរកិច្ច​ Mazars ក្នុង​ក្រុង​ហូជីមិញ បាន​និយាយ​ថា៖ «តែង​តែ​មាន​ការ​ដណ្តើម​គ្នា​ផ្នែក​ឥទ្ធិពល​រវាងវៀតណាម​និងចិន ហើយវៀតណាម​បាន​ថមថយ​ឥទ្ធិពល​ដោយសារ​ចិន»។

ចិន​មិន​បាន​បង្ហាញ​ទិន្នន័យ​សរុប​ពី​ជំនួយ និង​ការ​វិនិយោគ​របស់​ខ្លួន​នៅឡាវ​នោះ​ទេ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​និយាយ​ថា ​ឡាវ​អាស្រ័យ​លើ​ចិន​ជាង​ប្រទេសណា​ៗ​ទាំង​អស់។ ឥឡូវ​នេះ​ ឡាវ​ដែល​មាន​ផលិតផល​ក្នុង​ស្រុក​សរុប​តិច​ជាង ១៩​ពាន់​លាន​ដុល្លារ និង​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ១៩ កំពុង​តែ​ប្រឈម​នឹង​ការ​លំបាក​នៅ​ក្នុង​ការ​បង់ថ្លៃ​លើ​គម្រោង​ផ្លូវ​ដែក។ ​

​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) និយាយ​ថា ឡាវ​ជាប់​បំណុល​ ២៥០​លាន​ដុល្លារ​សម្រាប់​គម្រោង​ផ្លូវ​ដែកកាល​ពី​ឆ្នាំ​មុន៕


© រក្សាសិទ្ធិដោយ thmeythmey.com