អន្តរជាតិ
នយោបាយអន្តរជាតិ
អាមេរិក នឹងអនុវត្ត «វិធីសាស្ត្រជាក់ស្តែង» នៅចំពោះមុខកូរ៉េខាងជើង 01, May 2021 , 10:44 pm
អ្នកនាំពាក្យសេតវិមានអាមេរិក លោកស្រីJen Psaki។ រូបភាព៖ AP
× សេតវិមានអាមេរិក នៅថ្ងៃទី៣០ ខែមេសា បានប្រកាសថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងស្វែងរកទំនាក់ទំនងការទូតជាមួយក្រុងព្យុងយ៉ាង ស្របពេលអាមេរិក បានបញ្ចប់ការត្រួតពិនិត្យគោលនយោបាយការបរទេសខ្លួន នៅចំពោះមុខកូរ៉េខាងជើង។ គោលនយោបាយ ដែលអាមេរិកគ្រោងនឹងប្រើជាមួយកូរ៉េខាងជើងនេះ គឺជាការអនុវត្តវិធីសាស្ត្របែបជាក់ស្តែង។
ភាពជាប់គាំងនៃកិច្ចចរចារវាងអាមេរិក និងកូរ៉េខាងជើងលើការរំសាយកម្មវិធីនុយក្លេអ៊ែរ គឺមានតាំងពីឆ្នាំ២០១៩ មកម្លេះ។ ប៉ុន្តែលោកចូ បៃឌិន ប្រធានាធិបតីអាមេរិកថ្មី កន្លងមក ធ្លាប់បានអះអាងថា កូរ៉េខាងជើង គឺជារបៀបវារៈអាទិភាពមួយរបស់អាមេរិក។ ពេលនេះ អាមេរិកបានបញ្ចប់ការត្រួតពិនិត្យគោលនយោបាយការបរទេសខ្លួននៅចំពោះមុខកូរ៉េខាងជើងហើយ។
«គោយនយោបាយថ្មីរបស់យើង មិនផ្តោតលើការជោគជ័យធំធេងឡើយ ហើយក៏មិនអនុវត្តយុទ្ធសាស្ត្របែបស្ងៀមស្ងាត់ផងដែរ»។ អ្នកនាំពាក្យសេតវិមានអាមេរិក លោកស្រីJen Psaki បានលើកឡើងបែបនេះ ប្រាប់អ្នកសារព័ត៌មាន ដោយបន្ថែមថា គោលនយោបាយថ្មីរបស់អាមេរិក គឺជាការអនុវត្តបែបជាក់ស្តែង ដើម្បីឈានទៅដល់ការរំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង និងពង្រឹងសន្តិសុខរបស់អាមេរិក។
ជាមួយគ្នានេះ អ្នកនាំពាក្យសេតវិមានរូបនេះ ក៏បានបន្តទៀតថា អាមេរិក នឹងសហការជាមួយកូរ៉េខាងត្បូង ជប៉ុន និងសម្ព័ន្ធមិត្តផ្សេងទៀតផងដែរ ដើម្បីជជែកពីបញ្ហាកូរ៉េខាងជើង។
សូមបញ្ជាក់ថា កន្លងមកកូរ៉េខាងជើង បានបញ្ជាក់យ៉ាងច្បាស់ៗថា ខ្លួននឹងចូលតុចរចាជាមួយអាមេរិកវិញ រហូតទល់តែរដ្ឋអំណាចក្រុងវ៉ាស៊ីនតោនបញ្ឈប់គោលនយោបាយបែបសត្រូវដាក់កូរ៉េខាងជើង៕
Tag:
អាមេរិក
កូរ៉េខាងជើង
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com