ជាតិ
សង្គមជាតិ
លោក ទៀ សីហា៖ ការបើកជើងហោះហើរនៅចុងឆ្នាំនេះ ជាក្ដីសង្ឃឹមនៃការស្ដារសេដ្ឋកិច្ចខេត្តឡើងវិញ
02, May 2021 , 7:59 pm        
រូបភាព
 សៀមរាប៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា អាជ្ញាធរខេត្តកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនទទួលទេសចរ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩រួច។ សម្រាប់អភិបាលខេត្តរូបនេះ ការបើកជើងហោះហើរឡើងវិញ គឺជាក្ដីសង្ឃឹមរបស់ខេត្តសៀមរាប ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ។



សូមស្តាប់ប្រសាសន៍របស់លោក ទៀ សីហា អភិបាលខេត្តសៀមរាបដូចតទៅ៖



រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យក្រសួងទេសចរណ៍ ពិនិត្យលទ្ធភាពក្នុងការទទួលទេសចរដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួច ឱ្យចូលមកទស្សនាខេត្តសៀមរាប នាត្រីមាសទី៤ ឆ្នាំ២០២១។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ ជាមួយវិស័យពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនក្នុងកិច្ចការងារនេះ។

អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋបាលខេត្ត កំពុងរៀបចំកិច្ចការចាំបាច់មួយចំនួន ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរ។ ការងារទាំងនោះរួមមាន ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់បុគ្គលដែលប្រឈមខ្លាំង ឬជាអ្នកប្រតិបត្តិការផ្ទាល់ ជាមួយទេសចរ ដូចជាវិស័យសណ្ឋាគារ ភោជនីយដ្ឋាន និងអ្នករកស៊ីក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអ្នករត់តាក់ស៊ី រ៉ឺម៉កកង់បីជាដើម។ លោក ទៀ សីហា បន្ថែម។

ក្នុងការចាក់វ៉ាក់សាំងនេះដែរ អ្នករត់តាក់ស៊ី និងរ៉ឺម៉កកង់បីជាង៤០០នាក់មកហើយ ត្រូវបានអាជ្ញាធររៀបចំឱ្យទទួលវ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្ត។ អភិបាលខេត្តពន្យល់ថា វ៉ាក់សាំងកូវីដ-១៩នេះ ក៏នឹងផ្តល់ជូន ដល់មគ្គុទ្ទេសក៍ទេសចរណ៍ នាពេលឆាប់ៗខាងមុខដែរ ហើយនឹងអាចដល់ប្រជាពលរដ្ឋគ្រប់រូប ប្រសិនមានវ៉ាក់សាំកូវីដ-១៩ គ្រប់ចំនួន។

នេះជាកិច្ចការដែលរដ្ឋបាលខេត្ត កំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីត្រៀមខ្លួនទទួលទេសចរ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួច ធ្វើយ៉ាងណា ស្ដារសេដ្ឋកិច្ចខេត្តសៀមរាបឡើងវិញ។ លោក ទៀ សីហា បញ្ជាក់យ៉ាងដូច្នេះថា៖«យើងមិនរំពឹងទេ ត្រូវតែធ្វើឱ្យវាងើប (សេដ្ឋកិច្ច) ឡើងវិញ មិនអាចបន្តមួយឆ្នាំទៅពីរឆ្នាំទៀតបានទេ ព្រោះបងប្អូនប្រជាពលរដ្ឋយើង កំពុងបាត់បង់ទាំងការងារ ជីវភាពខ្វះខាតជាងមុន។ អ្វីដែលយើងធ្វើថ្ងៃនេះ (ចាក់វ៉ាក់សាំង) ជាការរួមចំណែកជួយពួកគាត់ អ្វីចង់បាន គឺចង់ឱ្យសេដ្ឋកិច្ចយើង ត្រឡប់មកវិញ ហើយបានយូរអង្វែង»។

សម្រាប់លោកអភិបាលខេត្ត ការបើកជើងហោះហើរឡើងវិញ គឺជាក្ដីសង្ឃឹមរបស់ខេត្តសៀមរាប ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ។ បន្ថែមពីនោះ លោក ទៀ សីហា អះអាងថា ខេត្តក៏កំពុងរៀបចំអភិវឌ្ឍន៍ រមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនក្នុងខេត្តផងដែរ ដើម្បីឱ្យការទស្សនារបស់ភ្ញៀវទេសចរ កាន់តែសម្បូរបែប ក្នុងនោះមានរមណីយដ្ឋានទេសចរណ៍ចង្រ្កាន្តរយជាដើម៕

 

Tag:
 ទេសចរណ៍
  សៀមរាប
  ទៀ សីហា
© រក្សាសិទ្ធិដោយ thmeythmey.com