ជាតិ
សង្គមជាតិ
ការផលិតសម្ភារប្រើប្រាស់ពីដើមទ្រាំង ផ្តល់ចំណូលដល់មនុស្សចាស់ជាង២០នាក់ នៅព្រះវិហារ
02, May 2021 , 9:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក ក្រុមកែច្នៃផលិតផលពីដើមទ្រាំងស្រុកឆែប
រូបភាពពីហ្វេសប៊ុក ក្រុមកែច្នៃផលិតផលពីដើមទ្រាំងស្រុកឆែប
 
ភ្នំពេញ៖ សហគ្រាសកែច្នៃដើមទ្រាំង គឺជាសហគ្រាសមួយនៅក្នុងស្រុកឆែបខេត្តព្រះវិហារ ដែលផលិត និងកែច្នៃ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ និងសម្ភារផ្ទះបាយពីដើមទ្រាំង។
ផលិតផលទាំងនោះរួមមាន ចង្កឹះ, ស្លាបព្រា, សម, វែក, ឈើច្រត់,ដាវ,កន្ត្រក់,កន្ទេល,កញ្ជើនិងស្មុគជាដើម។ ការកែច្នៃសម្ភារទាំងនេះ បានផ្ដល់ការងារ និងប្រាក់ចំណូល ដល់មនុស្សចាស់វ័យ៤០ទៅ៦០ឆ្នាំនៅក្នុងតំបន់នោះ ផ្គត់ផ្គង់ជីវភាព ក្រៅពីរបរធ្វើស្រែ។


ពលរដ្ឋចាស់ៗ ដែលមានវ័យចន្លោះ ៤០ឆ្នាំ ដល់៦០ឆ្នាំ ជាង២០នាក់ ដែលរស់នៅភូមិផ្សេងគ្នា នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ កំពុងតែមមាញឹក ក្នុងការផលិតសម្ភារប្រើប្រាស់ប្រចាំថ្ងៃពីដើមទ្រាំង ផ្គត់ផ្គត់ដល់សហគ្រាស កែច្នៃដើមទ្រាំងខេត្តព្រះវិហារ។ សហគ្រាសនេះ ត្រូវបានបង្កើតឡើងជិត៣ឆ្នាំមកហើយ ដោយអង្គការសហគមន៍ស្រុកឆែប។

លោក ម៉េន សុខហេង ជាបុគ្គលិកអង្គការសហគមន៍ស្រុកឆែប បានប្រាប់សារព័ត៌មាន Thmeythmey25 ថាសម្ភារកែច្នៃពីដើមទ្រាំងដែលពលរដ្ឋចំណាស់ៗផលិតដោយដៃផ្ទាល់នោះ ដូចជាចង្កឹះ,ស្លាបព្រា,សម,វែក,ឈើច្រត់,ដាវ,កន្ត្រក់,កន្ទេល,កញ្ជើ និងស្មុគជាដើម។

ក្រុមអ្នកផលិត្រូវបានបែងចែកជា៥ក្រុមទៅតាមភូមិនីមួយៗ គឺភូមិឆែបកើត ភូមិឆែបលិច ភូមិក្រសាំង ភូមិសង្កែ និងភូមិសាអែម នៃស្រុកឆែប ខេត្តព្រះវិហារ។ ហើយពួកកាត់ អាចធ្វើសម្ភារប្រើប្រាស់ទាំងនេះ នៅតាមផ្ទះរៀងៗខ្លួនបន្ទាប់ពីផលិតរួច ពួកគាត់អាចយកសម្ភារទាំងនោះ ទៅដាក់លក់ក្នុងតូប តាមក្រុមក្នុងភូមិនីមួយៗ។ នេះបើតាលោក ម៉េន សុខហេង ដែលបានបន្តទៀតថា នៅពេលដែលសហគ្រាសទទួលបានការបញ្ជារទិញច្រើន ពីអតិថិជន អង្គការសហគមន៍ស្រុកឆែបនឹងប្រជុំ បែងចែកចំនួនផលិត ទៅតាមក្រុមនីមួយៗ។
 
បុគ្គលិកអង្គការរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖«ក្នុងមួយថ្ងៃ ចំពោះមនុស្សម្នាក់ ពួកគាត់អាចរកបាន១-២ម៉ឺនរៀល។ ហើយគិតជាឆ្នាំ ក្នុងម្នាក់រកបានចន្លោះពី២លានរៀល ទៅ៤លានរៀល។ ក្នុងមួយថ្ងៃ ពេលរកបានប៉ុណ្ណឹងហើយ គាត់ម្នាក់ត្រូវបង់៥០០រៀលទៅសហគមន៍ សម្រាប់ការអភិរក្សព្រៃឈើ និងការអភិវឌ្ឍផ្សេងៗ ក្នុងសហគមន៍»។

ចំពោះតម្រូវការទីផ្សារក្នុងអំឡុងវិបត្តិកូវីដ-១៩ វិញ លោក ម៉េង សុខហេង បុគ្គលិកអង្គការសហគមន៍ស្រុកឆែប បានបញ្ជាក់ថា  សហគមន៍ ទទួលបានការបញ្ជាទិញច្រើនពីអតិថិជន។ កំណើនលក់បានច្រើនជាងមុន តែការផលិតនៅមានកម្រិតនៅឡើយ ដោយសារតែក្រុមអ្នកផលិត សុទ្ធតែមនុស្សចាស់ ដែលភ្នែកពួកគាត់ និងកម្លាំងក៏ខ្សោយ៕






Tag:
 ដើមទ្រាំង
  ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com